លោក ត្រាំ អញ្ជើញលោក ពូទីន ចូលរួមក្រុមប្រឹក្សាសន្តិភាព ទោះបីសង្គ្រាមអ៊ុយក្រែនមិនទាន់បញ្ចប់ក៏ដោយ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអញ្ជើញមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ឲ្យចូលរួមជាមួយ «ក្រុមប្រឹក្សាសន្តិភាព» របស់លោក ដែលបង្កើតឡើងមានគោលដោះស្រាយជម្លោះនានានៅលើពិភពលោក ក៏ដូចជាការត្រួតពិនិត្យអភិបាលកិច្ច និងការកសាងតំបន់ហ្គាហ្សាឡើងវិញក្រោយសង្គ្រាម ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទថា លោកប្រធានាធិបតី ពូទីន ក៏ទទួលបានការអញ្ជើញឱ្យចូលរួមជាមួយក្រុមប្រឹក្សាសន្តិភាពនេះដែរ ហើយយើងកំពុងសិក្សាព័ត៌មានលម្អិតទាំងអស់នៃសំណើនេះ ។

អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះបន្ថែមថា បច្ចុប្បន្ន រុស្ស៊ីកំពុងស្វែងរកការបកស្រាយលម្អិតបន្ថែមទៀតពីសហរដ្ឋអាមេរិក អំពីសំណើនេះ មុននឹងសម្រេចចិត្តថាតើលោក ពូទីន នឹងចូលរួមឬអត់ ។

ក្រៅពីលោក ពូទីន មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ ក៏បានអញ្ជើញប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ឌើ លូកាសិនកូ ជាអ្នកគាំទ្រសង្គ្រាមរបស់រុស្ស៊ីប្រឆាំងអ៊ុយក្រែន ឲ្យចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពនេះ រួមទាំងបណ្តាមេដឹកនាំពិភពលោកដទៃទៀតផងដែរ ។

សូមបញ្ជាក់ថា សេតវិមានបានប្រកាសពីការបង្កើតក្រុមប្រឹក្សាសន្តិភាពនេះ កាលពីថ្ងៃសុក្រចុងសប្ដាហ៍កន្លងទៅ ក្នុងគោលបំណងដើរតួនាទីយ៉ាងសំខាន់ ដើម្បីបំពេញផែនការទាំង ២០ចំណុច របស់លោកប្រធានាធិបតី ត្រាំ ។

ផែនការនេះបង្កើតឡើងសំដៅបញ្ចប់សង្គ្រាមរបស់អ៊ីស្រាអែល-ក្រុមហាម៉ាស់ជាអចិន្ត្រៃយ៍ និងកសាងតំបន់ហ្គាហ្សាឡើងវិញ ក៏ដូចជាផ្តល់ការត្រួតពិនិត្យជាយុទ្ធសាស្ត្រ ការកៀរគរធនធានអន្តរជាតិ និងធានាការទទួលខុសត្រូវ ខណៈដែលតំបន់ហ្គាហ្សាកំពុងចេញពីជម្លោះ ឆ្ពោះទៅសន្តិភាព និងការអភិវឌ្ឍ ៕

ប្រភព ៖ Aljazeera ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner