វៀតណាមព្រមធ្វើសមាជិកស្ថាបនិកក្រុមប្រឹក្សាសន្តិភាពនៅហ្គាហ្សា តាមការអញ្ជើញរបស់លោក ត្រាំ
ហាណូយ ៖ ប្រទេស វៀតណាម គ្រោងនឹងក្លាយជារដ្ឋសមាជិកស្ថាបនិក ក្រុមប្រឹក្សាសន្តិភាព នៅតំបន់ហ្គាហ្សា បន្ទាប់ពីរដ្ឋាភិបាលទីក្រុងហាណូយ បានយល់ព្រមទទួលយកការអញ្ជើញ របស់ប្រធានាធិបតីអាមេរិក លោក Donald Trump ឲ្យចូលរួម នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន VNexpress កាលពីថ្ងៃចន្ទ។
បើតាមប្រភព, លោក To Lam អគ្គលេខាបក្សកម្មុយនីស្តវៀតណាម បានសង្កត់ធ្ងន់ លើគោលជំហរដ៏ខ្ជាប់ខ្ជួន របស់វៀតណាម ក្នុងការគាំទ្រ និងរួមចំណែកយ៉ាងសកម្ម ដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់សហគមន៍អន្តរជាតិ ក្នុងការដោះស្រាយជម្លោះ និង វិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ជាមួយនឹងការគោរពសិទ្ធិជាមូលដ្ឋាន របស់ភាគីពាក់ព័ន្ធ។
លោក Trump បានផ្ញើលិខិតអញ្ជើញ ទៅជូនលោក To Lam នៅថ្ងៃទី ១៦ ខែមករា ដោយស្នើសុំប្រធានបក្សរូបនេះ និង ប្រទេសវៀតណាម ឱ្យចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព Gaza ក្នុងនាមជារដ្ឋសមាជិកស្ថាបនិក រួមជាមួយនឹងសហគមន៍អន្តរជាតិ ដើម្បីលើកកម្ពស់ដំណោះស្រាយប្រកបដោយនិរន្តរភាព និងសន្តិភាពចំពោះជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន នៅតំបន់មជ្ឈឹមបូព៌ា មួយនេះ។
នៅក្នុងសារឆ្លើយតប យល់ព្រមតាមការអញ្ជើញរបស់លោក ដូណាល់ ត្រាំ, លោក To Lam ក៏បានស្នើឱ្យវៀតណាម និងអាមេរិក បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍន៍បន្ថែមទៀត នូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ ប្រកបដោយខ្លឹមសារ និងប្រសិទ្ធភាព។ លោក អះអាងថា កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងភាគីទាំងពីរ រួមចំណែកជាវិជ្ជមាន ដល់សន្តិភាព និងការអភិវឌ្ឍ ក្នុងតំបន់ និង ពិភពលោក។
បើតាមសារព័ត៌មាន The Times of Israel, សហរដ្ឋអាមេរិកមានបំណងរៀបចំកិច្ចប្រជុំ របស់ក្រុមប្រឹក្សាសន្តិភាព ដែលមានបណ្តាប្រទេសធំៗចូលរួម មួយនេះ ជាលើកដំបូង នៅក្រៅវេទិកាសេដ្ឋកិច្ចពិភពលោក នាទីក្រុង Davos ប្រទេសស្វីស នាពេលឆាប់ៗនេះ៕

ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត