វិទ្យាស្ថានជាតិអធិការកិច្ច បិទវគ្គបណ្តុះបណ្តាលជំនាញអធិការកិច្ចជំនាន់ទី៧
ភ្នំពេញ៖ វិទ្យាស្ថានជាតិអធិការកិច្ចបានប្រារព្ធពិធីបិទវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈអធិការកិច្ចជំនាន់ទី៧ វគ្គ៤ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងធិការកិច្ចកិច្ច។ វគ្គនេះមានសិក្ខាកាមចូលរួមសរុបចំនួន៥២នាក់ មកពីស្ថាប័នរដ្ឋសភា និងក្រសួងថ្នាក់ជាតិ ក្នុងនោះក៏មានថ្នាក់ការិយាល័យ ខុទ្ទកាល័យ និងព្រះរាជអាជ្ញាផងដែរ។
យើងតាមលោកស្រី ហៀក គឹមសុង នាយិការងវិទ្យាស្ថានជាតិអធិការកិច្ច វគ្គបណ្តុះបណ្តាលនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំនៃក្រសួងអធិការកិច្ច ដើម្បីចូលរួមផ្តល់និងបង្កើនសមត្ថភាពវិជ្ជាជីវៈអធិការកិច្ចដល់មន្ត្រីគ្រប់ផ្នែក គ្រប់ថ្នាក់ និងពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ការទទួលខុសត្រូវ ភាពថ្លៃថ្នូរ ប្រកបដោយសុចរិតភាព។
ប្រធានបទយកមកបណ្តុះបណ្តាល ផ្តោតជាសំខាន់ចំនួន ៧ ៖
១. ទិដ្ឋភាពទូទៅនៃការងារអធិការកិច្ច,
២. យុទ្ធសាស្ត្របញ្ចកោណ,
៣. អធិការកិច្ចផ្អែកលើហានិភ័យ,
៤. ស្ថាប័នអធិការកិច្ច និងមន្ត្រីអធិការកិច្ច,
៥. អធិការកិច្ចហិរញ្ញវត្ថុ,
៦. កំណត់ហេតុ និងរបាយការណ៍អធិការកិច្ច,
៧. វិធីសាស្ត្រធ្វើអធិការកិច្ច។
ឯកឧត្តម ឆេង សារឿន រដ្ឋលេខាធិការក្រសួងអធិការកិច្ច តំណាងឯកឧត្តម សុខ សូកេន ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនេះបានរំលេចពីសារសំខាន់មិនអាចខ្វះបានរបស់ស្ថាប័នអធិការកិច្ច ក្នុងដំណើរការដឹកនាំ និងគ្រប់គ្រងទាំងក្នុងវិស័យសាធារណៈ និងឯកជន។ ស្ថាប័ននេះមាននៅស្ទើរគ្រប់ប្រទេសនៅក្នុងសកលលោក គ្រាន់តែការដាក់ឈ្មោះទៅតាមបរិបទសង្គម ឬតំបន់ភូមិសាស្ត្រតែប៉ុណ្ណោះ។ ទោះបីមានឈ្មោះខុសគ្នាក្តី ក៏តួនាទីភារកិច្ចរបស់ស្ថាប័នទទួលបន្ទុកវិស័យអធិការកិច្ចមានភាពស្រដៀងគ្នា ពោលគឺធ្វើអធិការកិច្ចដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ និងធ្វើឱ្យប្រសើរឡើងនូវការផ្តល់ សេវាសាធារណៈក្នុងទិសដៅរួមចំណែកកសាងសង្គមមួយស្អាតស្អំ និងមានការអភិវឌ្ឍប្រកបដោយចីរភាព។
ឯកឧត្តម ឆេង សារឿន សង្កត់ធ្ងន់ថា ការងារអធិការកិច្ចគឺជាការងារមួយ ដ៏មានសារៈសំខាន់ ហើយក៏ជាការងារមួយពិបាក និងស្មុគស្មាញ ដែលទាមទារឱ្យមន្ត្រីអធិការកិច្ចមាន សមត្ថភាពជំនាញវិជ្ជាជីវៈច្បាស់លាស់។ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈអធិការកិច្ចនេះពេលនេះ ដើម្បីបំពេញការងារឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព លើកកម្ពស់អភិបាលកិច្ចល្អ និងផ្សារភ្ជាប់នូវបណ្តាញទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងមន្ត្រីរាជការអធិការកិច្ចគ្រប់កម្រិត និងគ្រប់លំដាប់ថ្នាក់ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងន័យពង្រីកនូវការទទួលស្គាល់ជាទូទៅអំពីភាពចាំបាច់នូវការចូលរួមរបស់វិស័យអធិការកិច្ចក្នុង ដំណើរការគ្រប់គ្រងរដ្ឋ ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ៕








