ជំនួបកំពូលថ្នាក់ដឹកនាំនៃគណបក្សទាំងបី៖ ឯកភាពគ្នាជំរុញនូវទំនាក់ទំនងត្រីភាគីឱ្យកាន់តែរីកចម្រើន និងការរក្សាសុវត្ថិភាពសន្តិសុខសន្តិភាពតាមព្រំដែន

ភ្នំពេញ៖ ជំនួបកំពូលថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គណបក្សកុម្មុយនីស្តវៀតណាម និងគណបក្សប្រជាជនបដិវត្តន៍ឡាវ ដោយថ្នាក់ដឹកនាំនៃគណបក្សទាំងបី បានឯកភាពគ្នាជំរុញនូវទំនាក់ទំនងត្រីភាគី កម្ពុជាជាមួយនឹងវៀតណាម កម្ពុជានឹងឡាវ ឱ្យកាន់តែរីកចម្រើននៅក្នុងក្របខណ្ឌនៃការសហការមិត្តភាពជាប្រពៃណីតាមព្រំដែនឱ្យកាន់តែល្អ សុវត្ថិភាពសន្តិសុខសន្តិភាពតាមព្រំដែន គឺជាកត្តាចម្បងដែលថ្នាក់ដឹកនាំគណបក្សទាំងបីបានលើកឡើង។ កិច្ចប្រជុំកំពូលបានប្រព្រឹត្តទៅនៅវិមាន ៧ មករា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦។

កិច្ចប្រជុំកំពូលនេះ សហប្រធានដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ឯកឧត្តម តូ ឡឺម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម និងឯកឧត្តមបណ្ឌិត ផងលុន ស៊ីសុលីត អគ្គលេខាធិការមជ្ឈិមគណបក្សប្រជាជនបដិវត្តន៍ឡាវ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ជា ធី រិទ្ធ បានមានប្រសាសន៍បន្ទាប់ពីចប់កិច្ចប្រជុំថា នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់គណបក្សទាំងបីជួបប្រជុំគ្នា។ សម្រាប់សម្តេចតេជោដែលជាសហប្រធានដឹកនាំកិច្ចប្រជុំបានសម្តែងនៅការស្វាគមន៍ចំពោះវត្តមាននៃថ្នាក់ដឹកនាំកំពូល ជាពិសេសគឺឯកឧត្តម តូ ឡឺម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម រួមទាំងប្រតិភូ និងឯកឧត្តមបណ្ឌិត ផងលុន ស៊ីសុលីត អគ្គលេខាធិការមជ្ឈិមគណបក្សប្រជាជនបដិវត្តន៍ឡាវ បានអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលត្រីភាគីនៅក្នុងតឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

អ្នកនាំពាក្យបានបន្តថា សម្រាប់សម្តេចតេជោ ការជួបជុំនៃថ្នាក់ដឹកនាំកំពូលនៃគណបក្សទាំងបីនៅពេលនេះ គឺជាឱកាសនៃការពង្រីកកិច្ចប្រតិបត្តិការទាំងនៅក្នុងក្របខណ្ឌត្រីភាគី នៃគណបក្សទាំងបី និងក្របខណ្ឌរដ្ឋាភិបាលនៃប្រទេសទាំងបីបន្ថែមទៀត ដើម្បីឱ្យមត្តិភាពជាប្រពៃណីរវាងអ្នកជិតខាងទាំងបីកាន់តែស៊ីជម្រៅ និងរីកចម្រើនបន្ថែមទៀត។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថា នៅក្នុងកិច្ចជំនួបថ្នាក់ដឹកនាំកំពូលៗទាំងបីមានសម្តេចតេជោ ហ៊ុន សែន , ឯកឧត្តម តូ ឡឺម និងឯកឧត្តមបណ្ឌិត ផងលុន ស៊ីសុលីត សុទ្ធតែបានឯកភាពគ្នាជារួមនៅការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងគណបក្សទាំងបី និងរដ្ឋាភិបាលនៃប្រទេសទាំងបី។ ចំណុចជារួមដែលថ្នាក់ដឹកនាំកំពូលទាំងបីបានរំលេច គឺទាក់ទងទៅនឹងការពង្រីកបន្ថែមទៀតនៅទំនាក់ទំនងការទូតនយោបាយទៅជាមួយគ្នា និងទំនាក់ទំនងក្នុងវិស័យការពារជាតិ សេដ្ឋកិច្ច ពាណិជ្ជកម្ម ដោយជំរុញឱ្យរដ្ឋាភិបាលនៃប្រទេសទាំងបីប្រឹងប្រែងនៅការពង្រីកពាណិជ្ជកម្មបន្ថែមទៀត ជាពិសេសកម្ពុជា និងវៀតណាម កម្ពុជា និងឡាវ ដើម្បីជំរុញដល់ពាណិជ្ជកម្មរវាងប្រទេសទាំងបីឱ្យកាន់តែរីកចម្រើន។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ទៀតថា ថ្នាក់ដឹកនាំនៃគណបក្សទាំងបីបានឯកភាពគ្នាជំរុញនៅទំនាក់ទំនងត្រីភាគី កម្ពុជាជាមួយនឹងវៀតណាម កម្ពុជានឹងឡាវ ឱ្យកាន់តែរីកចម្រើននៅក្នុងក្របខណ្ឌនៃការសហការមិត្តភាពជាប្រពៃណីតាមព្រំដែនឱ្យកាន់តែល្អ សុវត្ថិភាពសន្តិសុខសន្តិភាពតាមព្រំដែន គឺជាកត្តាចម្បងដែលថ្នាក់ដឹកនាំគណបក្សទាំងបីបានលើកឡើង ហើយក៏បានកោតសរសើរចំពោះអ្វីដែរប្រទេសទាំងបីបានធ្វើឡើងជាមួយគ្នាដោយរក្សាបានទំនាក់ទំនងតាមព្រំដែនដ៏ល្អប្រសើរ ហើយបន្តនៅការខិតខំប្រឹងប្រែងទៀតដើម្បីប្រយុទ្ធប្រឆាំងទៅនិងឧក្រិដ្ឋកម្មឆ្លងដែនដើម្បីធានាថាព្រំដែននៃប្រទេសទាំងបីមានសុវត្ថិភាព ហើយបន្តរក្សានៅសន្តិភាពឱ្យកាន់តែល្អប្រសើរនៅតាមព្រំដែន៕
ដោយ៖ពលជ័យ

ads banner