កាណាដាគាំទ្រកម្ពុជាចំពោះការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅចុងឆ្នាំ២០២៦
ប្រទេសកាណាដាផ្តល់ការគាំទ្រពេញទំហឹងដល់កម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នាខែវិច្ឆិកា ឆ្នាំ២០២៦ នៅខេត្តសៀមរាប។
ការសន្យាគាំទ្រនេះធ្វើឡើងដោយឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា ដែលទើបទទួលបានការតែងតាំងថ្មី លោក Christian DesRoches ក្នុងឱកាសចូលជួបសំដែងការគួសម ជាមួយឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា កាលពីថ្ងៃទី២២ ខែមករា។
ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈ អំពីការពង្រឹងទំនាក់ទំនងកម្ពុជា-កាណាដា ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដើម្បីផលប្រយោជន៍រួមទៅវិញទៅមកនៃប្រទេស និងប្រជាជនទាំងពីរ ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់ដោយការពេញចិត្តនូវសន្ទុះកើនឡើងនៃទំនាក់ទំនងទ្វេភាគី និងការដំឡើងកម្រិតពីស្ថានតំណាងរបស់ប្រទេសកាណាដា ទៅជាស្ថានទូតពេញលេញនៅទីក្រុងភ្នំពេញ ការបើកស្ថានកុងស៊ុលកិត្តិយសនៅរខេត្តសៀមរាប កំណើនពាណិជ្ជកម្មទ្វេភាគី ព្រមទាំងការផ្លាស់ប្តូរគណៈប្រតិភូធុរកិច្ចនាពេលថ្មីៗនេះ ។
ប្រមុខការទូតកម្ពុជាក៏បានស្វាគមន៍ភាពជោគជ័យនៃកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទីមួយ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ដែលបានធ្វើឡើងនៅទីក្រុងអូតាវ៉ា កាលពីឆ្នាំ២០២៤ និងទន្ទឹងរង់ចាំរៀបចំកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទីពីរ នៅទីក្រុងភ្នំពេញ នៅខែកុម្ភៈ ខាងមុខ។
កិច្ចពិគ្រោះយោបល់នេះនឹងរិះរកមធ្យោបាយថ្មីៗបន្ថែមទៀត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ ការដោះមីន កិច្ចការកុងស៊ុល ទេសចរណ៍ និងការត្រៀមរៀបចំកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី គឺជាជំនួបរវាងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ដែលជាសមាជិកអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង (OIF) ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់លើបញ្ហាផ្សេងៗដូចជា នយោបាយអន្តរជាតិ សេដ្ឋកិច្ចពិភពលោក កិច្ចសហប្រតិបត្តិការហ្វ្រង់កូហ្វូនី សិទ្ធិមនុស្ស អប់រំ វប្បធម៌ និងប្រជាធិបតេយ្យ ជាដើម។
កម្ពុជានឹងរំពឹងថា នឹងមានការចូលរួមពីប្រទេសសមាជិកជាង៩០ប្រទេស នៅលើពិភពលោក ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ ដែលនឹងជួយជំរុញការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក និងលើកកម្ពស់កិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិផងដែរផងដែរ៕
អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ សួង ពិសិដ្ឋ





