ក្រសួងវប្បធម៌៖ ថៃព្យាយាមដណ្ដើមយកប្រាសាទបុរាណខ្មែរ ជុំវិញជម្លោះព្រំដែនជាមួយកម្ពុជា
ភ្នំពេញ៖ជុំវិញជម្លោះព្រំដែនជាមួយកម្ពុជា ,ភាគីថៃ បានធ្វើឱ្យខូចខាតប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោក តំបន់ជុំវិញប្រាសាទព្រះវិហារ ប្រាសាទតាក្របី ប្រាសាទខ្នារ ប្រាសាទតាមាន់ និងបុរាណដ្ឋានផ្សេងៗទៀតនៅតាមព្រំដែន រួមជាមួយនឹងការព្យាយាមដណ្ដើមយកប្រាសាទបុរាណខ្មែរទៅគ្រប់គ្រង ព្រមទាំងការយកលេសពន្យារពេលប្រគល់វត្ថុបុរាណខ្មែរមួយចំនួន ត្រឡប់មកប្រទេសកម្ពុជាវិញ ។នេះបើយោងតាម ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថុ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បញ្ជាក់ក្នុងសន្និបាតបូកសរុបលទ្ធផលការងារវប្បធម៌ និងវិចិត្រសិល្បៈ ឆ្នាំ២០២៥ កាលពីព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦នាសាលសន្និសីទចតុមុខ ។
ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថុ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបន្តទៀតថា ភាពតានតឹង និងជម្លោះព្រំដែនកម្ពុជា ថៃ បានធ្វើឱ្យប៉ះពាល់ដល់សកម្មភាពជួសជុល និងអភិរក្ស រួមទាំងទេសចរវប្បធម៌ នៅក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទផ្សេងៗទៀតនៅតាមព្រំដែនផងដែរ។
ចំណែកលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា ឆ្នាំ២០២៥ គឺជាឆ្នាំមួយដែលលំបាកសម្រាប់យើង ដោយសារការឈ្លានពានពីប្រទេសជិតខាង ប៉ុន្តែលោកជំទាវសង្ឃឹមថា ឆ្នាំ២០២៦ ក្រសួងនឹងទទួលបានជោគជ័យកាន់តែខ្ពស់ ក្នុងការរួមចំណែកកសាងកម្ពុជា ឱ្យមានអត្តសញ្ញាណវប្បធម៌ច្បាស់លាស់ និងអភិវឌ្ឍប្រកបដោយចីរភាព ។
ទាក់ទងនឹងសកម្មភាពថៃនាដំណាក់កាលនេះ រដ្ឋមន្រ្តីក្រសួងវប្បធម៌បានបញ្ជាក់ថា ការណ៍ដែលភាគីថៃ លែងគោរពច្បាប់អន្តរជាតិ នាំឱ្យភាគីកម្ពុជា ពិបាកធ្វើការជាមួយខ្លាំងណាស់ដូចជា ការរាយបន្លាលួស និងដាក់ទូកុងតឺន័រ នៅលើដែនអធិបតេយ្យរបស់ភាគីកម្ពុជា គឺជាកំហុសដែលល្មើសនឹងច្បាប់អន្តរជាតិ ។
ជាមួយគ្នានេះលោកជំទាវរដ្ឋមន្ត្រីបានអំពាវនាវដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ អ្នកសិក្សាឯកសារ ត្រូវតែឆ្លើយតបតាមអ្វីដែលអាចឆ្លើយបាន កុំស្ងាត់ឱ្យសោះ គឺយើងត្រូវចេញមកចូលរួមទាំងអស់គ្នា ក្នុងនាមយើងជាខ្មែរ។
សូមជម្រាបថា មួយផ្នែកនៃរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងវប្បធម៌បានគូសរំលេចថា ឆ្នាំ២០២៥ក្រសួង បានជួសជុល និងអភិរក្សសំណង់បេតិកភណ្ឌសរុបចំនួន ១ ០៩៥ ទីតាំង/ផ្នែកចំណុច ។ក្រសួង បានជួសជុលនិងអភិរក្ស វត្ថុបុរាណ វត្ថុសិល្បៈ និងវត្ថុជាតិពន្ធុ សរុបចំនួន ៥.០៦១មុខ ។ ក្រសួងបានទទួលវត្ថុបុរាណខ្មែរពីបរទេសសរុបចំនួន ១ ១៥៨មុខ ពីស្ថាប័ននានាចំនួន ៤០ និងពីបុគ្គលចំនួន ១ ១១៨ គិតពីខែមករា ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ ដោយឡែក ការអភិរក្សបុរាណដ្ឋាន ក្រសួងបានវាស់វែងចំនួន ១៨ ៥៣០ ស្មើនឹង ៩៦.៥៧ភាគរយ ៕







អត្ថបទ៖ វណ្ណលុក
រូប៖ គ្រី សម្បត្តិ