ការកសាងផ្លូវក្រវាត់ព្រំដែនសម្រេចបានប្រមាណ៧២%នៃផែនការ

នៅក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២មករា ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន បានគូសបញ្ជាក់អំពីវឌ្ឍនភាពនៃការកសាងផ្លូវក្រវាត់ព្រំដែន និងដំណើរការនៃការគ្រប់គ្រងមូលនិធិ ប្រកបដោយតម្លាភាព គណនេយ្យភាព និងក្នុងស្មារតីសន្សំសំចៃខ្ពស់។

ក្នុងរយៈពេល១៣ខែ គិតចាប់ពីខែធ្នូ ឆ្នាំ២០២៤ មកដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ នេះ ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនបានឈូសព្រៃទទឹង ៥ ម៉ែត្រ បានប្រវែង ២៤១ គីឡូម៉ែត្រ សម្រាប់រកផ្លូវខ្សែដំបូង, ឈូសផ្លូវទទឹង ២០ ម៉ែត្រ បានប្រវែង ២១៧ គីឡូម៉ែត្រ សម្រាប់រកអ័ក្សផ្លូវ, ព្រមទាំងលុបជ្រលង-អូរ បន្ទាបចំណោតភ្នំ និងធ្វើប្រឡាយប្រវែង ១៩០ គីឡូម៉ែត្រ។

ក្រៅពីនេះ ក្រុមការងារក៏បានចិតជញ្ជាំងភ្នំ ធ្វើប្រឡាយបង្ហូរទឹកភ្លៀង កសាងទំនប់សុវត្ថិភាព និងកសាងតួផ្លូវសម្រេចបានប្រវែង ១៨៩ គីឡូម៉ែត្រ, ព្រមទាំងចាក់ក្រាលល្បាយកម្ទេចថ្ម-កិនបង្ហាប់បានប្រវែង ១២០ គីឡូម៉ែត្រ។ ជាលទ្ធផលរួមនៃដំណើរការកសាងផ្លូវក្រវាត់ព្រំដែននេះ គឺសម្រេចបានប្រមាណ ៧២% នៃផែនការរួម ក្នុងនោះ ខេត្តមណ្ឌលគិរី សម្រេចបាន ៩១% និងខេត្តរតនគិរី សម្រេចបានជិត ៥២%។

ចំពោះមុខនេះ ក្រុមការងារចំពោះកិច្ចនឹងជំរុញការងារកសាងផ្លូវ និងសំណង់មុខទឹក ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ឱ្យសម្រេចបានជាស្ថាពរ ១០០% យ៉ាងយូរត្រឹមខែមីនា ឆ្នាំ២០២៦នេះ។

បន្ថែមពីលើការកសាងសំណង់សិល្បការរ្យ ដូចជាលូប្រអប់ លូមូល និងថ្នល់បេតុងបង្កៀររក្សាទឹកទុកប្រើប្រាស់ជាដើម ក្រុមការងារចំពោះកិច្ចក៏បានររាវរកគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះតាមមុខសញ្ញានៃការដ្ឋានស្ថាបនាផ្លូវក្រវាត់ព្រំដែន សម្រេចជាស្ថាពរលើផ្ទៃដីទំហំជាង ៦លានម៉ែត្រការ៉េ ស្មើនឹង ៩៦%នៃផ្ទៃដីសរុប ដែលគ្រោងរាវរក។ ក្រុមជំនាញបានរកឃើញគ្រាប់គ្រប់ប្រភេទចំនួន ១០៦ គ្រាប់, លោហធាតុ ១ ពាន់គីឡូក្រាម ក្នុងនោះមានគ្រាប់ប៊ុមប៊ី (ឬគ្រាប់បែកចង្កោម) ចំនួន៤៣ គ្រាប់។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន នៅខែសីហា ឆ្នាំ២០២៤ ដើម្បីកៀរគរថវិកាបន្ថែម និងផ្តល់ឱកាសឲ្យប្រជាពលរដ្ឋទូទាំងប្រទេស បានចូលរួមដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅតាមបណ្ដោយព្រំដែន ដោយផ្ដោតការយកចិត្តទុកដាក់ទៅលើផ្លូវក្រវាត់ព្រំដែន។ ប្រជាជនជាង៧០ម៉ឺននាក់បានចូលរួមបរិចាកថវិកាសរុប២៧លានដុល្លារក្នុងមូលនិធិនេះ៕

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner