សម្តេចធិបតី៖ រាជរដ្ឋាភិបាលបានគិតគូរយ៉ាងយកចិត្តទុកដាក់ចំពោះផលប៉ះពាល់ដោយបានដាក់ចេញនូវវិធានការចាំបាច់ចំនួនបី ក្នុងការដោះស្រាយសម្រាប់បងប្អូនជនភៀសសឹកដែលអាចត្រឡប់ទៅលំនៅឋានវិញ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួប​សំណេះ​សំណាលសាកសួរសុខ​ទុក្ខ​ប្រជា​ពល​រដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ នៅមណ្ឌលសុវត្ថិភាពវត្តបាក់​កាំចំនួន៥៤០គ្រួសារ ស្ថិតនៅស្រុក​ត្បែងមានជ័យ​ ខេត្តព្រះវិហារនៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបាន ថ្លែងអំណរគុ​ណដល់ក្រុមការងារ​ ក្រសួងពាក់ព័ន្ធ​ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ អ្នក​ស្ម័គ្រចិត្ត​ សប្បុរសជន​ អង្គការជាតិ និងអន្តរជាតិ និងដៃគូផ្សេងៗ ព្រមទាំងផ្នែកពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់​ក្នុងការ​រៀបចំទីជម្រកសុវត្ថិភាព​ ផ្តល់ការឧបត្ថម្ភគាំទ្រដល់បង​ប្អូនប្រជាពលរដ្ឋភៀសសឹកទាំងអស់បានស្នាក់នៅបណ្តោះអាសន្នឱ្យមានសុវត្ថិភាព​ និងអាចស្នាក់នៅបានក្នុងគ្រាដ៏លំបាកនេះ។

សម្តេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានគិតគូរយ៉ាងយកចិត្តទុកដាក់ចំពោះផលប៉ះពាល់ដោយបានដាក់ចេញនូវវិធានការចាំបាច់ចំនួន៣ ក្នុងការដោះស្រាយសម្រាប់បងប្អូនជនភៀសសឹកដែលអាចត្រឡប់ទៅលំនៅឋានវិញ, បងប្អូនជនភៀសសឹកដែលមិនទាន់​អាចត្រឡប់ទៅលំនៅឋាន និងការស្តារហេដ្ឋានរចនាសម្ព័ន្ធ​ដែលរងការខូចខាត។

ទី១- សម្រាប់បងប្អូនជនភៀសសឹកដែលអាចវិលត្រឡប់ទៅលំនៅឋានវិញបាន ក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងអាជ្ញាធរមូលដ្ឋាន បាននិងកំពុងខ្នះខ្នែងរៀបចំសម្របសម្រួលឱ្យជនភៀសសឹក អាចវិលត្រឡប់ទៅលំនៅឋានវិញ បានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន។ ក្រោមការសម្របសម្រួលរបស់អាជ្ញាធរមីន និងក្រសួងស្ថាប័នពាក់ព័ន្ធ ប្រតិបត្តិករមីននានា ជាពិសេសមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជាស៊ីម៉ាក់ បាននិងកំពុងខិតខំយ៉ាងសកម្មនៅក្នុងការបោសសំអាតអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីធានាថា ទីតាំងទាំងនោះ មានសុវត្ថិភាពគ្រប់គ្រាន់មុននឹងអនុញ្ញាតឱ្យបងប្អូនជនភៀសសឹកវិលត្រឡប់ទៅកាន់ទីតាំងទាំងនោះ។ ជាមួយការសម្រួលការវិលត្រឡប់ទៅកាន់លំនៅឋានរបស់បងប្អូន រាជរដ្ឋាភិបាល បានបង្កើតគណៈកម្មការចំពោះកិច្ចរៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធ ដែលខូចខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ ដើម្បីរៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតពីជម្លោះព្រំដែននេះ។

ទី២-ចំពោះបងប្អូនជនភៀសសឹក ដែលមិនទាន់អាចត្រឡប់ទៅលំនៅឋានវិញបាន ដោយសារស្ថានភាពមិនទាន់អំណោយផលចំពោះមុខនេះ រាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋបាលខេត្ត អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធ បាននិងកំពុងគិតគូរពង្រឹងលើជម្រកបណ្តោះអាសន្ន ឬក្នុងករណីចាំបាច់អាចផ្លាស់ប្តូរជម្រកបណ្តោះអាសន្នរបស់បងប្អូនទៅកាន់ទីតាំងមានភាពប្រសើរជាងបច្ចុប្បន្ន។ រាជរដ្ឋាភិបាលកំពុងពិនិត្យផ្តល់នូវដំណោះស្រាយសមរម្យទៅតាមស្ថានភាពជាក់ស្តែង ដើម្បីជួយបងប្អូនអាចរក្សាលំនឹងជីវភាពប្រចាំថ្ងៃក្នុងកំលុងពេលដ៏លំបាកនេះ រហូតដល់បងប្អូនអាចវិលត្រឡប់ទៅលំនៅឋានវិញ។

ទី៣-ចំពោះហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋាន និងសាធារណៈ ដែលបានរងការខូចខាតមានជាអាទិ៍សាលារៀន មណ្ឌលសុខភាព ពេទ្យបង្អែក ផ្សារ ផ្លូវ ស្ពាន បណ្តាញទឹកស្អាត អគ្គិសនី ទូរគមនាគមន៍ ក្រុមការងារចំពោះកិច្ច បាននិងកំពុងវាយតម្លៃផលខូចខាតទាំងនេះ ហើយរាជរដ្ឋាភិបាលនឹងប្រើប្រាស់ធនធានទាំងថវិកាជាតិ និងថវិកាពីដៃគូអភិវឌ្ឍន៍ ដើម្បីស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធទាំងនេះឱ្យបានឆាប់រហ័សបំផុត តាមស្ថានភាពជាក់ស្តែង៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកផេកសម្តេចធិបតី ហ៊ុន ម៉ាណែត

ads banner