សារព័ត៌មានកូរ៉េខាងជើងផ្សាយថា ទីក្រុងព្យុងយ៉ាងត្រៀមខ្លួនជានិច្ច ដើម្បីប្រឈមមុខនឹងគ្រប់ស្ថានការណ៍ដែលអាចនឹងកើតឡើង
កូរ៉េខាងជើង៖ ក្នុងអំឡុងកិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានប្រាប់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីនថា សន្តិភាពនៅលើឧបទ្វីបកូរ៉េ គឺអាស្រ័យទំាងស្រុងលើអាកប្បកិរិយារបស់សហរដ្ឋអាម៉េរិកនាពេលអនាគត ប៉ុន្តែកូរ៉េខាងជើងបានត្រៀមខ្លួនជានិច្ច ដើម្បីប្រឈមមុខនឹងគ្រប់ស្ថានការណ៍ដែលអាចនឹងកើតឡើង។
បើតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ផ្អែកលើការស្រង់ម្ដីរបស់លោក គីម ជុងអ៊ុន បានចុះផ្សាយនៅថ្ងៃសុក្រនេះថា បច្ចុប្បន្នស្ថានភាពនៅលើតំបន់ឧបទ្វីបកូរ៉េកំពុងជាប់គាំង និងស្ថិតនៅក្នុងកាលៈទេសៈមួយដ៏សំខាន់ ហើយថា សហរដ្ឋអាម៉េរិកមិនមានចេតនាល្អឡើយ នៅក្នុងកិច្ចប្រជុំកំពូលនៅឯប្រទេសវៀតណាម កាលពីចុងខែកុម្ភៈកន្លងទៅ។
ប្រភពដដែលបានឱ្យដឹងទៀតថា លោក គីម ជុងអ៊ុន បានសង្កត់ធ្ងន់ថា វាអាចត្រឡប់ទៅរកស្ថានភាពតានតឹងដូចពេលមុនវិញគ្រប់ពេលវេលា ខណៈសហរដ្ឋអាម៉េរិកមិនមានចេតនាល្អឡើយ នៅក្នុងកិច្ចប្រជុំកំពូលរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាងនាពេលកន្លងទៅនេះ៕ធ.ដ