អង្គការ WHO ៖ ហានិភ័យរាលដាលនៃវីរុសនីប៉ាហ៍ ហួសពី ឥណ្ឌា មានកម្រិតទាបនៅឡើយ

អង្គការសុខភាពពិភពលោក WHO នៅថ្ងៃសុក្រ បានប្រកាសថា ហានិភ័យនៃការរីករាលដាលជំងឺ នីប៉ាហ៍ ដ៏កាចសាហាវ ហួសពីប្រទេសឥណ្ឌា គឺមានកម្រិតទាបនៅឡើយ បើទោះបីជាមានករណីឆ្លងចំនួន ៧៥០ករណីនៅទូទាំងពិភពលោកក៏ដោយ ។

បន្ថែមពីលើការប្រកាសនេះ អង្គការសុខភាពពិភពលោកក៏មិនណែនាំឱ្យមានការរឹតបន្តឹងការធ្វើដំណើរ ឬពាណិជ្ជកម្មណាមួយឡើយ បន្ទាប់ពីប្រទេសអាស៊ីខាងត្បូងមួយនេះ បានរាយការណ៍ពីករណីឆ្លងវីរុសនីប៉ាហ៍ចំនួន ២ករណី ។

បើតាមសារព័ត៌មាន CNA ចេញផ្សាយថ្ងៃទី៣០ ខែមករា, វត្តមានវីរុសនីប៉ាហ៍ នៅឥណ្ឌា បានជំរុញឱ្យអាជ្ញាធរក្នុងតំបន់អាស៊ី ដូចជាម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី និងទីក្រុងហុងកុង បង្កើនការត្រួតពិនិត្យផ្នែកសុខភាពយ៉ាងតឹងរ៉ឹង នៅតាមអាកាសយានដ្ឋាន ដើម្បីទប់ស្កាត់ករណីឆ្លងមិនឱ្យរីករាលដាលចូលទៅក្នុងទឹកដីរបស់ពួកគេ ។

យោងតាមអង្គការសុខភាពពិភពលោក WHO, វីរុសនីប៉ាហ៍ កើតចេញពីមេរោគផ្ទុកលើសត្វប្រចៀវ សត្វច្រឹង និងអាចឆ្លងទៅមនុស្ស និងជ្រូក ដែលអាចបណ្តាលឱ្យមានអាការៈគ្រុនក្តៅ និងរលាកខួរក្បាល ជាពិសេសមានអត្រាស្លាប់ចន្លោះពី ៤០% ទៅ ៧៥% ។

ក្រុមអ្នកជំនាញខាងវីរុស បាននិយាយថា ហានិភ័យដល់ប្រជាជនទូទៅនៅតែទាប ហើយវ៉ាក់សាំងជាច្រើនកំពុងស្ថិតក្នុងការអភិវឌ្ឍ ប៉ុន្តែនៅក្នុងដំណាក់កាលសាកល្បងនៅឡើយ។

គិតត្រឹមខែធ្នូ ឆ្នាំ២០២៥ មានករណីឆ្លងវីរុសនីប៉ាហ៍ចំនួន ៧៥០ករណីនៅទូទាំងពិភពលោក ក្នុងនោះមានអ្នកស្លាប់ចំនួន ៤១៥នាក់ នេះបើតាម CEPI ដែលជាសម្ព័ន្ធសម្រាប់ការត្រៀមលក្ខណៈបង្ការជំងឺរាតត្បាត និងកំពុងផ្តល់មូលនិធិដល់ការសាកល្បងវ៉ាក់សាំងដើម្បីជួយបញ្ឈប់វីរុសដ៏កំណាចមួយនេះ ៕

ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner