លោក Zelensky ថា ឯកសារធានាសន្តិសុខពី អាមេរិក រួចរាល់ ១០០ ភាគរយ រង់ចាំតែចុះហត្ថលេខាប៉ុណ្ណោះ
កៀវ ៖ ឯកសារធានាសន្តិសុខអ៊ុយក្រែនពីសំណាក់សហរដ្ឋអាមេរិក បានរួចរាល់ ១០០ ភាគរយហើយ ដោយរង់ចាំតែពិធីចុះហត្ថលេខាជាផ្លូវការប៉ុណ្ណោះ ។ នេះបើតាមការប្រកាសរបស់លោកប្រធានាធិបតី Vladimir Zelensky ។
ថ្លែងក្នុងសន្និសីទកាសែតនៅទីក្រុងវីលនីញូសប្រទេសលីទុយអានីកាលពីថ្ងៃអាទិត្យ, លោក Zelensky និយាយថា អ៊ុយក្រែនរង់ចាំតែដៃគូអាមេរិកបញ្ជាក់ពីកាលបរិច្ឆេទ និងទីកន្លែងដែលត្រូវចុះហត្ថលេខាប៉ុណ្ណោះ ព្រោះថាឯកសារស្ដីពីការធានាសន្តិសុខ បានធ្វើរួចរាល់ ១០០ ភាគរយហើយ ។
លោក Zelensky បញ្ជាក់ថា ក្រោយពិធីចុះហត្ថលេខាជាផ្លូវការ ឯកសារមួយនេះគ្រោងនឹងបញ្ជូនទៅកាន់សភាអាមេរិក និងសភាអ៊ុយក្រែនដើម្បីផ្ដល់សច្ចាប័ន ។
លោកថា ការធានាសន្តិសុខពីសហរដ្ឋអាមេរិក គឺជារឿងសំខាន់ និងជាចំណុចស្នូលសម្រាប់សុវត្ថិភាពរបស់អ៊ុយក្រែននាពេលអនាគត ។
បើតាមសារព័ត៌មាន The Strait Times, ការអះអាងរបស់លោកប្រធានាធិបតី Zelensky ធ្វើឡើង បន្ទាប់ពីក្រុមអ្នកចរចាអ៊ុយក្រែន និងរុស្ស៉ី កាលពីថ្ងៃទី២៣ និង២៤ ខែមករាបានបើកកិច្ចប្រជុំត្រីភាគីជាលើកដំបូងនៅទីក្រុង Abu Dhabi ក្រោមការសម្របសម្រួលពីអាមេរិក ដើម្បីពិភាក្សាពីក្របខណ្ឌការងាររបស់ទីក្រុងវ៉ាស៊ីនតោន សំដៅបិទបញ្ចប់សង្រ្គាមដែលអូសបន្លាយពេលជិត ៤ ឆ្នាំមកនេះ ។
ជាមួយគ្នានេះ ភាគីទាំងអស់បានយល់ព្រមបន្តកិច្ចប្រជុំត្រីភាគីជុំទី ២ នាចុងសប្ដាហ៍នេះ ដែលរំពឹងនឹងធ្វើឡើងនៅទីក្រុង Abu Dhabi ដដែល ។
បើតាមអ្នកវិភាគយោធា, ការប្រកាសរបស់លោក Zelensky សបញ្ជាក់ថា ភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនដែលបានឆក់យកអាយុជីវិតទាហាន និងជនស៊ីវិលរាប់ម៉ឺននាក់ ចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២២កន្លងមក ទំនងជាជិតឈានដល់ទីបញ្ចប់ហើយ ៕
ប្រភព ៖ The Strait Times ប្រែសម្រួល ៖ ឈឹម ទីណា
