ជនបរទេសអាចសុំចូលសញ្ជាតិខ្មែរបាន បើធ្វើអំណោយចាប់ពី៣លានដុល្លារ ឬវិនិយោគចាប់ពី១លានដុល្លារ

ជនបរទេសណា ដែលបានធ្វើអំណោយដល់ថវិកាជាតិចាប់ពី៣លានដុល្លារអាមេរិកឡើងទៅ ឬវិនិយោគនៅកម្ពុជាចាប់ពី១លានដុល្លារអាមេរិកឡើង ទៅអាចដាក់ពាក្យស្នើសុំចូលសញ្ជាតិខ្មែរបាន។

នៅក្នុងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីសញ្ជាតិ ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ថា ជនបរទេសណាដែលបានធ្វើអំណោយជាសាច់ប្រាក់ផ្ទាល់ខ្លួនដល់ថវិកាជាតិចាប់ពី ១២ប៊ីលានរៀល ឬ ៣លានដុល្លារអាមេរិកឡើងទៅ សម្រាប់ជាផលប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឬវិស័យមនុស្សធម៌នៅព្រះរាជាណាចក្រកម្ពុជា ជនបរទេសនោះអាចដាក់ពាក្យស្នើសុំចូលសញ្ជាតិខ្មែរបាន។ ចំពោះលក្ខខណ្ឌវិញ អំណោយជាសាច់ប្រាក់ផ្ទាល់ខ្លួនត្រូវមានប្រភពច្បាស់លាស់ និងស្របច្បាប់ ហើយត្រូវបង់ចូលថវិកាជាតិតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្រៅពីនេះ សញ្ជាតិខ្មែរអាចត្រូវទទួលបានតាមរយៈអាពាហ៍ពិពាហ៍ជាមួយពលរដ្ឋខ្មែរ ឬការវិនិយោគ។ មាត្រា ២៩នៃអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីសញ្ជាតិចែងថា ជនបរទេសណាដែលបានទទួលការអនុញ្ញាតឱ្យវិនិយោគត្រឹមត្រូវតាមច្បាប់ ពីស្ថាប័នមានសមត្ថកិច្ច ស្របតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល អាចដាក់ពាក្យស្នើសុំចូលសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្មបាន តាមមាត្រា២១នៃច្បាប់ស្តីពីសញ្ជាតិ ប្រសិនបើជនបរទេសនោះចំណាយទុនផ្ទាល់ខ្លួនអនុវត្តគម្រោងវិនិយោគជាក់ស្តែងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពី ៤ប៊ីលានរៀល ឬ១លានដុល្លារអាមេរិកឡើងទៅ។

ការវិនិយោគនោះត្រូវស្ថិតនៅក្នុងវិស័យអាទិភាពដូចជា ៖ កសិកម្ម, កសិឧស្សាហកម្ម, ឧស្សាហកម្មកែច្នៃ, សហគ្រាសកម្មន្តសាល, ទេសចរណ៍, ឧស្សាហកម្មឌីជីថល, ឧស្សាហកម្មដែលមានបច្ចេកវិទ្យាខ្ពស់ប្រកបដោយនវានុវត្តន៍ និងការស្រាវជ្រាវនិងអភិវឌ្ឍន៍, ឬសហគ្រាសធុនតូច និងមធ្យម ជាដើម។ ក្រៅពីនេះ វិស័យអាទិភាពក៏គ្របដណ្តប់លើប្រភេទឧស្សាហកម្មបម្រើឱ្យខ្សែច្រវាក់ផលិតកម្មតំបន់ និងសកលលោក, វិស័យធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យម ព្រមទាំងវិស័យលំនៅឋានមានតម្លៃសមរម្យ ឬលំនៅឋានតាមតំបន់ដែលរាជរដ្ឋាភិបាលចាត់ទុកជាអាទិភាព។

អនុក្រឹត្យខាងលើក៏បានបញ្ជាក់ផងដែរថា ទុនអនុវត្តគម្រោងវិនិយោគ វិស័យអាទិភាព ប្រភេទគម្រោងវិនិយោគ និងលក្ខខណ្ឌផ្សេងទៀតក្នុងការវិនិយោគជាក់ស្ដែង សម្រាប់ជនបរទេសជាអ្នកវិនិយោគ ដែលស្នើសុំចូលសញ្ជាតិខ្មែរ ត្រូវពិនិត្យវាយតម្លៃដោយក្រសួងមហាផ្ទៃ។ ក្នុងករណីចាំបាច់ ក្រសួងមហាផ្ទៃអាចពិគ្រោះយោបល់ជាមួយ ក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យ និងសម្រេច។ ចំណុចសំខាន់មួយទៀតនោះ គឺទុនវិនិយោគផ្ទាល់ខ្លួនត្រូវមានប្រភពច្បាស់លាស់ និងស្របច្បាប់។

សូមបញ្ជាក់ផងដែរថា ជនបរទេសដែលមានគុណសម្បត្តិពិសេស ឬថ្វីដៃពិសេសអ្វីមួយ ជាប្រយោជន៍ដល់ព្រះរាជាណាចក្រកម្ពុជា និងត្រូវបានទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជា ក៏អាចដាក់ពាក្យស្នើសុំចូលសញ្ជាតិខ្មែរផងដែរ៕

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner