អាមេរិក បញ្ជូននាវាចម្បាំងខ្នាតយក្សទៅកាន់ អ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ និយាយកាលពីថ្ងៃព្រហស្បតិ៍ថា នាវាចម្បាំងខ្នាតយក្សរបស់សហរដ្ឋអាមេរិកកំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសអ៊ីរ៉ង់ ។

បើតាម CNA, នាវាចម្បាំងដែលអាមេរិកបញ្ជូនទៅកាន់ប្រទេសអ៊ីរ៉ង់ មានឈ្មោះ USS Abraham Lincoln ។ វាជានាវាផ្ទុកយន្ដហោះចម្បាំងខ្នាតយក្សដើរដោយថាមពលនុយក្លេអ៊ែរ មានប្រវែង ៣៣៣ ម៉ែត្រ និងអាចផ្ទុកយន្តហោះចម្បាំងបានប្រមាណពី ៧០ ទៅ ៩០ គ្រឿង ។

ក្នុងដំណើរឆ្ពោះទៅកាន់ប្រទេសអ៊ីរ៉ង់, នាវាចម្បាំង USS Abraham Lincoln ត្រូវបានអមដំណើរដោយនាវាពិឃាដប្រដាប់ដោយមីស៊ីលជាច្រើនគ្រឿង ខណៈប្រព័ន្ធការពារដែនអាកាសក៏ត្រូវបានបញ្ជូនទៅ ដើម្បីត្រៀមទប់ទល់នឹងការវាយប្រហារណាមួយពីសំណាក់អ៊ីរ៉ង់ មកលើមូលដ្ឋានទ័ពអាមេរិកនៅក្នុងតំបន់ ។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅលើយន្ដហោះ Air Force One ក្នុងដំណើរវិលត្រឡប់ ទៅកាន់សហរដ្ឋអាមេរិក បន្ទាប់ពីចូលរួមវេទិការសេដ្ឋកិច្ចពិភពលោកនៅស្វីស, លោក ត្រាំ និយាយថា នាវាចម្បាំងជាច្រើនគ្រឿង កំពុងធ្វើដំណើរ ក្នុងទិសដៅឆ្ពោះទៅអ៊ីរ៉ង់ ដើម្បីព្រមានទីក្រុងតេហេរ៉ង់កុំឲ្យបន្តសម្លាប់បាតុករ និងចាប់ផ្ដើមកម្មវិធីនុយក្លេអ៊ែរ របស់ខ្លួនឡើងវិញ ។

លោកថា សហរដ្ឋអាមេរិកអាចនឹងចាត់វិធានការដូចការវាយប្រហារលើកមុន ប្រសិនបើទីក្រុងតេហេរ៉ង់ នៅតែប្រព្រឹត្តសកម្មភាពដដែលៗនេះ ។

ការបញ្ជូននាវាចម្បាំង USS Abraham Lincoln កើតមានឡើង បន្ទាប់ពីភាពតានតឹងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក កាន់តែពុះកញ្ជ្រោលឡើង ក្រោយការបង្ក្រាបយ៉ាងធ្ងន់ធ្ងរទៅលើបាតុករនៅទូទាំងប្រទេសអ៊ីរ៉ង់ ក្នុងរយៈពេលថ្មីៗនេះ ។

ក្រុមសិទ្ធិមនុស្ស HRANA ដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិកនិយាយថា អំឡុងបាតុកម្ម នៅអ៊ីរ៉ង់ ចាប់តាំងពីចុងខែធ្នូ មកដល់ពេលនេះ, មានមនុស្សស្លាប់ ចំនួន ៤ ពាន់ ៥១៩ នាក់ ខណៈដែលមានការសង្ស័យថា មនុស្សស្លាប់សរុបអាចមានដល់ ១ ម៉ឺននាក់ឯណោះ ៕

ប្រភពពី CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner