កម្ពុជាបញ្ជាក់ជាថ្មីប្រាប់អាស៊ានពីជំហរប្រើប្រាស់ច្បាប់ ដើម្បីដោះស្រាយជម្លោះជាមួយថៃ
ក្នុងកិច្ចប្រជុំអាស៊ាន និងកិច្ចសន្ទនាទ្វេភាគីនានានៅហ្វីលីពីន ប្រមុខការទូតកម្ពុជាបានបញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការប្រើប្រាស់យន្តការច្បាប់ ដើម្បីដោះស្រាយជម្លោះព្រំដែនជាមួយថៃ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀត នៃរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅកោះសេប៊ូ ប្រទេសហ្វីលីពីន កាលពីថ្ងៃព្រហស្បតិ៍ ទី២៩មករា។
លោកជំទាវ Ma. Theresa P. Lazaro រដ្ឋមន្ត្រីការបរទេសហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ានបានចាប់ផ្តើមអង្គប្រជុំដោយជម្រាបជូនអំពីអាទិភាពរបស់ខ្លួនក្នុងឆ្នាំ២០២៦។ លោកជំទាវបានសង្កត់ធ្ងន់លើការជំរុញឲ្យអាស៊ានដោះស្រាយបញ្ហាប្រឈមរួមក្នុងពេលបច្ចុប្បន្ន ក៏ដូចជាបញ្ហាប្រឈមលេចឡើងថ្មីៗ ដើម្បីកសាងសហគមន៍អាស៊ានមួយប្រកបដោយនិរន្តរភាព និងភាពធន់ ស្របទៅនឹងមូលបទ “ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា” ។
កិច្ចប្រជុំនេះក៏បានពិភាក្សាបន្តអំពីវឌ្ឍភាពសម្រេចបានក្រោយពីកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ កម្ពុជាបានបញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយបញ្ហានានាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀង ដែលមានស្រាប់ ដើម្បីធានានូវសន្តិភាព និងស្ថិរភាពក្នុងតំបន់។
ឆ្លៀតក្នុងឱកាសនៃការចូលរួមក្នុងកិច្ចប្រជុំអាស៊ាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជួបពិភាក្សាការងារជាមួយប្រមុខការបរទេសហ្វីលីពីន លោកជំទាវ Ma. Theresa P. Lazaro ។ រដ្ឋមន្រ្តីការបរទេសទាំងពីរបង្ហាញនូវភាពស្និតស្នាលកក់ក្តៅ និងស្មារតីសាមគ្គីភាពយ៉ាងជិតស្និទ្ធ ក្នុងនាមជាគ្រួសារអាស៊ាន ដើម្បីរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានអបអរសាទរលោកជំទាវ ដែលបានទទួលតំណែងជាប្រធានអាស៊ានក្នុងឆ្នាំនេះ ហើយឯកឧត្តមជឿជាក់យ៉ាងមុតមាំថា តាមរយៈបទពិសោធន៍ដ៏ជ្រាលជ្រៅ និងជំនាញការទូតដ៏ប៉ិនប្រសប់របស់លោកជំទាវ នឹងជួយដោះស្រាយបញ្ហាប្រឈមនានាក្នុងតំបន់ និងសកលដ៏ស្មុគស្មាញបានយ៉ាងជោគជ័យ។
ក្រៅពីនេះ ឯកឧត្តម ប្រាក់ សុខុន ក៏មានជំនួបទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ឡាវ និងសិង្ហបុរី។ ឆ្នាំ២០២៦នេះ គឺជាខួបអនុស្សាវរីយ៍លើកទី៧០នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា ឡាវ។ ប្រទេសទាំងពីរ បានប្តេជ្ញាចិត្តខ្ពស់ក្នុងការសហការយ៉ាងជិតស្និទ្ធ ដើម្បីរៀបចំសកម្មភាពនានារួមគ្នាឱ្យមានអត្ថន័យជ្រាលជ្រៅសម្រាប់អបអរសាទរនូវសមិទ្ធផលជាប្រវត្តិសាស្ត្រនេះ។
ក្នុងជំនួបជាមួយរដ្ឋមន្រី្តការបរទេសសិង្ហបុរីវិញ ភាគីទាំងពីរបានពិភាក្សាអំពីការងារត្រៀមរៀបចំដំណើរទស្សនកិច្ចរបស់ឯកឧត្តម ប្រាក់ សុខុន ទៅកាន់ប្រទេសសិង្ហបុរី ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២៦នេះ៕







