លោក ស៊ី ជីនពីង ដាក់មហិច្ឆតាប្រែក្លាយលុយយ័នចិន ទៅជារូបិយប័ណ្ណបម្រុងពិភពលោក
ប៉េកាំង ៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពិង កាលពីថ្ងៃអង្គារបានដាក់មហិច្ឆតាប្រែក្លាយលុយយ័នចិន ទៅជារូបិយប័ណ្ណបម្រុងពិភពលោក ដើម្បីពង្រឹងខ្លួនក្លាយជាមហាអំណាចហិរញ្ញវត្ថុដ៏ពិតប្រាកដ ។
បើតាមសារត៌មាន RT, លុយយ័នចិនបានក្លាយជារូបិយប័ណ្ណហិរញ្ញវត្ថុពាណិជ្ជកម្ម ដែលពិភពលោកប្រើប្រាស់ច្រើនជាងគេលំដាប់ទី ២ បន្ទាប់ពីលុយដុល្លារ ។
ការកើនឡើងការប្រើប្រាស់លុយយ័នចិន ផ្តើមចេញពីសង្គ្រាមអ៊ុយក្រែនកាលពីឆ្នាំ ២០២២ ។ សង្គ្រាមនេះធ្វើឱ្យប្រទេសលោកខាងលិចនាំគ្នាដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ទើបជំរុញឱ្យប្រទេសជាច្រើន ចាប់ផ្តើមការដោះដូរពាណិជ្ជកម្មគ្នាទៅវិញទៅមកជារូបិយប័ណ្ណជាតិ ។
តួយ៉ាង កាលពីខែវិច្ឆិកា រដ្ឋមន្ត្រីហិរញ្ញវត្ថុរុស្ស៊ី លោក Anton Siluanov និយាយថា ជិត ១០០ ភាគរយនៃពាណិជ្ជកម្មរវាងទីក្រុងមូស្គូ និងទីក្រុងប៉េកាំង បានប្តូរទៅជាលុយរូប្លិ៍របស់រុស្ស៊ី និងលុយយ័នរបស់ចិន ដើម្បីកាត់បន្ថយការពឹងផ្អែកលើស្ថាប័នហិរញ្ញវត្ថុលោកខាងលិច ។
យ៉ាងណា តួនាទីលុយយ័នរបស់ចិន នៅក្នុងរូបិយប័ណ្ណបម្រុងសកលនៅតែមានកម្រិតនៅឡើយ ។
បើតាមកាសែត Financial Times, ដើម្បីសម្រេចគោលដៅនេះ លោក ស៊ី ជីនពីង អះអាងថា ប្រទេសចិនត្រូវការធនាគារកណ្តាលដ៏រឹងមាំ មានសមត្ថភាពគ្រប់គ្រងគោលនយោបាយរូបិយវត្ថុ ស្ថាប័នហិរញ្ញវត្ថុដែលមានការប្រកួតប្រជែងទូទាំងពិភពលោក និងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ដែលអាចទាក់ទាញដើមទុន និងមានឥទ្ធិពលលើការវាយតម្លៃទូទាំងពិភពលោក ។
មហិច្ឆតារបស់លោក ស៊ី ជីនពីង កើតមានឡើង ខណៈពេលដែលអាជ្ញាធរត្រួតពិនិត្យហិរញ្ញវត្ថុសហព័ន្ធអាល្លឺម៉ង់ ហៅកាត់ BaFin ព្រមានថា ឋានៈរបស់លុយដុល្លារអាមេរិក ក្នុងនាមជារូបិយប័ណ្ណបម្រុងពិភពលោក អាចនឹងត្រូវបាត់បង់នៅដើមឆ្នាំ ២០២៦ នេះ ដោយសារកង្វះមូលនិធិ វិបត្តិភូមិសាស្ត្រនយោបាយ និងការកើនឡើងនយោបាយភាវូបនីយកម្ម ។
យោងតាមទិន្នន័យរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ IMF បង្ហាញថា នៅក្នុងត្រីមាសទី ៣ នៃឆ្នាំ ២០២៥ លុយដុល្លារអាមេរិកមានប្រហែល ៥៧% នៃទុនបម្រុងពិភពលោក ហើយលុយអឺរ៉ូមានប្រហែល ២០% ខណៈលុយយ័នចិនមានជិត ២ ភាគរយប៉ុណ្ណោះ ៕
ប្រភព ៖ RT និង Financial Times ប្រែសម្រួល ៖ ឈឹម ទីណា