ទូតឡាវចាត់ទុកកម្ពុជា គឺជាផ្ទះទី២ក្រោយបំពេញការងារការទូត៤ឆ្នាំ

ភ្នំពេញ៖បន្ទាប់ពីបំពេញបេសកកម្មការទូតរយៈពេល៤ឆ្នាំនៅព្រះរាជាណាចក្រកម្ពុជា ឯកអគ្គរដ្ឋទូតឡាវបានចាត់​ទុកប្រទេស​កម្ពុជា គឺជាផ្ទះទី២ ក្រោយមានអនុស្សាវរីយ៍ជាច្រើននៅទីនេះ។ទន្ទឹមនេះសម្តេចតេជោ ហ៊ុន សែន ក៏បានបំពាក់គ្រឿង​ឥស្សរិយយស «សហមេត្រី» ថ្នាក់ មហាសេរីវឌ្ឍន៍ ជូនឯកអគ្គរដ្ឋទូតឡាវដែលចប់អាណត្តិនេះផងដែរ ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាកាលពីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦​បាន​អនុញ្ញាតឱ្យឯកឧត្តម Buakeo Phumvongsay ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចប់អាណត្តិ​ចូលជួបសម្តែងការគួរសម និងជម្រាបលានៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា។

បើតាមឯកឧត្តមអ្នកនាំពាក្យព្រឹទ្ធសភាបញ្ជាក់ថា ក្នុងជំនួបឯកឧត្តមឯកអគ្គរដ្ឋទូតឡាវចប់អាណត្តិបានជម្រាបសម្ដេចតេជោ ហ៊ុន សែន ថា ក្នុងពេលបំពេញបេសកកម្មការងារនៅកម្ពុជារយៈពេល៤ ឆ្នាំកន្លងទៅនេះ ឯកឧត្តម មានអនុស្សាវរីយ៍ជាច្រើន​ជាមួយ​ប្រជាជន និងប្រទេសកម្ពុជា ។ឯកឧត្តមបានចាត់ទុកកម្ពុជា ជាផ្ទះទី២ របស់លោក។លើសពីនេះក្នុងពេលឯកឧត្តម បំពេញបេសក​កម្មការទូតនៅកម្ពុជា​ បានពង្រីកទំនាក់ទំនងកម្ពុជានិងឡាវឱ្យមានភាពរីកចម្រើន ល្អប្រសើរ និងការផ្លាស់ប្ដូរ​ដំណើរទស្សនកិច្ច​របស់ថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ ជាបន្តបន្ទាប់ ។

ក្នុងជំនួបនេះដែរសម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះបេសកកម្ម​របស់​ឯកឧត្តម​ឯកអគ្គរដ្ឋទូតឡាវក្នុងពេល​បំពេញបេសកកម្មការទូតកម្ពុជាកន្លងទៅនេះ ដែលបានធ្វើឱ្យ​ទំនាក់​ទំនងរវាងកម្ពុជា និងឡាវ កាន់តែមានភាពរីក​ចម្រើន​បន្ថែមទៀត ។ សម្ដេចតេជោ ក៏បានជំរុញបន្ថែមទៀតឱ្យឡាវ និងកម្ពុជា បន្តនូវការខិតខំប្រឹងប្រែង ពង្រីកវិស័យពាណិជ្ជកម្ម ការវិនិយោគ ជាពិសេស ផ្នែកសេដ្ឋកិច្ចតែម្ដង ដើម្បីឲ្យសមស្របទៅនឹងទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ មានន័យថា នយោបាយ និងសេដ្ឋកិច្ច ត្រូវដើរទន្ទឹមគ្នា ។

គួររំលឹកថា កម្ពុជា និងឡាវបានភ្ជាប់ទំនាក់ទំនងការទូតនៅឆ្នាំ១៩៥៦។ ក្នុងឆ្នាំ២០២៦ គឺជាខួបទី៧០ នៃចំណងការ​ទូតនៃប្រទេសទាំងពីរ។ ដើម្បីសាទរមិត្តភាពដ៏យូរអង្វែងនេះ ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ ទៅកាន់ប្រទេសឡាវ របស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នឹងត្រូវរៀបចំឡើងនាពេលខាងមុខផងដែរ។ នេះបើតាម ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេសកម្ពុជា បញ្ជាក់ជូន ឯកឧត្តម Buakeo Phumvongsay ក្នុងជំនួបសម្តែងការគួរសម និងជម្រាបលាកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦កន្លងទៅ៕
អត្ថបទ៖ វណ្ណលុក
រូប៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner