អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់អំពីការយកចិត្តទុកដាក់មើលថែទាំប្រជាពលរដ្ឋភៀសសឹកពីសំណាក់រាជរដ្ឋាភិបាល

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់អំពីការយកចិត្តទុកដាក់មើលថែទាំប្រជាពលរដ្ឋភៀសសឹកពីសំណាក់រាជរដ្ឋាភិបាល តាមរយៈអាជ្ញាធរមូលដ្ឋាន និងជំហររបស់កម្ពុជាក្នុងការការពារបូរណភាពទឹកដី។

អ្នកនាំពាក្យរាជរដ្ឋាភិបាលគិតមកទល់ពេលនេះ មានពលរដ្ឋភៀសសឹកជាង៥សែន១ម៉ឺននាក់ហើយ ដែលបានវិលត្រឡប់ទៅលំនៅឋានវិញ ហើយក្នុងចំណោមជនភៀសសឹកសរុបជាង ៦៤ម៉ឺននាក់។ ដូច្នេះ មានពលរដ្ឋភៀសសឹកជាង១៣ម៉ឺននាក់ទៀត ដែលកំពុងបន្តស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពនៅឡើយ ហើយអាជ្ញាធរកំពុងសម្របសម្រួលដើម្បីឱ្យពួកគេវិលទៅកាន់ភូមិឋានរបស់ខ្លួនវិញជាបន្តបន្ទាប់ក្រោមការយកចិត្តទុកដាក់ខ្ពស់ដល់ជីវភាព សុវត្ថិភាព និងសុខុមាលភាពរបស់ពួកគេ។ ចំណែកឯសាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព និងស្ថាប័នផ្តល់សេវាសាធារណៈជាច្រើនក៏បានបើកដំណើរការឡើងវិញដែរ។

តើប្រជាពលរដ្ឋភៀសសឹកដែលស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពទទួលបានការយកចិត្តទុកដាក់បែបណាខ្លះពីសំណាក់រាជរដ្ឋាភិបាលតាមរយៈអាជ្ញាធរមូលដ្ឋាន?

អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបន្តថា ពលរដ្ឋភៀសសឹកដែលស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពទទួលបានការយកចិត្តទុកដាក់គ្រប់បែបយ៉ាងពីសំណាក់រាជរដ្ឋាភិបាលតាមរយៈអាជ្ញាធរខេត្តនីមួយៗ។ ពលរដ្ឋភៀសសឹកទាំងអស់ត្រូវបានផ្តល់ជូននូវជម្រក ឬតង់សម្រាប់ការស្នាក់នៅ ការការពារសន្តិសុខ សុវត្ថិភាព ការផ្គត់ផ្គង់ស្បៀងអាហារ (ដូចជា អង្ករ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីងៀត សាច់ក្រក ជាដើម) ព្រមទាំងទឹកស្អាតសម្រាប់ទទួលទាន និងប្រើប្រាស់ប្រចាំថ្ងៃ ភ្លើងអគ្គិសនី បន្ទប់ទឹក បង្គន់អនាម័យ និងសេវាសុខាភិបាលនៅនឹងកន្លែង។ គ្រឿងឧបភោគបរិភោគ និងសេវាទាំងអស់នេះ ត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃ ក្រោមការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល និងមានការចូលរួមពីសំណាក់អាជ្ញាធរខេត្ត បណ្តាប្រទេសជាមិត្ត វិស័យឯកជន និងសប្បុរសជនពីគ្រប់ទិសទី។

លើសពីនេះ ក្នុងមណ្ឌលសុវត្ថិភាព ក៏មានទាំងការផ្តល់ជូននូវសេវាអប់រំសម្រាប់កុមារតាមរយៈការរៀបចំថ្នាក់រៀនបណ្តោះអាសន្ននៅក្នុងមណ្ឌល។ កម្មវិធីអប់រំផ្លូវចិត្តតាមរយៈព្រះពុទ្ធសាសនាក៏ត្រូវបានគិតគូរ និងផ្តល់ជូនផងដែរ ជាពិសេសសម្រាប់មនុស្សវ័យចំណាស់។ ក្រោមគំនិតផ្តួចផ្តួមពីសំណាក់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សួនបន្លែក្នុងមណ្ឌលភៀសសឹកក៏ត្រូវបានបង្កើតឡើងដើម្បីឱ្យពលរដ្ឋភៀសសឹកដាំបន្លែសម្រាប់ប្រើប្រាស់ក្នុងមណ្ឌលថែមទៀតផង៕
ដោយ៖ពលជ័យ

ads banner