អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ លិខិតអញ្ជើញផ្លូវការរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ឱ្យកម្ពុជាចូលជារដ្ឋសមាជិកស្ថាបនិក និងជាភាគីនៃធម្មនុញ្ញរបស់ក្រុមប្រឹក្សាសន្តិភាព គឺជាកិត្តិយសដ៏ធំធេងមួយសម្រាប់កម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់អំពីគុណតម្លៃនៃសន្តិភាពដែលកម្ពុជាខិតខំការពារធ្វើឱ្យពិភពលោកនឹកឃើញដល់កម្ពុជាពេលនិយាយពីសន្តិភាព។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលការអញ្ជើញជាផ្លូវការពីឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិកឱ្យកម្ពុជាចូលជារដ្ឋសមាជិកស្ថាបនិក និងជាភាគីនៃធម្មនុញ្ញរបស់ក្រុមប្រឹក្សាសន្តិភាព។ ក្នុងលិខិតចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ បានគូសបញ្ជាក់ថា គឺជាកិត្តិយសសម្រាប់ឯកឧត្តមក្នុងការអញ្ជើញសម្តេចធិបតី ក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជាចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងដ៏អស្ចារ្យនិងជាប្រវត្តិសាស្ត្រដើម្បីសន្តិភាព។ ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ បានគូសបញ្ជាក់ទៀតថា ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមប្រឹក្សាសន្តិភាព ឯកឧត្តមសូមអញ្ជើញជាផ្លូវការព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព និងជាភាគីនៃធម្មនុញ្ញរបស់ក្រុមប្រឹក្សាសន្តិភាពដែលមានរូបសម្តេចធិបតីផ្ទាល់ជាតំណាង។

ត្រង់ចំណុចនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមកត់សម្គាល់ថា លិខិតអញ្ជើញផ្លូវការរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ឱ្យកម្ពុជាចូលជារដ្ឋសមាជិកស្ថាបនិក និងជាភាគីនៃធម្មនុញ្ញរបស់ក្រុមប្រឹក្សាសន្តិភាព គឺជាកិត្តិយសដ៏ធំធេងមួយសម្រាប់កម្ពុជា នៅត្រង់ថា ទោះបីជាកម្ពុជា គឺជាប្រទេសតូចក៏ពិតមែន ប៉ុន្តែពិភពលោកនឹកឃើញកម្ពុជាភ្លាមនៅពេលដែលគេនិយាយពីសន្តិភាព។ នេះសបញ្ជាក់អំពីគុណតម្លៃនៃសន្តិភាពដែលថ្នាក់ដឹកនាំរបស់កម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងជាស្ថាបនិក និងប្រតិបត្តិករសន្តិភាព និងឥស្សរជនរៀមច្បងផ្សេងទៀតបានតស៊ូ និងលះបង់យ៉ាងខ្ពស់បំផុត ដើម្បីទទួលបានសន្តិភាពពេញលេញសម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន គឺជាអ្នកបន្តឈរការពារយ៉ាងប្តូរផ្តាច់នូវសន្តិភាព និងចាត់ទុកជាអាទិភាពចម្បងមួយរបស់រាជរដ្ឋាភិបាល។

អ្នកនាំពាក្យបញ្ជាក់ទៀតថា សន្តិភាពត្រូវបានថ្នាក់ដឹកនាំកម្ពុជាតែងតែទន្ទេញជាប់មាត់។ ពាក្យថា «អរគុណសន្តិភាព» ត្រូវបានដាក់បង្ហាញនៅគ្រប់ទិសទីដើម្បីជាការដឹងគុណ ជាការចងចាំ និងការចូលរួមថែរក្សាការពារ ខណៈដែលស្មារតីស្រឡាញ់សន្តិភាពបានចាក់ឬសកាន់តែជ្រៅទៅក្នុងក្រអៅបេះដូងប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស។ សន្តិភាពមិនត្រឹមតែត្រូវបានចាត់ទុក ថាមានសារៈសំខាន់សម្រាប់ប្រទេសជាតិនិងប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះទេ ក៏ប៉ុន្តែ ថ្នាក់ដឹកនាំកម្ពុជាបានចាត់ទុកសន្តិភាព គឺជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានសម្រាប់ស្ថិរភាពក្នុងតំបន់ និងក្នុងពិភពលោកទាំងមូល។

ក្នុងន័យនេះហើយ ដែលថ្នាក់ដឹកនាំកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត តែងតែចែករម្លែកអំពីទស្សនទានសន្តិភាព និងនយោបាយឈ្នះ-ឈ្នះ ដល់ពិភពលោកតាមរយៈវេទិកាអន្តរជាតិជាច្រើន ក្នុងរយៈពេលជិត៣ទសវត្សរ៍ចុងក្រោយនេះ។ នេះគឺជាហេតុផលដែលធ្វើឱ្យសន្តិភាពក្លាយជាអត្តសញ្ញាណរបស់កម្ពុជា ក្នុងសម័យទំនើបនេះដោយមិនអាចប្រកែកបាន។ កិច្ចខិតខំប្រឹងប្រែងនិងការលះបង់របស់ថ្នាក់ដឹកនាំកម្ពុជាដើម្បីសន្តិភាព និងការពារអាយុជីវិតរបស់ប្រជាជនកម្ពុជាត្រូវបានពិភពលោកទទួលស្គាល់យ៉ាងទូលំទូលាយ។

ចុងក្រោយនេះ នៅពេលដែលកម្ពុជាទទួលរងការវាយប្រហារប្រដាប់អាវុធដោយបំពានមកលើដែនអធិបតេយ្យភាពរបស់ខ្លួនពីសំណាក់កងទាហានថៃ ស្មារតីសន្តិភាពបានផុសត្រឡែតឡើងពីសំណាក់ថ្នាក់ដឹកនាំកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទី។ ពាក្យថា «កម្ពុជាត្រូវការសន្តិភាព» (Cambodia Needs Peace) បានលាន់លឺនៅគ្រប់ទិសទី និងបានទាក់ទាញចំណាប់អារម្មណ៍មេដឹកនាំពិភពលោក ឱ្យចោលក្រសែភ្នែកមកមើលប្រទេសដ៏តូចមួយនេះដែលកំពុងឈរការពារបុព្វហេតុសន្តិភាពយ៉ាងសកម្ម។

ជាលទ្ធផល កិច្ចព្រមព្រៀងឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡំពួរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលផ្តល់កំណើតដល់បទឈប់បាញ់ជាលើកទី២ សុទ្ធសឹងតែជាផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងក្នុងស្មារតីស្រឡាញ់ និងការពារសន្តិភាពរបស់ថ្នាក់ដឹកនាំកម្ពុជា ក្រោមការជួយជ្រោមជ្រែងពីសហគមន៍អន្តរជាតិជាពិសេសសហរដ្ឋអាម៉េរិក សាធារណរដ្ឋប្រជាមានិតចិន និងម៉ាឡេស៊ី ក្នុងនាមប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៥៕
ដោយ៖ពលជ័យ

ads banner