ការចុះបញ្ជីដីធ្លីនៅខេត្តកោះកុងនឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗខាងមុខ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គណៈកម្មការសុរិយោដី គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកោះកុង និងអាជ្ញាធរខេត្ត រួមជាមួយភាគីពាក់ព័ន្ធ បានប្រជុំបូកសរុបការងារដីធ្លីនៅខេត្តកោះកុង និងជំរុញការអភិវឌ្ឍខេត្ត ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលមហោស្របខេត្ត ។
ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ថា ខេត្តកោះកុងជាខេត្តនៅតំបន់ឆ្នេរដែលមានសក្តានុពលលើវិស័យទេសចរណ៍ និងនេសាទ ដែលជាខឿនសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ខេត្តនេះ។ ដូច្នេះកិច្ចការរៀបចំដែនដីក្នុងភូមិសាស្ត្រខេត្តកោះកុង គឺពិតជាមានសារៈសំខាន់ ដើម្បីដោះស្រាយភាពចម្រូងចម្រាស់ ក្នុងការកាន់កាប់ដីធ្លី និងរៀបចំការប្រើប្រាស់ដីឲ្យបានត្រឹមត្រូវ ដោយប្រែក្លាយដីធ្លីទាំងនេះ ឲ្យមានគុណតម្លៃប្រសើរជាជាងតម្លៃដី ក្នុងគោលដៅជំរុញការអភិវឌ្ឍខេត្តឲ្យរីកចម្រើន លើកស្ទួយជីវភាពប្រជាពលរដ្ឋ និងបម្រើឧត្តមប្រយោជន៍របស់អ្នកខេត្តកោះកុង ។
មកដល់ពេលនេះ ក្រុមការងារចុះបញ្ជីដីធ្លីខេត្តកោះកុងបានបញ្ចប់ការវាស់វែងក្បាលដី ចំនួនជាង ១០ម៉ឺនក្បាលដី ចេញបណ្ណកម្មសិទ្ធិបានចំនួនជិត ៣២ ០០០បណ្ណ ក្នុងនោះបានចែកបណ្ណកម្មសិទ្ធិរួចរាល់ចំនួនជិត ២៩ ០០០បណ្ណ និងឈានទៅបញ្ចប់កិច្ចការនេះ ក្នុងពេលឆាប់ៗខាងមុខ៕








