វេណេស៊ុយអេឡា ថា វិនិយោគប្រេងឆ្នាំនេះ នឹងកើនឡើង ៥៥%
ការ៉ាកាស ៖ ប្រធានាធិបតីបណ្តោះអាសន្ន នៃ ប្រទេសវេណេស៊ុយអេឡា កាលពីថ្ងៃចន្ទ បានថ្លែងពីការព្យាករណ៍ថា ទំហំវិនិយោគលើវិស័យប្រេង នៅឆ្នាំ ២០២៦នេះ នឹងមានតម្លៃ ១.៤ពាន់លានដុល្លារ កើនឡើង ៥៥% បើធៀបនឹងឆ្នាំ២០២៥។
លោកស្រី Delcy Rodriguez បានលើកឡើងពីកំណែទម្រង់ចំពោះវិស័យប្រេង ដែលមានបំណងទាក់ទាញអ្នកវិនិយោគបរទេស បន្ទាប់ពីការដកលោក Nicolas Maduro ចេញពីតំណែង។ លោកស្រី បានព្យាករបែបនេះ បន្ទាប់ច្បាប់ ថ្មី លើវិស័យថាមពល ដែលត្រូវជំនួស ច្បាប់គ្រប់គ្រងរបស់រដ្ឋដ៏តឹងរ៉ឹង អស់ពេលជាច្រើនទសវត្សរ៍ នឹងត្រូវសភា អនុម័ត ឆាប់ៗនេះ។
លោកស្រី Rodriguez បានរៀបរាប់ប្រាប់ក្រុមជនធុរកិច្ច អំឡុងការពិគ្រោះយោបល់ ជុំវិញច្បាប់ថ្មីនេះ កាលពីថ្ងៃទី២៦ ខែមករា ថា «កាលពីឆ្នាំមុន ការវិនិយោគប្រេង បានឈានដល់ជិត ៩០០ លានដុល្លារ ហើយ សម្រាប់ឆ្នាំនេះ ការវិនិយោគ តម្លៃ១.៤ពាន់លានដុល្លារ ត្រូវបានចុះហត្ថលេខា រួចរាល់»។
ការគ្រប់គ្រងមិនត្រឹមត្រូវ និង អំពើពុករលួយ ជាច្រើនឆ្នាំ បានជំរុញឱ្យផលិតកម្ម ធ្លាក់ចុះពីកម្រិតខ្ពស់បំផុត ជាង៣លានបារ៉ែល ក្នុងមួយថ្ងៃ នៅដើមទសវត្សរ៍ ឆ្នាំ២០០០ ដល់កម្រិតទាប ជាប្រវត្តិសាស្ត្រ គឺ ៣៥ម៉ឺនបារ៉ែល ក្នុងឆ្នាំ២០២០។
ប្រសិនបើត្រូវបានអនុម័ត ច្បាប់ថ្មីនេះ នឹងផ្លាស់ប្តូរពីការគ្រប់គ្រងរបស់រដ្ឋលើវិស័យប្រេង របស់វេណេស៊ុយអេឡា ដែលត្រូវបានរឹតបន្តឹង ដោយអតីតមេដឹកនាំ លោក Hugo Chavez នៅពាក់កណ្តាល ទសវត្សរ៍ ឆ្នាំ២០០០ ហើយជាបុគ្គល ដែលលោក Maduro ស្មោះត្រង់ ដើរតាម រហូតមក៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត