មីយ៉ាន់ម៉ា លួចទិញសាំងយន្តហោះពី អ៊ីរ៉ង់ គេចវេះពីទណ្ឌកម្មលោកខាងលិច
ណៃពិដោ ៖ ក្រោយរបបយោធាមីយ៉ាន់ម៉ាចូលកាន់អំណាច ប្រទេសអាស៊ីមួយនេះ បានបន្តលួចនាំចូលប្រេងឥន្ធនៈយន្តហោះចំនួន ៥ឆ្នាំជាប់ៗ តាមរយៈនាវាខ្មោចមានប្រភពមកពីអ៊ីរ៉ង់ ដើម្បីផ្គត់ផ្គង់យន្តហោះប្រើប្រាស់ទម្លាក់គ្រាប់បែកសម្លាប់ជនស៊ីវិល នេះបើយោងតាមការស៊ើបអង្កេតថ្មីមួយរបស់អង្គការលើកលែងទោសអន្តរជាតិ ចេញផ្សាយកាលពីពេលថ្មីៗ ។
ផ្អែកតាមការវិភាគលើទិន្នន័យរបស់អាជ្ញាធរពាណិជ្ជកម្ម ដឹកជញ្ជូន ផ្កាយរណប និងកំពង់ផែ អង្គការអន្តរជាតិនេះបានចោទប្រកាន់ចំៗថា យោធាមីយ៉ាន់ម៉ាកំពុងប្រើយុទ្ធសាស្រ្តគេចវេះពីទណ្ឌកម្មលោកខាងលិច ដូចប្រទេសមួយចំនួន រួមមានរុស្ស៊ី អ៊ីរ៉ង់ និងកូរ៉េខាងជើង តាមរយៈការនាំចូលប្រេងឥន្ធនៈយន្តហោះពីនាវាខ្មោច ដែលបានបិទប្រព័ន្ធកំណត់អត្តសញ្ញាណស្វ័យប្រវត្តិ (AIS) ដើម្បីគេចពីការតាមដានទីតាំង និងជៀសវាងការរកឃើញ ។
វិធីសាស្រ្តបែបនេះស្ទើរតែមិនអាចកំណត់អត្តសញ្ញាណអ្នកផ្គត់ផ្គង់បានទេ ។ យ៉ាងណា អង្គការលើកលែងទោសអន្តរជាតិ នៅតែតាមដានដឹងពីការដឹកជញ្ជូនប្រេងឥន្ធនៈយន្តហោះជាច្រើនចូលក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៤ រួមទាំងនាវាជាប់ដាក់ទណ្ឌកម្មរបស់អាមេរិកចំនួនពីរ ដែលមានប្រវត្តិនាំចេញប្រេងពីអ៊ីរ៉ង់ ។
បើតាមទិន្នន័យរបស់អាជ្ញាធរកំពង់ផែមីយ៉ាន់ម៉ា, ប្រេងឥន្ធនៈយន្តហោះប្រមាណ ១០៩,៦០៤តោន ត្រូវបាននាំចូលទៅកាន់មីយ៉ាន់ម៉ាក្នុងឆ្នាំ ២០២៥ កើនឡើង ៦៩ ភាគរយ បើធៀបនឹងឆ្នាំ ២០២៤ ដែលនេះជាចំនួនខ្ពស់បំផុតក្នុងពេលត្រឹមមួយឆ្នាំ ។
ឆ្នាំ ២០២៥ គឺជាឆ្នាំដែលមានអ្នកស្លាប់ច្រើនបំផុតនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយសារតែការវាយប្រហារតាមអាកាស ពោលគឺការទម្លាក់គ្រាប់បែក ចាប់តាំងពីរបបយោធាឡើងក្តោបក្តាប់អំណាចនៅឆ្នាំ ២០២១ នេះបើតាមការបញ្ជាក់ពីលោក Montse Ferrer នាយកស្រាវជ្រាវប្រចាំតំបន់របស់អង្គការលើកលែងទោសអន្តរជាតិ ។
យោងតាមសារព័ត៌មាន NHK, អ៊ីរ៉ង់គឺជាអ្នកផ្គត់ផ្គង់ប្រេងឥន្ធនៈយន្តហោះដ៏ធំរបស់របបយោធាមីយ៉ាន់ម៉ា ។ ការដឹកជញ្ជូនទាំងនោះ បានគេចវេសពីទណ្ឌកម្មរបស់លោកខាងលិច ដែលបានដាក់សម្ពាធទៅលើប្រទេសទាំងពីរ ។
ហើយក្រៅពីប្រេងឥន្ធនៈយន្តហោះ អ៊ីរ៉ង់ក៏បាននាំចេញសារធាតុអ៊ុយរ៉េ ដែលជាគ្រឿងផ្សំសំខាន់ សម្រាប់ការផលិតគ្រាប់រំសេវ ដែលប្រើប្រាស់ដោយរបបយោធាមីយ៉ាន់ម៉ាផងដែរ ៕
ប្រភព ៖ Amnesty និង NHK ប្រែសម្រួល ៖ ឈឹម ទីណា


