មហោស្រពសៀមរាបជាទីស្រឡាញ់ ប្រារព្ធនៅខេត្តសៀមរាប​រយៈ​ពេលពីរថ្ងៃ

សៀមរាប៖“មហោស្រពសៀមរាបជាទីស្រឡាញ់” ប្រព្រឹត្តទៅ​រយៈ​ពេល២រាត្រីចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ នៅទី​តាំង​ព្រលានយន្តហោះចាស់ ខេត្តសៀមរាប។ព្រឹត្តិការណ៍​នេះរៀបចំ​ដោយក្រុមជំនុំព្រះជាម្ចាស់ខេត្តសៀមរាប សហការ​ជាមួយក្រុមជំនុំ​ចំនួន ៤៧០ មកពីខេត្តចំនួន៥ និងសមាគមផ្សព្វផ្សាយដំណឹងល្អ ប៊ីលី ហ្គ្រាម (BGEA)ដើម្បីចែករំលែកក្តីសង្ឃឹម និងសន្តិភាព។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅសណ្ឋាគារ Courtyard by Marriott Siem Reap Resort ជុំវិញការរៀបចំព្រឹត្តិ​ការណ៍​​​​“​មហោស្រពសៀមរាបជាទីស្រឡាញ់” លោក លន់ សូភី អនុប្រធាន​គណៈកម្មការរៀបចំមហោស្រពបានពណ៌នាថា​ព្រឹត្ដិការណ៍នេះនឹង​ក្លាយជាព្រឹត្ដិការណ៍​ប្រវត្ដិសាស្ដ្រមួយសម្រាប់ខេត្តសៀមរាបដែល​បាន​រៀបចំឡើងជាលក្ខណៈខ្នាត​ធំរយៈ​ពេល២រាត្រី ។

ចំណែកលោកគ្រូគង្វាល ទុន ឆៃ ប្រធានគណៈកម្មការរៀបចំ​មហោ​ស្រព​បានបន្ថែមថា នេះគឺជាឱកាសដ៏សំខាន់សម្រាប់ថ្នាក់​ដឹកនាំ​គ្រីស្ទបរិស័ទ ក្នុងការរួមគ្នាអធិស្ឋានសុំពរជ័យ និងសេចក្ដីសុខជូន​ដល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃកម្ពុជា ឱ្យទទួលបាននូវប្រាជ្ញាស្មារតីក្នុងការដឹកនាំប្រទេសជាតិឱ្យឆ្លងផុតពីវិបត្តិដ៏វឹកវរនេះ។

មហោស្រពសៀមរាបជាទីស្រឡាញ់​ នឹងមានការរៀបចំការប្រគំ​តន្រ្ដី​ពីក្រុមសិល្បៈករខ្មែរ ក្រុមតន្រ្តីករមកពីបរទេសដែលធ្លាប់​ឈ្នះពាន​រង្វាន់ ដូចជា TAYA និងក្រុម The Afters ផងដែរ។

ក្នុងសន្និសីទកាសែតដដែល លោក ហ្វ្រែងឃ្លីន ហ្គ្រាហាំ (Franklin Graham) ប្រធាន និងជានាយកប្រតិបត្តិនៃសមាគម​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ ប៊ីលី ហ្រ្គាម (BGEA) បានថ្លែងថា គោលបំណងចម្បង​នៃមហោស្រពនេះ គឺដើម្បីចែករំលែកសារនៃក្ដី​សង្ឃឹម​ពីព្រះគម្ពីរ និងអធិស្ឋានសុំសន្តិភាពដ៏​យូរអង្វែងសម្រាប់កម្ពុជា តាមរយៈ​ព្រះយេ​ស៊ូវគ្រីស្ទ។ ខេត្តសៀមរាប គឺជាគោលដៅ​ទេសចរអន្តរជាតិដ៏សំខាន់ ដែលមនុស្ស​ជុំវិញពិភពលោកចង់មកទស្សនា ជាពិសេសគឺ ប្រាសាទ​អង្គរវត្ត ដែលជាអច្ឆរិយវត្ថុ​មួយនៃពិភពលោក។ លោកបន្ថែម​​​ថា ទោះបី​កម្ពុជាកំពុងមានបញ្ហាព្រំដែនប៉ុន្តែលោកមានអារម្មណ៍​ថាមានសុវត្ថិភាពខ្លាំង​នៅ​កម្ពុជា។ប្រជាជន​កម្ពុជា ​រាក់ទាក់ និងមានសន្តានចិត្តល្អ។លោកក៏បាន​រំពឹង​ថា តាមរយៈព្រឹត្តិការណ៍ “មហោស្រពសៀម​រាបជាទី​ស្រឡាញ់” នឹងទាក់ទាញមហាជន​យ៉ាងច្រើនកុះករ ឱ្យមកជួបជុំគ្នាដើម្បីទទួលយកភាពសប្បាយ​រីករាយ​តាមរយៈតន្ត្រី និងសារនៃក្តីស្រឡាញ់។

លោក ហ្វ្រែងឃ្លីន ហ្គ្រាហាំ ក៏បានចុះជួយសង្គ្រោះពលរដ្ឋដែលរង​គ្រោះដោយផ្ទាល់ផងដែរ តាមរយៈផ្តល់​កញ្ចប់ជំនួយ​ជាច្រើន​ដូចជា ស្បៀងអាហារ ភួយ មុង និងសម្ភារៈអនាម័យដល់គ្រួសារភៀសសឹក។

គួររំលឹកថា សមាគម BGEA និងអង្គការសាម៉ារីតាន់ស៍ ភើស បាន​បំពេញការងារមនុស្សធម៌ និងអភិវឌ្ឍន៍នៅកម្ពុជាអស់រយៈពេល​ជាង ២០ ឆ្នាំមកហើយ រួមមានការសាងសង់សាលារៀនចំនួន ៥០ ខ្នង ការផ្ដល់ទឹកស្អាត និងកម្មវិធីបណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ជា​ច្រើនទៀត ៕
អត្ថបទនិងរូប៖ ប៊ុន រដ្ឋា

ads banner