ឯកឧត្តម ប្រាក់ សុខុន ទៅចូលរួមកិច្ចប្រជុំចង្អៀតអាស៊ាននៅហ្វីលីពីន

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន និង កិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន នៅថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៦ តបតាមការ អញ្ជើញរបស់លោកជំទាវ ម៉ា តេរ៉េសា ភី ឡាហ្សារ៉ូ រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋហ្វីលីពីន។

យោងតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៦មករា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបញ្ជាក់ថា ក្រោមមូលបទ “ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា” កិច្ចប្រជុំនេះនឹងពិនិត្យឡើងវិញនូវវឌ្ឍនភាព ដែលសម្រេចបានចាប់តាំងពីកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី ព្រមទាំងពិភាក្សាអំពីអាទិភាព និងសមិទ្ធផលសំខាន់ៗ ក្រោមភាពជាប្រធានអាស៊ានរបស់ហ្វីលីពីនសម្រាប់ឆ្នាំ២០២៦ ក្នុងគោលបំណងសម្រេចឱ្យបាននូវសហគមន៍អាស៊ាន ឆ្នាំ២០៤៥។

រដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏នឹងផ្លាស់ប្តូរទស្សនៈលើទំនាក់ទំនងខាងក្រៅរបស់អាស៊ាន និងមជ្ឈភាពអាស៊ាននៅក្នុងនិម្មាបនកម្មតំបន់ដែលប្រែប្រួលយ៉ាងឆាប់រហ័ស ក៏ដូចជាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីកង្វល់រួម ដែលរួមមានការវិវត្តនៅប្រទេសមីយ៉ាន់ម៉ា។

ក្នុងឱកាសនៃកិច្ចប្រជុំចង្អៀតនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏គ្រោងនឹងមានជំនួបដាច់ដោយ ឡែកជាមួយសមភាគីអាស៊ានមួយចំនួនផងដែរ ដើម្បីជំរុញបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិ បត្តិការទ្វេភាគី សម្រាប់ជាផលប្រយោជន៍ និងអត្ថប្រយោជន៍ទៅវិញទៅមក៕

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner