វៀតណាម បោះទុន ២៥០ លានដុល្លារ ផលិតប្រព័ន្ធមីស៊ីលប្រឆាំងរថក្រោះដោយខ្លួនឯង
ហាណូយ ៖ វិស័យការពារជាតិរបស់វៀតណាមកាន់តែរីកចម្រើនថែមមួយកម្រិតទៀត បន្ទាប់ពីប្រទេសអាស៊ានមួយនេះ បានបោះទុនវិនិយោគដល់ទៅ ២៥០ លានដុល្លារ ដើម្បីផលិតប្រព័ន្ធមីស៊ីលប្រឆាំងរថក្រោះដោយខ្លួនឯង ។
បើតាមសារព័ត៌មាន defence blog, ប្រព័ន្ធមីស៊ីលប្រឆាំងរថក្រោះដែលផលិតដោយវៀតណាមនេះមានឈ្មោះ Firefly ហើយនឹងប្រើប្រាស់បច្ចេកវិទ្យាផលិតពីក្រុមហ៊ុនការពារជាតិអ៊ីស្រាអែលឈ្មោះថា Rafael ។
Firefly គឺជាមីស៊ីលដ្រូនបែបបណ្ដែតខ្លួនលើអាកាសក្នុងកម្ពស់ ៥ គីឡូម៉ែត្រ ដែលរចនាឡើងសម្រាប់កងទ័ពជើងគោកប្រើប្រាស់នៅក្នុងសមរភូមិជាមួយនឹងសមត្ថភាពអាចវាយប្រហារគោលដៅបានក្នុងចម្ងាយឆ្ងាយរហូតដល់ ៤០ គីឡូម៉ែត្រ ។
មីស៊ីល Firefly ដំណើរការដូចមីស៊ីលដ្រូន ដែលអាចហោះបណ្តែតខ្លួនលើអាកាស ដើម្បីស្វែងរកគោលដៅ និងវាយប្រហារតាមការបញ្ជារបស់អ្នកដែលគ្រប់គ្រងវា ។ កងទ័ពអ៊ីស្រាអែលបានប្រើប្រាស់មីស៊ីលប្រភេទនេះ ក្នុងអំឡុងពេលប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សា ក្រោយព្រឹត្តិការណ៍ថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ ។
ក្រៅពីយកបច្ចេកវិទ្យាអ៊ីស្រាអែលមកផលិតមីស៊ីលនេះហើយនោះ, ក្រសួងការពារជាតិវៀតណាម និងក្រុមហ៊ុន Rafael ក៏នឹងរួមបញ្ចូលនូវការផ្ទេរចំណេះដឹងបច្ចេកទេស ដើម្បីបង្កើតរោងចក្រផលិតមីស៊ីលនៅក្នុងប្រទេសវៀតណាមផងដែរ ។ រោងចក្រនេះ នឹងត្រូវគ្រប់គ្រងដោយក្រុមហ៊ុនក្នុងស្រុកមួយរបស់វៀតណាម ក្រោមអាជ្ញាបណ្ណផ្លូវការពីក្រុមហ៊ុនអ៊ីស្រាអែល ។
ផ្អែកតាមទិន្នន័យរបស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកខុល ហៅកាត់ SIPRI បានឱ្យដឹងថា ចាប់ពីឆ្នាំ ១៩៩៥ ដល់ឆ្នាំ ២០២៤ វៀតណាមបាននាំចូលគ្រឿងសព្វាវុធក្នុងតម្លៃជាង ៩ ទ្រីលានដុល្លារ ។ ក្នុងនោះ វៀតណាមនាំចូលអាវុធពីរុស្ស៊ីមានតម្លៃជាង ៧.៥ ទ្រីលានដុល្លារ ឬស្មើនឹង ៨១ ភាគរយនៃការនាំចូលអាវុធសរុបរបស់ប្រទេសនេះ ។
បច្ចុប្បន្ននេះ វៀតណាមស្ថិតក្នុងលំដាប់លេខរៀងទី ២១ ជាប្រទេសនាំចូលអាវុធធំជាងគេទូទាំងពិភពលោក និងជាប្រទេសធំជាងគេទី៣ ក្នុងចំណោមរដ្ឋសមាជិកអាស៊ាន បន្ទាប់ពីប្រទេសសិង្ហបុរី និងឥណ្ឌូណេស៊ី ៕
ប្រភព ៖ defence blog CTech និង Trade.gov ប្រែសម្រួល ៖ ឈឹម ទីណា
