រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនាំយកអំណោយសង្គ្រោះបន្ទាន់សម្រាប់ចែកជូនពលរដ្ឋភៀសសឹកនៅខេត្តសៀមរាប

សៀមរាប៖ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែវ សួនសុភី បាន​អញ្ជើញនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ជាច្រើន ប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប និងស្នងការ​ដ្ឋាននគរបាលខេត្ត ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ពលរដ្ឋភៀសសឹក និងកងកម្លាំងជួរមុខ។

ក្នុងពិធីប្រគល់ និងទទួលអំណោយដែលបានប្រារព្ធនៅសាលាខេត្តសៀមរាបកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ដោយ​មានការអញ្ជើញទទួល​ពី ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរ​បាល​ខេត្ត ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់ថា អំណោយទាំងនេះគឺជាការចូលរួមចំណែក ជួយសម្រាលទុក្ខលំបាក​ដល់​បងប្អូនប្រជាពលរដ្ឋដែលបានភៀសខ្លួនពីការឈ្លានពាននៅតាមបន្ទាត់ព្រំដែន និងដើម្បីឧបត្ថម្ភគាំទ្រដល់ស្មារតីវីរកងទ័ព ក៏ដូច​​ជាកងនគរបាលដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅសមរភូមិមុខ។

តាមការបញ្ជាក់របស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប គិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ចំនួនប្រជាពល​រដ្ឋភៀសសឹកដែលត្រូវបានជម្លៀសមករស់នៅមណ្ឌលសុវត្ថិភាពក្នុងខេត្តសរុប ៩.០២២គ្រួសារ ស្មើនឹង ២៨.១០១នាក់។
​ក្នុងចំណោមនោះមានប្រជាពលរដ្ឋចំនួន ៥.១២៧គ្រួសារ ,កំពុងស្នាក់នៅតាមមណ្ឌលសុវត្ថិភាព និងវត្តអារាមចំនួន ៥៥ទីតាំង ដែលសុទ្ធសឹងជាអ្នករងគ្រោះដោយការបាត់បង់ផ្ទះសម្បែង និងរងឥទ្ធិពលពីយុទ្ធភណ្ឌមិនទាន់ផ្ទុះ។

អំណោយដែលបានប្រគល់ជូនជនភៀសសឹកមាន អង្ករ , ទឹកសុទ្ធ , ភេសជ្ជៈ, ពងមាន់, ត្រីខ និងសាច់ខកំប៉ុង ព្រមទាំង​គ្រឿង​ទេស នំចំណី និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃជាច្រើនមុខ ។ចំណែកស្នងការនគរបាលខេត្តមាន អាវក្រោះ, អាវចរាចរណ៍ និងខ្សែ​ក្រវាត់នគរបាល ៕

​​ដោយ៖​ប៊ុន​រដ្ឋា

ads banner