ពិធីក្រុងពាលីសង្កត់គ្រឹះសាងសង់ «មហាកុដិ សម្ដេចវិបុលបញ្ញា សុខ អាន» នៅវត្តសារាវ័ន្តតេជោ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃពុធ ២រោច ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ពិធីក្រុងពាលី និងបញ្ចុះបឋមសិលាសាងសង់ «មហាកុដិ សម្ដេចវិបុលបញ្ញា សុខ អាន» ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ អាន្នី សម្ដេចវិបុលបញ្ញា សុខ អាន។

ពិធីក្រុងពាលីនេះមានការនិមន្តចូលរួមពីសម្ដេចព្រះមហាសុមេធាធិបតី កិត្ដិឧទ្ទេសបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃនាយកគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពីឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច និងលោកជំទាវ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ព្រមទាំងក្រុមគ្រួសារ បុត្រាបុត្រី ចៅប្រុសចៅស្រីរបស់សម្ដេចវិបុលបញ្ញា សុខ អាន ដែលប្រារព្ធឡើងនៅបរិវេណវត្តសារាវ័នតេជោ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

មហាកុដិដ៏ស្កឹមស្កៃនេះត្រូវបានផ្ដួចផ្ដើមកសាងឡើងដោយសទ្ធាជ្រះថ្លារបស់មហាលក្ខណាភិរ័ក្ខរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ តាន់ វិច ហុង និងលោកជំទាវ អាន្នី សម្ដេចវិបុលបញ្ញា សុខ អាន ព្រមទាំងបុត្រា បុត្រី និងចៅៗទាំងអស់ ដើម្បីទុកជាសមិទ្ធផលរូបវន្តដ៏ថ្លៃថ្លាក្នុងវិស័យព្រះពុទ្ធសាសនា និងឧទ្ទិសកុសលផលបុណ្យជូនចំពោះដួងវិញ្ញាណក្ខន្ធ សម្តេចវិបុលបញ្ញា សុខ អាន។

គួររំលឹកផងដែរថា វត្ត «សារាវ័នតេជោ» គឺជាអារាមព្រះពុទ្ធសាសនាដ៏ចំណាស់មួយ ដែលមានអាយុកាលប្រមាណ ៦០៣ឆ្នាំមកហើយ គិតចាប់តាំងពីការកកើតឡើងក្នុងឆ្នាំ ១៤២២។ ឈ្មោះ «សារាវ័នតេជោ» នេះមានប្រភពមកពីពាក្យបាលីថា «សាលវ័ន» រីឯ «តេជោ»នៅខាងចុង គឺជាការរំលឹកដល់គុណូបការៈរបស់លោកឧកញ៉ាតេជោស្រី។

សមិទ្ធផលមហាកុដិថ្មីនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ដោយផ្តល់នូវទីសេនាសនៈដ៏សមរម្យ ប្រកបដោយសុវត្ថិភាព និងផាសុកភាព សម្រាប់ព្រះសង្ឃគង់ចាំព្រះវស្សា ក៏ដូចជាបង្កលក្ខណៈងាយស្រួលដល់ការសិក្សារៀនសូត្រធម៌វិន័យ និងការបំពេញសាសនាកិច្ចផ្សេងៗ។ លើសពីនេះ ការកសាងនេះក៏ជាការរួមចំណែកយ៉ាងធំធេងក្នុងការអភិរក្ស និងអភិវឌ្ឍតម្លៃប្រវត្តិសាស្ត្រដែលមានអាយុកាលជាង ៦០០ឆ្នាំរបស់វត្តសារាវ័នតេជោ ឱ្យកាន់តែមានសោភ័ណភាព និងភាពរីកចម្រើន៕

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner