ថ្នាក់ដឹកនាំបក្សកាន់អំណាចកម្ពុជា-វៀតណាម ប្ដេជ្ញាពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់២០ពាន់លានដុល្លារ
ភ្នំពេញ៖ ថ្នាក់ដឹកនាំបក្សកាន់កាន់អំណាចកម្ពុជា និងវៀតណាមបានប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងតាមព្រំដែននៃប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន ជាពិសេសបានឯកភាពគ្នា ពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកើនឡើងដល់ ២០ពាន់លានដុល្លារនៅពេលខាងមុខ។ នេះបើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ។

បន្ទាប់ពីកិច្ចប្រជុំកំពូលរវាងគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្ស និងគណបក្សកុម្មុយនីស្តវៀតណាម ដឹកនាំដោយឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្ស នៅវិមាន ៧មករា នាព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ជា ធីរិទ្ធ បានប្រាប់អ្នកយកព័ត៌មានថា សម្ដេចតេជោបានសម្តែងក្ដីរីករាយចំពោះភាពរីកចម្រើននៃទំនាក់ទំនងទ្វេភាគីកម្ពុជា-វៀតណាម ទាំងក្នុងក្របខ័ណ្ឌគណបក្ស ស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័ននីតិបញ្ញត្តិ។

នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តម តូ ឡឹម បានឯកភាពដូចដែលសម្ដេចតេជោបានលើកឡើង ហើយឯកឧត្តមបញ្ជាក់ពីការផ្ដល់តម្លៃខ្ពស់បំផុតចំពោះទំនាក់ទំនងកម្ពុជា និងវៀតណាម ដោយសង្កត់ធ្ងន់ថា វៀតណាមគាំទ្រឥតងាករេចំពោះការបង្កើតទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ ទាំងក្នុងក្របខណ្ឌគណបក្ស រដ្ឋាភិបាល និងស្ថាប័ននីតិបញ្ញត្តិ។

ឯកឧត្តម តូ ឡឹម បានសម្ដែងការពេញចិត្តចំពោះសន្តិសុខ សន្តិភាពនៅតាមព្រំដែនរួម ដែលមានកិច្ចសហប្រតិបត្តិការគ្នាយ៉ាងល្អ ក្នុងនោះឯកឧត្តមបានជំរុញឲ្យភាគីទាំងពីរធ្វើយ៉ាងណា បន្តរក្សាបាននូវទំនាក់ទំនង និងកិច្ចសហការគ្នាល្អតាមព្រំដែន និងបន្តធ្វើការជាមួយគ្នា ក្នុងការជំរុញពាណិជ្ជកម្ម សេដ្ឋកិច្ច ក៏ដូចជាការផ្ដល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងសងខាង ។

សម្ដេចតេជោ ហ៊ុន សែន បានឯកភាពទាំងស្រុងចំពោះការលើកឡើងរបស់ឯកឧត្តម តូ ឡឹម ទាក់ទងការរីកចម្រើនតាមព្រំដែន ដោយសារកត្តាស្ថេរភាព សន្តិភាព ដែលភាគីទាំងពីររក្សាបាននាពេលកន្លងមក និងបន្តពូនជ្រុំ ពង្រីកបន្ថែមទៀតឲ្យកាន់តែល្អប្រសើរ។ ជាងនេះទៅទៀត ភាគីទាំងពីរបានឯកភាពគ្នាទាំងស្រុងចំពោះការពង្រីកកិច្ចសហប្រតិបត្តិការតាមព្រំដែន ដើម្បីធ្វើយ៉ាងណា កុំឲ្យមានឧក្រិដ្ឋកម្មកើតឡើង ហើយរក្សាបាននូវព្រំដែន ដែលមានស្ថេរភាព សន្តិភាពទាំងសងខាង។

ចំពោះគណបក្សវិញ សម្ដេចតេជោ និងឯកឧត្តម តូ ឡឹម បានលើកឡើងអំពីការផ្លាស់ប្ដូរទំនាក់ទំនងតាមរយៈទស្សនកិច្ចរវាងថ្នាក់ដឹកនាំកំពូលនៃគណបក្សទាំងពីរនាពេលកន្លងមក ដែលបានបង្ហាញយ៉ាងច្បាស់ អំពីការផ្ដល់តម្លៃដល់ការពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា ហើយថ្នាក់ដឹកនាំទាំងពីរក៏បានជំរុញការប្រឹងប្រែងពង្រីកទំនាក់ទំនងនេះបន្ថែមទៀត។

ម៉្យាងទៀត សម្ដេចតេជោ និងឯកឧត្តម តូ ឡឹម ក៏បានឯកភាពគ្នាក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស និងចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកដល់អ្នកជំនាន់ក្រោយ ជាពិសេស គឺយុវជន ដើម្បីឲ្យយុវជននៃបក្សទាំងពីរកាន់តែយល់គ្នាស៊ីជម្រៅបន្ថែមទៀត ហើយធ្វើយ៉ាងណាបញ្ជ្រាបព័ត៌មានឱ្យដល់ប្រជាជនទាំងសងខាងបានស្វែងយល់បន្ថែមអំពីសារសំខាន់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ក្រៅពីនេះ ថ្នាក់ដឹកនាំកម្ពុជា-វៀតណាមបានឯកភាពគ្នាក្នុងការពង្រីកទំហំពាណិជ្ជកម្មឱ្យកើនឡើងដល់គោលដៅចង់បាន គឺ ២០ពាន់លានដុល្លារ ដែលអាចសម្រេចបានក្នុងរយៈពេល ២ ទៅ៣ឆ្នាំទៀត ព្រោះប្រទេសទាំងពីរនៅមានសក្ដានុពលជាច្រើន ដែលត្រូវធ្វើការពង្រីកជាមួយគ្នា ។ ការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីបានហក់ឡើងដល់កម្រិតកំពូលក្នុងឆ្នាំ២០២៥ ជាមួយកំណត់ត្រាថ្មីរហូតដល់ ១១,៣៣ ពាន់លានដុល្លារ។

ក្រោយបញ្ចប់កិច្ចប្រជុំ សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តម តូ ឡឹម បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងគណៈទាក់ទងការបរទេស គណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការបក្ស ក្រសួងការបរទេសវៀតណាម ផងដែរ ៕
អត្ថបទ៖ វណ្ណលុក
រូប៖ សួង ពិសិដ្ឋ

