សង្គ្រាមចូលឆ្នាំទី៤ រុស្សីស្រោចគ្រាប់បែកលើអ៊ុយក្រែនជាង ៥,០០០គ្រាប់ក្នុងមួយខែ

មូស្គូ ៖ កងទ័ពអាកាសរុស្ស៊ីបានទម្លាក់គ្រាប់បែកដល់ទៅ ៥,៧១៧គ្រាប់នៅលើទឹកដីប្រទេសអ៊ុយក្រែន គិតត្រឹមក្នុងខែមករាប៉ុណ្ណោះ ដែលនេះជាកំណត់ត្រាសរុបប្រចាំខែខ្ពស់បំផុតមួយ ចាប់តាំងពីផ្តើមការឈ្លានពានពេញទំហឹងកាលពីឆ្នាំ ២០២២ នេះបើយោងតាមតួលេខចេញផ្សាយដោយសារព័ត៌មាន Militarnyi ។

ទិន្នន័យចងក្រងដោយក្រុមអ្នកជំនាញ OSINT បានបង្ហាញថា កងកម្លាំងរុស្ស៉ីបានបង្កើនការទម្លាក់គ្រាប់បែកពីលើអាកាសដល់ទៅ ២៦ភាគរយ បើធៀបនឹងខែធ្នូឆ្នាំមុន ដែលមានត្រឹមតែ ៤,៦០០គ្រាប់ប៉ុណ្ណោះ ។

បើតាមសារព័ត៌មាន defence blog ចេញផ្សាយថ្ងៃអាទិត្យម្សិលមិញ, ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែមករាឆ្នាំនេះ យន្តហោះចម្បាំងរុស្ស៉ីបានទម្លាក់គ្រាប់បែកជាមធ្យមចំនួន ១៨៤គ្រាប់ក្នុងមួយថ្ងៃ ។

យោងតាមលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky, នៅក្នុងខែមករាដដែល រុស្ស៊ីបានវាយប្រហារដោយយន្តហោះដ្រូនច្រើនជាង ៦,០០០គ្រឿង គ្រាប់បែកនាំផ្លូវប្រហែល ៥,៥០០គ្រាប់ និងមីស៊ីលច្រើនប្រភេទចំនួន ១៥៨គ្រាប់ ។

មេដឹកនាំអ៊ុយក្រែនមានវ័យ៤៨ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា ភាគច្រើននៃការវាយប្រហាររបស់កងទ័ពអាកាសរុស្ស៊ី ផ្តោតសំខាន់កម្ទេចទីតាំងថាមពល ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក និងបណ្តាញដឹកជញ្ជូនដែលគាំទ្រដល់ការរស់រានមានជីវិតប្រចាំថ្ងៃរបស់ប្រជាជននៅទូទាំងប្រទេស ។

បើតាមសារព័ត៌មាន The Straits Times, សង្រ្គាមជិត ៤ឆ្នាំមកនេះ កងកម្លាំងរុស្ស៊ីបានកាន់កាប់ទឹកដីអ៊ុយក្រែនប្រហែល ២០ភាគរយរួចហើយ ហើយកំពុងរុលទៅមុខសន្សឹមៗ ឆ្លងកាត់ភាគខាងកើតអ៊ុយក្រែន ដោយរុស្ស៊ីបានប្រកាសពីការដណ្តើមបានភូមិថ្មីៗជាច្រើនកន្លែងក្នុងមួយសប្តាហ៍ ។

កាលពីខែធ្នូឆ្នាំមុន របាយការណ៍ស៊ើបការណ៍សម្ងាត់របស់អាមេរិក បានបន្តព្រមានថា លោកប្រធានាធិបតី Putin មិនបានបោះបង់ចោលគោលបំណងរបស់គាត់ ក្នុងការវាយដណ្តើមយកទឹកដីអ៊ុយក្រែនទាំងមូល និងទាមទារយកផ្នែកខ្លះនៃទ្វីបអឺរ៉ុប ដែលធ្លាប់ជាកម្មសិទ្ធិរបស់អតីតសហភាពសូវៀតនោះទេ ៕

ប្រភព ៖ defence blog និង The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner