ឯកឧត្តម សាយ សំអាល់ កោតសរសើរខេត្តកំពតលើការងារបង្រ្កាបបទល្មើស

នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពត នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បានកោតសរសើរដល់កងនគរបាល កងរាជអាវុធហត្ថ និងមន្ត្រីរាជការនៃរដ្ឋបាលខេត្តកំពត ព្រមទាំងអាជ្ញាធរមូលដ្ឋានទាំងអស់ ដែលបានរួមគ្នាប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញ (Online Scam) បានយ៉ាងមានប្រសិទ្ធភាព និងទាន់ពេលវេលា នៅក្នុងភូមិសាស្រ្តខេត្តកំពត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានលើកទឹកចិត្តដល់ស្ថាប័នពាក់ព័ន្ធទាំងអស់បន្តយកចិត្តទុកដាក់បង្រ្កាប និងទប់ស្កាត់បទល្មើសនេះបន្តទៀត ស្របតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញ។

ជារួម ឯកឧត្តម សាយ សំអាល់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលខេត្តកំពត ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្មអស់ពីកម្លាំងកាយចិត្តក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីបម្រើជាតិមាតុភូមិនិងប្រជាពលរដ្ឋក្នុងខេត្តកំពត។ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានសហការល្អជាមួយអាជ្ញាធរខេត្ត ដើម្បីសម្រេចបានជោគជ័យនូវរាល់កិច្ចការនានា ជាឧត្តមប្រយោជន៍សម្រាប់ខេត្ត និងប្រជាពលរដ្ឋ។

ក្រៅពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការរីកចម្រើនលើវិស័យទេសចរណ៍ក្នុងខេត្តកំពត គឺត្រូវផ្សារភ្ជាប់ទៅនឹងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព។ ដូច្នេះកងនគរបាល កងរាជអាវុធហត្ថ និងមន្ត្រីក្រុមការងារទាំងអស់ ត្រូវរួមគ្នាពង្រឹង និងថែរក្សាសន្តិសុខសុវត្ថិភាពនៅក្នុងមូលដ្ឋាន, ជាពិសេសលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ, គ្រឿងញៀន និងល្បែងស៊ីសងផ្សេងៗ។ កត្តាទាំងនេះអាចសម្រេចទៅបានគឺទាមទារឲ្យមានការផ្សព្វផ្សាយឱ្យបានយល់ដឹងទូលំទូលាយ និងការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង ដើម្បីបង្កើតបាននូវបរិយាកាសល្អប្រសើរ និងភាពកក់ក្តៅសម្រាប់ភ្ញៀវទេសចរណ៍ និងប្រជាពលរដ្ឋ ជាឧត្តមប្រយោជន៍សម្រាប់ខេត្តកំពត។

ជាមួយនេះ ដើម្បីចូលរួមលើកកម្ពស់វិស័យអប់រំក្នុងខេត្តកំពត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក៏គ្រោងនឹងរៀបចំកម្មវិធីមួយដើម្បីផ្សព្វផ្សាយដល់សិស្សានុសិស្សនៅទូទាំងខេត្ត ដែលចង់បានអាហារូបករណ៍ទៅបន្តការសិក្សានៅតាមសាកលវិទ្យាល័យល្បីៗនៅក្រៅប្រទេស ដើម្បីអភិវឌ្ឍន៍ខ្លួនឱ្យក្លាយទៅជាធនធានមនុស្សប្រកបដោយគុណភាពសម្រាប់ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិផងដែរ៕

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner