អាមេរិកអញ្ជើញកម្ពុជាចូលរួមបង្កើតក្រុមប្រឹក្សាសន្តិភាព
លោកប្រធានាធិបតីសហរដ្ឋអាមេរិក បានផ្ញើសារលិខិតផ្លូវការមួយច្បាប់ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីអញ្ជើញកម្ពុជាចូលរួមជារដ្ឋសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព និងជាភាគីនៃធម្មនុញ្ញរបស់ក្រុមប្រឹក្សាសន្តិភាព។ លោក ដូណាល់ ត្រាំ ទើបបានផ្តួចផ្តើមគំនិតបង្កើតស្ថាប័នអន្តរជាតិនេះឡើង ដើម្បីលើកកម្ពស់សន្តិភាពយូរអង្វែងនៅមជ្ឈឹមបូព៌ា និងដោះស្រាយជម្លោះនៅកម្រិតពិភពលោក។
នៅក្នុងលិខិតផ្សព្វផ្សាយកាលយប់ថ្ងៃទី២១ មករាដោយសម្តេចធិបតី លោក ដូណាល់ ត្រាំ បានរំលឹកថា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ លោកបានប្រកាស “ផែនការសម្របសម្រួលដ៏ទូលំទូលាយ ដើម្បីបញ្ចប់ជម្លោះនៅហ្គាហ្សា” ដែលជាផែនទីចង្អុលផ្លូវមាន ២០ចំណុច ហើយបានទទួលការគាំទ្រយ៉ាងឆាប់រហ័សពីមេដឹកនាំពិភពលោក រួមទាំងប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលពីពិភពអារ៉ាប់ អ៊ីស្រាអែល និងអឺរ៉ុប។ លោកប្រធានាធិបតីបានបន្ថែមថា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេចមួយ ដើម្បីស្វាគមន៍ និងគាំទ្រផែនការនេះ។
យោងតាមលោកត្រាំ ចំណុចសំខាន់នៃផែនការនេះ គឺការបង្កើត “ក្រុមប្រឹក្សាសន្តិភាព” (The Board of Peace) ដែលលោកចាត់ទុកជាស្ថាប័នដ៏អស្ចារ្យ និងមានឥទ្ធិពលខ្លាំងបំផុតមិនធ្លាប់មានពីមុនមក ហើយវានឹងក្លាយទៅជាអង្គការអន្តរជាតិថ្មីមួយ និងជារដ្ឋបាលអន្តរកាលមួយសម្រាប់ការគ្រប់គ្រង។
ក្នុងនាមជាប្រធានក្រុមប្រឹក្សានេះ លោកប្រធានាធិបតី ត្រាំ បានអញ្ជើញកម្ពុជាជាផ្លូវការឱ្យចូលរួមនៅក្នុងគម្រោងប្រកបដោយមហិច្ឆតានេះ។ លោកបានគូសបញ្ជាក់ពីការខិតខំប្រឹងប្រែងប្រមូលផ្តុំប្រទេសទាំងឡាយ ដែលចង់ចែករំលែកការទទួលខុសត្រូវក្នុងការបង្កើតសន្តិភាពយូរអង្វែង និងវិនិយោគយ៉ាងឆ្លាតវៃក្នុងអនាគតដែលមានសុវត្ថិភាព និងសេចក្តីរុងរឿង សម្រាប់មនុស្សជំនាន់ក្រោយ។
លោក ត្រាំ បញ្ជាក់ថា រដ្ឋសមាជិកនីមួយៗអាចតែងតាំងតំណាងម្នាក់ ដើម្បីចូលរួមក្នុងកិច្ចប្រជុំនានារបស់ក្រុមប្រឹក្សា។ លោករំពឹងថានឹងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយសម្តេចធិបតី និងប្រទេសកម្ពុជា ក្នុងការស្វែងរកសន្តិភាពយូរអង្វែង វិបុលភាព និងស្ថិរភាពពិភពលោក។ ប៉ុន្តែរហូតមកទល់ពេលនេះ កម្ពុជាមិនទាន់បានឆ្លើយតបជាសាធារណៈចំពោះសំណើរបស់លោក ត្រាំ នៅឡើយទេ។
សូមបញ្ជាក់ថា សេតវិមានបានអញ្ជើញប្រទេសប្រហែល៦០ចូលរួមក្នុង «ក្រុមប្រឹក្សាសន្តិភាព»។ ប្រទេសមួយចំនួនបានប្រកាសចូលរួមរួចហើយ ដូចជា អារ៉ាប៊ីសាអូឌីត តួកគី អេហ្ស៊ីប ហ្ស៊កដានី ឥណ្ឌូណេស៊ី វៀតណាម ប៉ាគីស្ថាន និងកាតា។ សមាជិកភាពក្នុងក្រុមប្រឹក្សាសន្តិភាពមានអាណត្តិ ៣ ឆ្នាំ ប៉ុន្តែប្រទេសដែលចង់បានកៅអីអចិន្រ្តៃយ៍ត្រូវបង់ប្រាក់យ៉ាងតិច ១ ពាន់លានដុល្លារនៅឆ្នាំទី១។
ថ្វីបើគោលបំណងដំបូងនៃគម្រោងនេះ គឺជួយដោះស្រាយជម្លោះរវាងអ៊ីស្រាអែល និងហាម៉ាស នៅតំបន់ហ្គាហ្សា និងត្រួតពិនិត្យការស្តារឡើងវិញក្រោយសង្គ្រាម ប៉ុន្តែមានការសន្និដ្ឋានថា អាមេរិកចង់ឲ្យស្ថាប័នថ្មីនេះបំពេញតួនាទីកាន់តែធំក្នុងការថែរក្សាសន្តិភាពពិភពលោក ដោយកាត់បន្ថយឥទ្ធិពលរបស់អង្គការសហប្រជាជាតិ ឬដើរតួជំនួសអង្គការសហប្រជាជាតិតែម្តង៕