កម្ពុជាអរគុណបារាំងដែលត្រៀមផ្តល់ឯកសារប្រវត្តិសាស្ត្រ និងបច្ចេកទេសពាក់ព័ន្ធព្រំដែនជាមួយថៃ

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសថា នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើលិខិតមួយច្បាប់ជូនឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ដើម្បីឆ្លើយតបទៅនឹងការបង្ហាញឆន្ទៈរបស់ប្រទេសបារាំង ក្នុងការត្រៀមខ្លួនផ្តល់នូវឯកសារប្រវត្តិសាស្ត្រ និងបច្ចេកទេសពាក់ព័ន្ធនឹងព្រំដែនអន្តរជាតិរវាងប្រទេសកម្ពុជា និងប្រទេសថៃ ក្នុងករណីមានសំណើពីប្រទេសកម្ពុជា។

នៅក្នុងលិខិតនេះ សម្តេចធិបតីបានសម្តែងនូវអំណរគុណយ៉ាងស្មោះរបស់កម្ពុជាចំពោះប្រទេសបារាំង ដែលបានប្រកាន់ជំហរជាគោលការណ៍គាំទ្រចំពោះបទឈប់បាញ់រវាងកម្ពុជា និងថៃ ក៏ដូចជាចំពោះការចូលរួមប្រកបដោយស្ថាបនារបស់ប្រទេសបារាំង ក្នុងកិច្ចប្រឹងប្រែងសម្រួលដល់ការដោះស្រាយ ជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។

សម្តេចធិបតីក៏បានគូសបញ្ជាក់ថា កម្ពុជាវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់បារាំងដល់សន្តិភាព ការអភិវឌ្ឍ និងការកសាងជាតិឡើងវិញរបស់កម្ពុជារាប់ទសវត្សរ៍មកហើយ។ ការរួមចំណែកនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងសមត្ថភាពជាតិកម្ពុជា ហើយព្រមទាំងបានធ្វើឱ្យភាពជាដៃគូពហុវិស័យរវាងប្រទេសទាំងពីរកាន់តែមានភាពស៊ីជម្រៅថែមទៀត។

សម្តេចធិបតីបានសង្កត់ធ្ងន់ដែរថា កម្ពុជាផ្តល់សារៈសំខាន់ចំពោះតួនាទីរបស់បារាំង មិនត្រឹមតែក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអ្នកដឹកនាំគាំទ្រដ៏ឈានមុខមួយ ចំពោះអភិបាលកិច្ចសកល ច្បាប់អន្តរជាតិ និងពហុភាគីនិយម និងក្នុងនាមជាដៃគូយូរអង្វែង ដែលមានការផ្សាភ្ជាប់ទំនាក់ទំនងតាមរយៈការគោរពគ្នាទៅវិញទៅមក ប្រវត្តិសាស្ត្ររួម និងតម្លៃរួម។

នៅក្នុងបរិបទនេះ សម្តេចធិបតីបានស្នើសុំឱ្យប្រទេសបារាំងពិចារណាផ្តល់ការគាំទ្របច្ចេកទេស ជំនាញ និងការប្រឹក្សាយោបល់ ព្រមទាំងសម្រួលការទទួល និងផ្តល់ឯកសារប្រវត្តិសាស្ត្រ និងបច្ចេកទេសពាក់ព័ន្ធនឹងព្រំដែនអន្តរជាតិរវាងកម្ពុជា និងថៃ ដែលជាមរតកនៃសម័យអាណាព្យាបាល។

សម្តេចធិបតីបានបញ្ជាក់ជាថ្មីថា កម្ពុជាត្រៀមខ្លួនធ្វើការយ៉ាងជិតស្និទ្ធជាមួយបារាំង និងសហគមន៍អន្តរជាតិ ដើម្បីការពារសន្តិភាពតាមរយៈការគោរពច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី ដោយមិនប្រើការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងនោះទេ។ សម្តេចធិបតីបានសម្តែងជំនឿយ៉ាងមុតមាំថា ការបន្តចូលរួមចំណែករបស់បារាំងនឹងជួយដល់គោលបំណងរួម ដើម្បីសម្រេចបាននូវដំណោះស្រាយដ៏យុត្តិធម៌ និងយូរអង្វែង ដែលអនុញ្ញាតឱ្យប្រជាជនកម្ពុជា និងប្រជាជនថៃអាចរួមរស់ជាមួយគ្នាក្នុងសន្តិភាព សន្តិសុខ ភាពជាអ្នកជិតខាងល្អ និងវិបុលភាព រួមទាំងសម្រាប់ប្រជាជនជំនាន់ក្រោយៗទៀត។

រាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី ដោយដាច់ខាតមិនធ្វើការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង ហើយនិងលើកកម្ពស់ច្បាប់អន្តរជាតិ និងពហុភាគីនិយម ដែលជាមូលដ្ឋានគ្រឹះសម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោកទាំងមូល៕

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner