ការអភិវឌ្ឍទេសចរណ៍ គឺចាប់ផ្ដើមពីសហគមន៍ និងភូមិឃុំសង្កាត់មានសុវត្ថិភាព
ការកសាងខឿនទេសចរណ៍ដោយផ្តោតលើសហគមន៍បានធ្វើឱ្យជីវភាពប្រជាពលរដ្ឋនៅខេត្តកែបកាន់តែល្អប្រសើរ ជាមួយប្រាក់ចំណូលគ្រួសារកើនឡើង និងបំណុលថយចុះ ខណៈដែលការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធដូចជា ទឹក ភ្លើង ផ្លូវ និងការពង្រឹងគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព គឺជាការវិនិយោគសម្រាប់សេដ្ឋកិច្ចខេត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងជាក់ស្តែងនិយម។
នេះគឺជាប្រសាសន៍របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកែប ដែលបានថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកែប កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦។
ដើម្បីអភិវឌ្ឍខេត្តកែបឱ្យក្លាយជារបៀងសេដ្ឋកិច្ចរឹងមាំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានណែនាំឱ្យអាជ្ញាធរ និង ក្រុមការងារគ្រប់ថ្នាក់ បន្តពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់ ដោយទប់ស្កាត់ឧក្រិដ្ឋកម្មអនឡាញ ព័ត៌មាន ក្លែងក្លាយ និងបទល្មើសផ្សេងៗ ព្រមទាំងដោះស្រាយវិវាទដីធ្លី និងសំណង់មិនរៀបរយ សំដៅបង្កើតបរិយាកាសល្អប្រសើរសម្រាប់ប្រជាពលរដ្ឋ និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ។
ជាមួយគ្នានេះ អាជ្ញាធរត្រូវបន្តយកចិត្តទុកដាក់លើការអនុវត្តផែនការអភិវឌ្ឍន៍ប្រចាំឆ្នាំ និងគម្រោងវិនិយោគនានា ទាំងរបស់រដ្ឋ និងឯកជន ដោយផ្តោតលើហេដ្ឋារចនាសម្ព័ន្ធ និងតភ្ជាប់បណ្តាញអគ្គិសនី និងទឹកស្អាតជូនប្រជាពលរដ្ឋឱ្យបានគ្រប់ខ្នងផ្ទះ។
ឯកឧត្តម សាយ សំអាល់ បានសង្កត់ធ្ងន់លើការកសាងមូលដ្ឋានទេសចរណ៍ ដោយចាប់ផ្តើមពីការអភិវឌ្ឍតាមសហគមន៍ ដូចជាការកសាងផ្លូវចូល ចំណតរថយន្ត បន្ទប់ទឹកសាធារណៈ និងផ្ទះលំហែ ដើម្បីទាក់ទាញភ្ញៀវទេសចរ បង្កើនចំណូលគ្រួសារ ព្រមទាំងបំផុសផ្នត់គំនិតជាសហគ្រិនមូលដ្ឋាន និងគំនិតច្នៃប្រឌិតក្នុងការបង្កើតមុខរបរឱ្យប្រជាពលរដ្ឋ ជាពិសេសត្រូវផ្តោតលើការចិញ្ចឹមគ្រឿងសមុទ្រ ព្រោះខេត្តកែបមានសក្តានុពលខ្លាំង ដែលអាចចិញ្ចឹមគ្រឿងសមុទ្រពាក់កណ្ដាលឧស្សាហកម្មបាន។
ឯកឧត្តមក៏បានផ្តល់អានុសាសន៍ឲ្យរៀបចំក្រុងកែបទៅជាកន្លែងសម្រាកលំហែដែលផ្សារភ្ជាប់ទៅតំបន់ទេសចរណ៍ធម្មជាតិ តំបន់ទេសចរណ៍របស់ប្រទេសជិតខាង និងទេសចរណ៍ផ្លូវទឹក ប្រកបដោយបរិយាកាសរីករាយ និងមានសណ្តាប់ធ្នាប់។
ឯកឧត្តម សាយ សំអាល់ បានចាត់ទុកលទ្ធផលការងារ ដែលរដ្ឋបាលខេត្តកែបសម្រេចបាន ថាជាដំណើរដ៏ត្រឹមត្រូវសម្រាប់ខេត្ត ហើយបានស្នើឱ្យមានការឯកភាពគ្នារវាងកងនគរបាល កងរាជអាវុធហត្ថ និងមន្ត្រីក្រុមការងារទាំងអស់ ដើម្បីចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដែលជាការងារអាទិភាពចម្បងបំផុតសម្រាប់ខេត្ត។
ជាមួយគ្នានេះ ឯកឧត្តមបានណែនាំមន្ទីរទេសចរណ៍ខេត្តកែបត្រូវសហការជាមួយអាជ្ញាធរខេត្ត ក្នុងការពិនិត្យមើលតម្លៃម្ហូបអាហារ និងកន្លែងស្នាក់នៅ សម្រាប់អ្នកទេសចរណ៍ដែលមកកម្សាន្តក្នុងខេត្តកែប ធ្វើយ៉ាងណាកុំឱ្យមានតម្លៃខ្ពស់ហួសហេតុ នាំឲ្យអាប់អោនកេរ្តិ៍ឈ្មោះខេត្ត និងប៉ះពាល់ដល់វិស័យទេសចរណ៍៕







