ដំណាំក្បែរផ្ទះ បានទាំងចំណូល បានទាំងជួបជុំគ្រួសារ

កំពង់ស្ពឺ៖ឈានតែប៉ុន្មានជំហានពីផ្ទះ លើផ្ទៃធំល្មមសួនបន្លែចម្រុះ​ដែល​កំពុងលូតលាស់បញ្ចេញពណ៌បៃតងស្រងាត់ បានទាក់​អារម្មណ៍អ្នកធ្វើដំណើរឆ្លងកាត់ ។សឹងជាអចិន្រ្តៃយ៍ពេលប្រមូលផល​ដំណាំម្តងៗ ទីនេះបានក្លាយជាកូនផ្សារបន្លែមួយសម្រាប់អ្នក
រស់នៅក្នុងភូមិ និងអ្នកដំណើរ ពិសេសទេសចរក្នុងស្រុក។

កសិករមួយគ្រួសាររស់នៅភូមិត្បែងប្រជាប់ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានប្រើប្រាស់ដីទីធ្លាមុខផ្ទះ និងចំហៀងផ្ទះ​ដែលមាន ទទឹងប្រមាណ​ជាង​២០ម៉ែត្រ និងបណ្តោយជិត១០០ម៉ែត្រ ធ្វើជាសួន​ដំណាំចម្រុះវិលជុំ ។ការសម្រេចចិត្តមិន​ធ្វើ​ចំណាកស្រុកនិង​ប្រើប្រាស់​​ដីដែល​មានស្រាប់​ដោយយកពលកម្មធ្វើជាដើមទុន បានធ្វើឱ្យគ្រួសារកសិករមួយនេះ អាចរកប្រាក់​ចំណូលប្រចាំថ្ងៃច្រើន​គួរសមពីការខិតខំរបស់ពួកគេ។

ដំណាំបន្លែដែលប្តីប្រពន្ធនៃគ្រួសារនេះបានដាំមាន ស្ពៃក្រញាញ់ ស្ពៃចង្កឹះ ស្ពៃតឿ សណ្តែកកួរ ត្រកួន ខាត់ណា ននោង ជាដើម។ភាពទាក់ទាញខ្លាំងពីអតិថិជន គឺគ្រប់មុខដំណាំនៅទីនេះជា​បន្លែសរីរាង្គ មិនប្រើសារធាតុគីមីដែលអ្នកបរិភោគត្រូវការបំផុត។លើសពីនេះគឺតម្លៃ ។តម្លៃទាបជាងទីផ្សារច្រើន។

អ្នកស្រី សន គង់ ជាម្ចាស់សួនបន្លែបានឱ្យដឹងថា អ្នកស្រី និង ស្វាមី បាននាំគ្នាសាកល្បងដាំដំណាំជាបន្លែបង្កាដីទីធ្លាចំហៀងផ្ទះ និងមុខ​ផ្ទះ។ពួកគាត់គិតថា ធ្វើបែបនេះអាចនឹងទទួលប្រាក់ចំណូល ខណៈ​អ្នកភូមិមិនច្រើនទេដែលប្រកបរបរនេះ​បន្ថែម​ពី​លើ​ការធ្វើស្រែ។ អ្នកស្រីបន្តថា​ឥឡូវនេះបានហុចផលគួរឱ្យសប្បាយចិត្តណាស់។អ្នកស្រីបានចាប់ដាំបន្លែកាលដើមឆ្នាំកន្លងមកនេះ។ ដំណាំមាន​គ្រប់មុខហើយអាចកាត់លក់បានរៀងរាល់ថ្ងៃ។ចំពោះតម្លៃបន្លែមាន​ដូចជា ស្ពៃក្រញាញ់ ២.៥០០ទៅ ៣.០០០​រៀល​ក្នុងមួយគីឡូក្រាម ,ស្ពៃតឿ ស្ពៃចង្កឹះ ពេលខ្លះលក់២.០០០ទៅដល់២.៥០០រៀលក្នុង​មួយគីឡូក្រាម។ចំណែកត្រកួនលក់​បាន​២.០០០រៀល ,សណ្តែកកួរថ្លៃ៤.០០០ទៅ៥.០០០រៀល ក្នុងមួយគីឡូក្រាម។ក្នុងមួយថ្ងៃៗគាត់​អាចរកចំណូល​ចាប់ពី​៣​ម៉ឺន​ទៅ​ជាង១០​ម៉ឺនរៀល ។ជា​ចំណូលដែលអ្នកស្រីរកពុំធ្លាប់រកបានកាលពីមុនមកទេ។

ក្នុងឆ្នាំថ្មីនេះវ័យជិត៤០ឆ្នាំអ្នកស្រី សន គង់ បានអះអាងថា ដំណាំ​ដែលអ្នកស្រីដាំបានប្រើតែជីធម្មជាតិប៉ុណ្ណោះ ពិសេសជី​អាចម៍គោ។អ្នកស្រីបន្តថា ដោយសារការប្រើជីធម្មជាតិ ចំណូលពី​ផលដំណាំ​មិនចំណេញច្រើនក្តី តែគ្រួសារអ្នកស្រីសប្បាយចិត្ត ពីព្រោះវាជាបន្លែ​សុវត្ថិភាពសម្រាប់អ្នកទទួលទាន។

នៅមិនឆ្ងាយពីអ្នកស្រី សន គង់ , លោក ព្រហ្ម ថា ជាស្វាមីវិញបាន​បន្ថែមថា ក្នុងរយៈពេលដាំត្រឹមតែ​ប៉ុន្មានខែប៉ុណ្ណោះ​បន្លែ​របស់លោក​មានអតិថិជនជាច្រើនចាប់អារម្មណ៍គាំទ្រ ។មិនថាអ្នកភូមិ អ្នកធ្វើ​ដំណើរ និងពិសេសអ្នកទេសចរឆ្លងកាត់តែងតែ​ឈប់ចូលទិញ​បន្តបន្ទាប់ ពីព្រោះពួកគេជឿជាក់លើដំណាំធម្មជាតិ។

បន្ថែមទៅភរិយាបាននិយាយ លោក ព្រហ្ម ថា បានបញ្ជាក់​ដោយក្តី​ពេញចិត្តចំពោះប្រាក់ចំណូលពីការដាំបន្លែ រួមផ្សំជាមួយការ ចិញ្ចឹម​សត្វរួមផ្សំផង ឃើញថា គ្រាន់បើដែរ ខណៈមុនពេលដាំបន្លែគាត់​ពុំមាន​ប្រាក់ចំណូលជាដុំកំភួន ដូចពេលនេះទេ។

កាលពីពេលថ្មីៗកន្លងទៅនេះអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ ឯកឧត្តម ឃឹម ហ្វីណង់ ឱ្យដឹងថា បច្ចុប្បន្ន​កម្ពុជាអាចផ្គត់ផ្គង់បន្លែក្នុងស្រុកបានប្រមាណ៨០ភាគរយ ហើយនៅថ្ងៃខាងមុខទៀតនេះកម្ពុជានឹងអាចផ្គត់ផ្គង់​បន្លែទាំង​ស្រុង​ដោយខ្លួនឯងបាន ដោយមិនចាំបាច់ពឹងផ្អែកការនាំចូលទៀត​ឡើយ។

អ្នកនាំពាក្យដដែលក៏បានគូសរំលេចដែរថា បច្ចុប្បន្ន​ក្នុងចំណោម​សហគមន៍ទំនើបចំនួន៣០ដែល​ក្រសួងទើបបាន​បង្កើត​ឡើងមាន​សហគមន៍ដាំបន្លែប្រមាណ១០សហគមន៍ ។សម្រាប់នាពេលខាង​មុខក្រសួងគ្រោងនឹងបង្កើតសហគមន៍ដាំបន្លែ និងជំរុញដល់​ប្រជាពលរដ្ឋឱ្យធ្វើការដាំបន្លែដើម្បីផ្គត់ផ្គង់ក្នុងទីផ្សារក្នុងស្រុកទាំងស្រុងតែម្តង៕


ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner