ចិន ច្រានចោលការប្រជែងដណ្តើមកោះ Greenland ជាមួយ សហរដ្ឋអាមេរិក
ប៉េកាំង ៖ ប្រទេសចិន កាលពីថ្ងៃពុធ បានចេញមុខច្រានចោលមហិច្ឆតាដណ្តើមយកកោះ Greenland ជាមួយសហរដ្ឋអាមេរិក និងបានបដិសេធពាក្យចចាមអារាម ដែលថា ទីក្រុងប៉េកាំងនឹងចូលទៅប្រកួតប្រជែង ដើម្បីមានឥទ្ធិពលនៅលោកខាងលិច ខណៈដែលទីក្រុងវ៉ាស៊ីនតោនប៉ុន់ប៉ងលេបយកកោះយុទ្ធសាស្រ្តមួយនេះ ។
នៅពេលត្រូវបានសួរ ថាតើចិនសាទរភាពច្របូកច្របល់ ជុំវិញបញ្ហាកោះ Greenland ដែរឬទេ? អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានប្រាប់អ្នកសារព័ត៌មានច្បាស់ៗថា ចិនគ្មានបំណងប្រកួតប្រជែង ដើម្បីមានឥទ្ធិពលជាមួយប្រទេសណាមួយទេ ហើយចិនក៏នឹងគ្មានថ្ងៃធ្វើដូច្នេះដែរ ។
ជាមួយគ្នានេះ លោក Guo ក៏បានសង្កត់ធ្ងន់ផងដែរថា ចិននឹងចូលរួមក្នុងការផ្លាស់ប្តូរប្រកបដោយភាពអំណោយផល ជាមួយប្រជាជាតិទាំងអស់ ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក និងសមភាព ហើយចិននៅតែប្តេជ្ញាចិត្ត ក្នុងការធ្វើជាកម្លាំងប្រកបដោយភាពវិជ្ជមាន ស្ថិរភាព និងស្ថាបនា ។
ការអះអាងរបស់ប្រទេសចិន ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការលើកឡើងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលធ្លាប់បានអះអាងថា បើសិនទីក្រុងវ៉ាស៊ីនតោនមិនគ្រប់គ្រងកោះ Greenland ទេ នោះកោះមួយនេះ នឹងធ្លាក់ទៅក្នុងកណ្តប់ដៃរបស់រុស្ស៊ី ឬក៏ចិននៅពេលណាមួយ ។
យ៉ាងណាមិញ មហិច្ឆតារបស់លោកប្រធានាធិបតី ត្រាំ ក្នុងការដណ្តើមគ្រប់គ្រងលើអធិបតេយ្យភាពដែនដី Greenland ពីប្រទេសដាណឺម៉ាក បានធ្វើឲ្យសមាជិកអង្គការណាតូរង្គោះរង្គើ និងបានជំរុញឲ្យមានការពិចារណាឡើងវិញ អំពីការពឹងផ្អែកជាប្រពៃណីលើសហរដ្ឋអាមេរិក ជុំវិញបញ្ហាសន្តិសុខ ។
ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា


