កម្ពុជារៀបគំរោងធ្វើទំនើបកម្ម រៀបចំគ្រប់គ្រងសំណល់រឹងឧស្សាហកម្មពីរោងចក្រ សហគ្រាស តាមបច្ចេកវិទ្យាឌីជីថល
កម្ពុជា ដែលមិនទាន់មានការរៀបចំទុកដាក់ និងគ្រប់គ្រងកាកសំណល់រឹងឧស្សាហកម្មនៅតាមបណ្តារោងចក្រ សហគ្រាស បានត្រឹមត្រូវនៅឡើយ បានទទួលការគាំទ្រផ្នែកបច្ចេកទេសពីរដ្ឋាភិបាលកូរ៉េ ក្នុងការជួយរៀបចំឲ្យបានល្អត្រឹមត្រូវតាមប្រព័ន្ធឌីជីថល ។
យោងតាមមន្រ្តីជំនាញ សំណល់រឹងឧស្សាហកម្ម គឺជាសំណល់ទាំងឡាយណាដែលកើតចេញពីសកម្មភាពនៃដំ ណើរការផលិតកម្ម និងសកម្មភាពពាក់ព័ន្ធផ្សេងៗ ដែលចេញពីដំណើរការផលិតកម្មរបស់រោងចក្រ សហគ្រាស និងសប្បកម្ម ។ សំណល់រឹងឧស្សាហកម្ម ត្រូវបានគេបែងចែកជាពីរ គឺសំណល់គ្រោះថ្នាក់ និងសំណល់មិនគ្រោះថ្នាក់ ។ ចំពោះសំណល់ឧស្សាហកម្មរឹងគ្រោះថ្នាក់ គឺសំដៅទៅសារធាតុវិទ្យុសកម្ម ផ្ទុះ ពុល ឆេះ បង្កឲ្យមានជំងឺមហារីក ចម្លងជំងឺ ធ្វើឲ្យរលាក ធ្វើឲ្យច្រេះ ធ្វើអុកស៊ីតកម្ម ឬសារធាតុគីមីផ្សេងទៀត ដែលអាចនាំឲ្យមានគ្រោះថ្នាក់ដល់សុខភាពមនុស្ស សត្វ ឬបំផ្លិចបំផ្លាញដល់រុក្ខជាតិ ទ្រព្យសម្បត្តិសាធារណៈ និងបរិស្ថាន ។
ជាការយកចិត្តទុកដាក់លើចំណោតបញ្ហាដែលបង្កឡើងដោយសំណល់រឹងឧស្សាហកម្មទាំងនោះ ក្រុមការងារអនុវត្តន៍គម្រោង KSP 2025-2026 ដែលមានក្រសួងឧស្សាហកម្ម ក្រសួងបរិស្ថាន និងក្រុមការងារខាងកូរ៉េ បានចូលរួមរៀបចំកិច្ចប្រជុំកម្រិតខ្ពស់ និងសិក្ខាសាលាស្តីពី យុទ្ធសាស្រ្តអនុវត្ត នៃប្រព័ន្ធគ្រប់គ្រង និងរបាយការណ៍ប្រព្រឹត្តកម្មកាកសំណល់ឧស្សាហកម្ម ផ្អែកលើប្រព័ន្ធឌីជីថល នៅថ្ងៃទី២៨ មករា ឆ្នាំ២០២៥ នៅសណ្ឋាគារ Fairfield by Marriot ក្នុងរាជធានីភ្នំពេញ ។
កម្មវិធីនោះ បានស្ថិតក្រោមអធិបតីភាព ឯកឧត្តម វ៉ែន គៀហាក់ អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្ត ឯកឧត្តម ហេង អៀង ទីប្រឹក្សាក្រសួង និងមន្រ្តីពីស្ថាន និងមន្ត្រីជំនាញពីស្ថាប័នពាក់ព័ន្ធជាច្រើនរូប ចំណែកភាគីកូរ៉េ បានដឹកនាំ Dr. Jae-Cheon You ទីប្រឹក្សាជាន់ខ្ពស់នៃ KSP 2025-2026 រួមនឹងក្រុមការងារ និងជំនាញការជាច្រើនរូបផងដែរ ។ លោក អ៊ុ សេរីវុទ្ធ ប្រធានមជ្ឈមណ្ឌលផលិតភាពជាតី បានបញ្ជាក់ថា គំរោងនៃការរៀបចំគ្រប់គ្រងសំណល់រឹងឧស្សាហកម្មតាមបច្ចេកវិទ្យាឌីជីថលនេះ នឹងធ្វើឲ្យមានភាពងាយស្រួលជាងមុនសំរាប់ក្រសួងជំនាញ ក្នុងការគ្រប់គ្រងសំណល់រឹងពីតាមបណ្តារោងចក្រសហគ្រាស បានល្អជាងមុនប្រកប ដោយលក្ខណៈទំនើប ទទួលបានទន្នន័យជាក់លាក់ ច្បាស់លាស់ និងលឿនរហ័យជាងការគ្រប់គ្រងតាមបែបបុរាណតាមរយៈការបញ្ជូលឯកសារជាក្រដាស់ ឬលិខិតស្នាម ។ ចំពោះការជួយគាំទ្រផ្នែកបច្ចេកវិទ្យានោះវិញ ត្រូវបានលោកបញ្ជាក់យ៉ាងនេះថា គឺទទួលបានការជួយគាំទ្រ និងណែនាំពីរដ្ឋាភិបាលកូរ៉េ ។
ចំពោះខ្លឹមសារនៃការប្រជុំនេះ ត្រូវបានមន្រ្តីអ្នករៀបចំបានបញ្ជាក់ថា គឺជាជំហានដំបូងធ្វើឡើងដើម្បីណែនាំពីខ្លឹមសារនៃគម្រោង និងស្នើសុំកិច្ចសហប្រតិបត្តការពីខាងស្ថាប័ន-អង្គភាពរដ្ឋ និងឯកជនពាក់ព័ន្ធ ដើម្បីឱ្យគម្រោងដំណើរការបានរលូន និងផ្សព្វផ្សាយពីដំណើរការ ការអនុវត្តគម្រោង នៃប្រព័ន្ធគ្រប់គ្រងកាកសំណល់ឧស្សាហកម្ម ផ្អែកលើប្រព័ន្ធឌីជីថលនៅកម្ពុជា ជូនដល់សិក្ខាកាមដែលចូលរួមចំនួន ៤៥នាក់ ដែលមកពីវិស័យរដ្ឋ និងឯកជនផងដែរ ៕
អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ វេង លឹមហួត










