នាវាចម្បាំងខ្នាតយក្ស អាមេរិក ផ្តើមប្រតិបត្តិការយោធា លើអ៊ីរ៉ង់
វ៉ាស៊ីនតោន ៖ នាវាចម្បាំងខ្នាតយក្ស របស់សហរដ្ឋអាមេរិក បានចាប់ផ្តើមធ្វើប្រតិបត្តិការយោធា ទៅលើអ៊ីរ៉ង់ ជាលើកដំបូង ចាប់តាំងពីត្រូវបានបញ្ជូនឲ្យទៅប្រុងជើងការ នៅក្បែរៗ សាធារណរដ្ឋឥស្លាមមួយនេះ។
យោងតាមសារព័ត៌មាន RT, មន្ត្រីយោធាអាមេរិក បានអះអាងថា យន្តហោះចម្បាំង F-35C បានបោះពួយ ចេញពីនាវាផ្ទុកយន្តហោះ USS Abraham Lincoln បាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក របស់អ៊ីរ៉ង់ កាលពីថ្ងៃអង្គារ បន្ទាប់ពី ដ្រូនប្រភេទ Shahed-139 មួយគ្រឿងនេះ បានគឃ្លើនហោះចូលទៅជិតនាវាអាមេរិក នៅក្នុងសមុទ្រអារ៉ាប់ ដោយមិនដឹងមូលហេតុ។
លោក Tim Hawkins អ្នកនាំពាក្យ បញ្ជាការកណ្តាល របស់យោធាអាមេរិក និង ជាមេបញ្ជាការកងទ័ពជើងទឹក បានប្រាប់ថា ជាការបាញ់ទម្លាក់ ដើម្បីការពារនាវាផ្ទុកយន្តហោះ និង កងកម្លាំងយោធា។ លោកបានបន្ថែមទៀតថា គ្មានជនជាតិអាមេរិកណាម្នាក់ រងគ្រោះថ្នាក់ នៅក្នុងឧបទ្ទវហេតុ នោះទេ។
ហេតុការណ៍នេះ បានកើតមានឡើង ស្របពេលដែល អាមេរិក និងអ៊ីរ៉ង់ កំពុងខិតខំប្រឹងប្រែង តាមរយៈការទូត ដើម្បីរៀបចំកិច្ចចរចានុយក្លេអ៊ែរ រវាងប្រទេសទាំងពីរ ដើម្បីបញ្ចៀស ការវាយប្រហារដោយយោធា ទ្រង់ទ្រាយធំ។
យោងតាម Axios, ការចរចាត្រូវបានគ្រោងទុកថា រៀបចំធ្វើ នៅថ្ងៃសុក្រនេះ ប៉ុន្តែ ទីក្រុងតេហេរ៉ង់ បានទាមទារឱ្យមានការផ្លាស់ប្តូរ ទីកន្លែង និង ទម្រង់នៃការជជែកគ្នា។
ភាពតានតឹង រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានផ្តើមពុះកញ្ជ្រោលខ្លាំង បន្ទាប់ពីនាវាផ្ទុកយន្តហោះអាមេរិក USS Abraham Lincoln អមដោយនាវាពិឃាតចំនួន ៣ គ្រឿង ប្រដាប់ដោយមីស៊ីល Tomahawk បានទៅដល់តំបន់មជ្ឈិមបូព៌ា កាលពីសប្តាហ៍មុន។
អ៊ីរ៉ង់ បានព្រមាន លោកប្រធានាធិបតី Donald Trump ម្តងហើយម្តងទៀត កុំឲ្យធ្វើដើរផ្លូវខុសឲ្យសោះ ព្រោះថា កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ត្រៀមខ្លួនផ្ទុះអាវុធខ្លាំងជាងពេលណាៗទាំងអស់ ដើម្បីការពារប្រទេស ជាពិសេសអ៊ីរ៉ង់នឹងធ្វើឲ្យអាមេរិក និងអ៊ីស្រាអែលរងការឈឺចាប់មិនធ្លាប់មានចំពោះការឈ្លានពានណាមួយពីសត្រូវទាំងនេះ៕
ប្រភពពី RT ប្រែសម្រួល ៖ សារ៉ាត