អឺរ៉ុប ត្រូវការលុយ ១ ទ្រីលានដុល្លារ បើចង់ឈប់ពឹងផ្អែកលើឆ័ត្រសន្តិសុខ អាមេរិក

ព្រុចសែល ៖ ដើម្បីពង្រីកសមត្ថភាពពង្រឹងខឿនការពារជាតិដោយខ្លួនឯង និងដើម្បីឈប់ពឹងផ្អែកលើឆ័ត្រសន្តិសុខរបស់សហរដ្ឋអាមេរិក, សហភាពអឺរ៉ុបត្រូវការលុយដល់ទៅ ១ ទ្រីលានដុល្លារ ។

បើតាមសារព័ត៌មាន The Wall Street Journal, តម្រូវការដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺនឹងត្រូវផ្ដោតលើការចំណាយទៅលើគ្រឿងសព្វាវុធយោធារហូតដល់ឆ្នាំ ២០៣៥ ។

កាលពីឆ្នាំ ២០២៥ អឺរ៉ុបបានចំណាយលុយរហូតដល់ទៅ ៥៦០ ពាន់លានដុល្លារទៅលើវិស័យការពារជាតិ ។ ក្នុងនោះ គ្រាន់តែការផលិតយន្តហោះដ្រូន រថក្រោះ គ្រាប់រំសេវ និងឧបករណ៍យោធាផ្សេងៗទៀត កើនឡើងទ្វេដង បើធៀបនឹង ១០ ឆ្នាំមុន ។

បើទោះជាបែបនេះក្ដី អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បានព្រមានថា អឺរ៉ុបនឹងមិនអាចការពារខ្លួនឯងបាននោះទេ ប្រសិនបើគ្មានការគាំទ្រ ឬខ្នងបង្អែកផ្នែកយោធា និងនុយក្លេអ៊ែររបស់អាមេរិក ។

លោក Mark Rutte បញ្ជាក់ទៀតថា ក្រៅពីមិនអាចការពារខ្លួនឯងបានហើយ អឺរ៉ុបក៏នឹងត្រូវប្រឈមនូវការចំណាយដ៏ធំសម្បើមរហូតដល់ ១០% នៃផលិតផលក្នុងស្រុកសរុបរបស់ពួកគេទៅលើវិស័យយោធា ដូច្នេះការជំនួសឆ័ត្រសន្តិសុខរបស់សហរដ្ឋអាមេរិក គឺជាក្តីស្រមៃច្រើនជាងការពិត ។

ការព្រមានរបស់ប្រមុខអង្គការណាតូរូបនេះកើតមានឡើង បន្ទាប់ពីអាមេរិកប្រកាសច្រើនលើកច្រើនសារថា ខ្លួននឹងកាត់បន្ថយការពារសម្ព័ន្ធមិត្តអឺរ៉ុប និងជំរុញឲ្យប្លុកដែលមានរដ្ឋជាសមាជិកចំនួន ២៧ ប្រទេសមួយនេះ បង្កើនការទទួលខុសត្រូវចំពោះសន្តិសុខដោយខ្លួនឯង ចំពេលមានការគំរាមកាន់តែខ្លាំងឡើងពីរុស្ស៊ី ៕

ប្រភព ៖ The Wall Street Journal, militarnyi និង RT ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner