ព្រិលធ្លាក់ខ្លាំងឆក់យកជីវិតមនុស្សកើនដល់ ៣៥ នាក់នៅ ជប៉ុន
តូក្យូ ៖ ចំនួនអ្នកស្លាប់ដោយសារព្រិលធ្លាក់ខ្លាំងខុសពីធម្មតានៅប្រទេសជប៉ុន ក្នុងពេល ២ សប្តាហ៍ចុងក្រោយនេះ បន្តកើនឡើងដល់ទៅ ៣៥នាក់ ខណៈដែលអាជ្ញាធរបានចេញការព្រមាន អំពីការរអិលបាក់ផ្ទាំងទឹកកកនៅតំបន់ភាគខាងជើងប្រទេស ។
បើតាមសារព័ត៌មាន AFP, គិតត្រឹមថ្ងៃទី៤ ខែកុម្ភៈ ការធ្លាក់ព្រិលខ្លាំងខុសប្រក្រតីបានសម្លាប់ប្រជាជនជប៉ុនដល់ទៅ ៣៥នាក់ និងបណ្តាលឱ្យមនុស្សប្រមាណ ៣៩៣នាក់រងរបួសនៅទូទាំងប្រទេស ចាប់តាំងពីថ្ងៃទី២០ ខែមករា នេះបើយោងតាមទីភ្នាក់ងារគ្រប់គ្រងអគ្គីភ័យ និងគ្រោះមហន្តរាយ ។
អាជ្ញាធរគ្រប់គ្រងគ្រោះមហន្ដរាយជប៉ុន បានកត់ត្រាការធ្លាក់ព្រិលមានគំនរព្រិលកម្ពស់រហូតដល់ ៤.៥ម៉ែត្រពីដី នៅក្នុងខេត្ត អាអូម៉ូរី ជាតំបន់ភាគខាងជើង ដែលរងគ្រោះខ្លាំងបំផុត ហើយក៏ជាកន្លែងមានអ្នកស្លាប់ជាច្រើនជាងគេ ។
ឆ្លើយតបបញ្ហានេះ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានបញ្ជាឱ្យក្រុមរដ្ឋមន្ត្រីទាំងអស់បញ្ចេញឱ្យអស់ពីសមត្ថភាព ដើម្បីទប់ស្កាត់ឧបទ្ទវហេតុ និងកាត់បន្ថយចំនួនអ្នកស្លាប់ថែមទៀត ។
ទន្ទឹមគ្នា សាលារៀនជាច្រើនបានបិទទ្វារ ហើយសេវាដឹកជញ្ជូនសាធារណៈនានាត្រូវបានផ្អាកក្នុងតំបន់មួយចំនួន ។ បច្ចុប្បន្ន អាជ្ញាធរកំពុងប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ និងរថយន្តដឹកទំនិញកាយជម្រះគំនរព្រិលចេញពីផ្លូវថ្នល់ និងលំនៅដ្ឋាន។
គិតចាប់តាំងពីថ្ងៃទី២០ ខែមករា រហូតមកទល់ពេលនេះ ព្រិលធ្លាក់ខ្លាំងនៅតែស្ថិតក្រោមស្ថានភាពប្រកាសអាសន្ននៅឡើយ ខណៈពេលដែលកងទ័ពកំពុងបន្តប្រតិបត្តិការជួយសង្គ្រោះយ៉ាងដុតដៃដុតជើង ៕




ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា