អាមេរិក អញ្ជើញ ចិន ចូលរួមក្រុមប្រឹក្សាសន្តិភាព
ប៉េកាំង ៖ ប្រទេស ចិន បានបញ្ជាក់អំពីការអញ្ជើញ ឲ្យចូលរួមនៅក្នុង ‘ក្រុមប្រឹក្សាសន្តិភាព’ របស់ លោក Donald Trump។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន RT។
ក្រសួងការបរទេស របស់រដ្ឋាភិបាលទីក្រុងប៉េកាំង បានបញ្ជាក់ កាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកបានអញ្ជើញប្រទេសចិន ឱ្យក្លាយជាសមាជិក នៃ “ក្រុមប្រឹក្សាសន្តិភាព” ដែលស្នើឡើងដោយប្រធានាធិបតី Donald Trump ដើម្បីត្រួតពិនិត្យអភិបាលកិច្ចក្រោយសង្គ្រាម និងការកសាងឡើងវិញ នូវតំបន់ហ្គាហ្សា។
អ្នកនាំពាក្យក្រសួង លោក Guo Jiakun បានបញ្ជាក់ ក្នុងអំឡុងសន្និសីទខ្លីមួយថា «ទីក្រុងប៉េកាំងបានទទួលការអញ្ជើញ របស់សហរដ្ឋអាមេរិកហើយ»។ ប៉ុន្តែ លោកមិនបានបញ្ជាក់ថា តើក្រុងប៉េកាំងនឹងទទួលយកសមាជិកភាពនេះ ឬ អត់នោះទេ ដោយគ្រាន់តែនិយាយថា «កិច្ចសហប្រតិបត្តិការរវាងចិន និងអាមេរិកផ្តល់ប្រយោជន៍ដល់ភាគីទាំងសងខាង ខណៈការប្រឈមមុខដាក់គ្នាធ្វើឲ្យប៉ះពាល់ទាំងសងខាង»។
អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា «ក្នុងរយៈពេល មួយឆ្នាំកន្លងទៅ ទំនាក់ទំនងចិន-អាមេរិកបានជួបប្រទះនឹងការធ្លាក់ចុះ ប៉ុន្តែ បានរក្សាស្ថិរភាពជារួម»។
បើតាម RT, លោក Trump បានបង្កើតគំនិត នៃស្ថាប័នថ្មីមួយ ដែលលោកនឹងធ្វើជាប្រធានខ្លួនឯង កាលពីចុងឆ្នាំមុន បន្ទាប់ពីបទឈប់បាញ់ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក។
គំនិតផ្តួចផ្តើមនេះ រំពឹងថា នឹងមានក្រុមប្រឹក្សាអន្តរជាតិមួយ ដើម្បីគ្រប់គ្រងការផ្តល់មូលនិធិ សន្តិសុខ និងការសម្របសម្រួលនយោបាយ នៅហ្គាហ្សា។ ក្រុមប្រឹក្សាសន្តិភាព អាចនឹងត្រូវពង្រីក នៅពេលក្រោយ ដើម្បីដោះស្រាយជម្លោះផ្សេងៗ ជុំវិញពិភពលោក។
សេតវិមាន បានស្នើឱ្យចូលរួមជាមួយមេដឹកនាំពិភពលោក រាប់សិបនាក់ ហើយ ប្រទេសទាំងនោះ នឹងត្រូវផ្តល់សមាជិកភាព រយៈពេល បីឆ្នាំ និង ជម្រើសមួយ ក្នុងការបង់ប្រាក់ចំនួន ១ពាន់លានដុល្លារ សម្រាប់កៅអីអចិន្ត្រៃយ៍៕
ប្រភពពី RT ប្រែសម្រួល ៖ សារ៉ាត
