សម្តេចតេជោ ហ៊ុន សែន គាំទ្រឱ្យរាជរដ្ឋាភិបាលកម្ពុជាបើកស្ថានទូតនៅប៉ាគីស្ថាន
ក្នុងដំណើរទស្សនិច្ច៤ថ្ងៃនៅកម្ពុជា ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន បានជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២កុម្ភៈ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានថ្លែងថា នៅក្នុងជំនួបនោះ សម្ដេចតេជោបានសម្ដែងការស្វាគមន៍ និងក្តីរីករាយដែលបានជួបឯកឧត្តមស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី សាជាថ្មី បន្ទាប់ពីឯកឧត្តមបានអញ្ជើញមកកម្ពុជាចំនួន៣លើករួចមកហើយ កាលពីឆ្នាំ២០១៩ បន្ទាប់មកនៅឆ្នាំ២០២៣។ ពេលនោះ ឯកឧត្តមបានអញ្ជើញចូលរួមក្នុងការសង្កេតការបោះឆ្នោត ហើយលើកទី៣នេះ ជាដំណើរទស្សនកិច្ចក្នុងនាមជាប្រធានព្រឹទ្ធសភាប៉ាគីស្ថាន។
សម្ដេចតេជោ បានចាត់ទុកវត្តមានឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន ជាផ្នែកដ៏សំខាន់ក្នុងការធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ ជាមួយការចុះហត្ថលេខានៅពេលនេះរវាងអគ្គលេខាធិការដ្ឋាននៃព្រឹទ្ធសភាប្រទេសទាំងពីរ។
ចំណែកឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថានវិញ បានសម្ដែងអំណរគុណចំពោះការស្វាគមន៍ដ៏កក់ក្តៅ ជាពិសេសការធ្វើបដិសណ្ឋារកិច្ចដ៏អស្ចារ្យរបស់សម្ដេចតេជោ ចំពោះឯកឧត្តម និងគណៈប្រតិភូ។
ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី ក៏បានអញ្ជើញសម្ដេចតេជោទៅបំពេញទស្សនកិច្ចនៅប្រទេសប៉ាគីស្ថានផងដែរ។ ជាការឆ្លើយតប សម្ដេចតេជោក៏បានសន្យាថា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសប៉ាគីស្ថានតាមពេលវេលាសមស្របណាមួយនាពេលខាងមុខ។
នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន បានឯកភាពគ្នាលើចំណុចរួមរបស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលប៉ាគីស្ថាន ជាពិសេស នឹងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ក្នុងន័យនេះ សម្តេចតេជោបានគាំទ្រឱ្យរាជរដ្ឋាភិបាលបើកស្ថានទូតកម្ពុជាជាផ្លូវការនៅប៉ាគីស្ថាន ដើម្បីជំរុញទំនាក់ទំនងទ្វេភាគី៕






អត្ថបទ៖ វណ្ណលុក
រូប៖ វ៉េង លីមហួត, សួង ពិសិដ្ឋ