អង់គ្លេស និងជប៉ុន ព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ
តូក្យូ ៖ អង់គ្លេស និងជប៉ុនបានឯកភាពគ្នាលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និងការពារជាតិ ដោយផ្តោតសំខាន់លើការពង្រឹងសន្តិសុខរួមគ្នា ក្នុងតំបន់អឺរ៉ុប-អាត្លង់ទិក និងឥណ្ឌូ-ប៉ាស៊ីហ្វិក ។
ការព្រមព្រៀងគ្នានេះ ធ្វើឡើងនៅពេលដែលនាយករដ្ឋមន្រ្តីអង់គ្លេស លោក Keir Starmer នៅថ្ងៃទី៣១ ខែមករា មកបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ក្រោយបញ្ចប់ទស្សនកិច្ចនៅប្រទេសចិន ដែលនេះជាសារព្រមានមួយផ្ញើទៅកាន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ផងដែរ ។
នៅក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Sanae Takaichi លោក Starmer និយាយថា ចក្រភពអង់គ្លេស និងជប៉ុន គឺជាប្រទេសមានសេដ្ឋកិច្ចឈានមុខគេក្នុងតំបន់អន្តរប៉ាស៊ីហ្វិក ដែលរួមមានកាណាដា ជាប្រទេសសមាជិក G7 ក៏ដូចជាកតិកាសញ្ញាពាណិជ្ជកម្ម និងការពារជាតិអន្តរជាតិផ្សេងទៀត ។
លោក Starmer មានវ័យ៦៤ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា អង់គ្លេសកំណត់អាទិភាពច្បាស់លាស់មួយ ដើម្បីកសាងភាពជាដៃគូកាន់តែស៊ីជម្រៅនៅក្នុងឆ្នាំខាងមុខ ហើយក៏នោះរួមបញ្ចូលទាំងការធ្វើការរួមគ្នា ដើម្បីពង្រឹងសន្តិសុខរួមនៅទូទាំងតំបន់អឺរ៉ុប-អាត្លង់ទិក និងនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ។
ជាមួយគ្នានេះ លោកស្រីនាយករដ្ឋមន្រ្តី Takaichi បានពិភាក្សាជាមួយលោក Starmer អំពីកិច្ចសហប្រតិបត្តិការឆ្ពោះទៅរកការសម្រេចបាននូវតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ ក៏ដូចជាស្ថានភាពនៅមជ្ឈិមបូព៌ា និងសង្គ្រាមអ៊ុយក្រែន ។
បើតាមលោកស្រី Takaichi មានវ័យ៦៥ឆ្នាំរូបនេះ មេដឹកនាំទាំងពីរបានឯកភាពគ្នា ក្នុងអំឡុងកិច្ចពិភាក្សាអំពីសន្តិសុខសេដ្ឋកិច្ចថា ការពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ រួមទាំងរ៉ែសំខាន់ៗ គឺជាត្រូវការបន្ទាន់ ។
បន្ថែមលើនេះ មេដឹកនាំទាំងពីរក៏បានព្រមព្រៀងគ្នារៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស និងការពារជាតិអង់គ្លេស និងជប៉ុននៅឆ្នាំ ២០២៦នេះផងដែរ ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

