រុស្ស៊ីបង្ហាញនាវាមុជទឹកថ្មី ដែលបំពាក់ជាមួយដ្រូននុយក្លេអ៊ែរដ៏មានអនុភាពខ្លាំងក្លា

រុស្ស៊ី៖ រុស្ស៊ីបានបង្ហាញនាវាមុជទឹកនុយក្លេអ៊ែរថ្មីចុងក្រោយបំផុតរបស់ខ្លួន មានឈ្មោះថា Belgorod ដែលចាប់ផ្តើមចាកចេញពីរោងចក្រ Sevmash នៅភាគពាយ័ព្យប្រទេស នាសប្តាហ៍នេះ ខណៈដែលប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីនបានសង្កេតមើលតាមរយៈ Teleconference។

នាវាមុជទឹក Belgorod ត្រូវបានបង្កើតឡើងដើម្បីដឹកដ្រូននុយក្លេអ៊ែរ Poseidon ដែលជាអាវុធប្រល័យលោកមួយប្រភេទ ដែលរុស្ស៊ីនិយាយថា នឹងមានសមត្ថភាពបំផ្លាញទីក្រុងធំៗជាច្រើន ដោយបង្កជារលកយក្សស៊ូណាមី។ នាវាមុជទឹកនេះ នឹងសង់រួចជាស្ថាពរនៅពេលដាក់ចុះក្នុងទឹក ហើយបើតាមទីភ្នាក់ងារសារព័ត៌មាន TASS ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរនឹងត្រូវធ្វើតេស្តនៅចុងឆ្នាំនេះ ជាមួយការសាកល្បងក្នុងសមុទ្រនៅឆ្នាំ២០២០ និងដាក់ឱ្យប្រើជាផ្លូវការនៅចុងឆ្នាំនោះតែម្តង។

សូមរំលឹកថា លោក វ៉្លាឌីមៀរ ពូទីន បានលើកឡើងជាលើកដំបូងអំពីដ្រូនបំពាក់អាវុធនុយក្លេអ៊ែរ ក្នុងចំណោមអាវុធថ្មីៗដទៃទៀតនៅក្នុងការថ្លែងសុន្ទរកថាថ្នាក់រដ្ឋកាលពីឆ្នាំមុនថា អាវុធទាំងនោះ នឹងធ្វើឱ្យប្រព័ន្ធការពារមីស៊ីលរបស់អាមេរិកគ្មានប្រយោជន៍។

លោកបន្ថែមថា ដ្រូនទាំងនោះត្រូវបានផលិតឡើងមានរូបរាងប្រហាក់ប្រហែលនឹងគ្រាប់ Torpedo ប៉ុន្តែមានទំហំធំជាងអាវុធសាមញ្ញនេះ ដោយមានប្រវែងរហូតដល់២៤ម៉ែត្រ ដែលហេតុនេះហើយ ទើបវាត្រូវការដឹកតាមនាវាមុជទឹកដែលសង់ឡើងយ៉ាងពិសេសនេះ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner