មូលហេតុ ៣ យ៉ាង លោក អនុទីន ទំនងជាមិនអាចឈ្នះឆ្នោត

ប្រទេសថៃនឹងរៀបចំការបោះឆ្នោតសកលនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ខណៈបេក្ខជនឈរឈ្មោះបោះឆ្នោតជាច្រើន រួមទាំងលោកនាយករដ្ឋមន្ត្រីចាំផ្ទះ អនុទីន ឆាន់វីរៈគុល ផងដែរនោះ សុទ្ធសឹងតែកំពុងឈ្មូសឈ្មុលស្វែងរកសន្លឹកឆ្នោតគាំទ្រ ។

បើតាមលោក Panitan Wattana Yagorn អ្នកជំនាញសន្តិសុខ និងកិច្ចការបរទេសវិភាគថា លោក អនុទីន មានភាគរយតិចតួចស្តួចស្ដើងបំផុតដើម្បីឈ្នះការបោះឆ្នោត ដោយសារតែមានកត្តាមួយចំនួន ។ ហើយនោះគឺពាក់ព័ន្ធនឹងបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជាតែម្ដង ។

លោកថា ប្រជាពលរដ្ឋនៅក្នុងខេត្តទាំង ៧ របស់ប្រទេសថៃដែលមានព្រំប្រទល់ជាប់នឹងកម្ពុជា ប្រហែលជាមិនបោះឆ្នោតឲ្យលោក អនុទីន និងគណបក្សភូមិចៃថៃនោះទេ ដោយសារតែលោក អនុទីន បានធ្វើឲ្យសេដ្ឋកិច្ចខេត្តទាំង ៧ នេះ ដាច់ខ្យល់ដង្ហើម តាមរយៈការបិទព្រំដែន ក្រោយថៃឈ្លានពានមកលើកម្ពុជា ។

បើតាមកាសែត Khaosod, អាជីវកម្មនៅក្នុងខេត្ត Buri Ram, Si Sa Ket, Surin, Trat, Chanthaburi, Sa Kaeo និងខេត្ត Ubon Ratchathani ត្រូវបានបិទទ្វារ ខណៈពលរដ្ឋរាប់ពាន់នាក់ បានបាត់បង់មុខរបររកស៊ី ដោយសារតែការជួញដូរឆ្លងកាត់ព្រំដែននៅតែបិទខ្ទប់ ។

ជាក់ស្ដែង ចាប់តាំងពីផ្ទុះជម្លោះជាមួយកម្ពុជាកាលពីចុងខែឧសភា ឆ្នាំ២០២៥ មក ទំហំពាណិជ្ជកម្មតាមព្រំដែនរវាងថៃ និងកម្ពុជា សម្រេចបានត្រឹមជាង ២,៩០០ លានដុល្លារប៉ុណ្ណោះ ពោលធ្លាក់ចុះជាង ៤៧ ភាគរយ ។ នេះបើតាមកាសែត Bangkok Post ។

បញ្ហាដែលធ្វើលោក អនុទីន បាត់អស់ទំនុកចិត្តពីម្ចាស់ឆ្នោតទៀតនោះគឺជាប់ទាក់ទិននឹងការអសមត្ថភាពដោះស្រាយ និងផ្ដល់ជំនួយដល់ប្រជាជនដែលរងទុក្ខវេទនាពីគ្រោះទឹកជំនន់ ។

ប្រជាពលរដ្ឋក្នុងខេត្តជាង ២០ របស់ប្រទេសថៃដែលរងគ្រោះពីទឹកជំនន់កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ និយាយថា ពួកគេមានការខឹងសម្បារយ៉ាងខ្លាំងទៅលើរដ្ឋបាលរបស់លោក អនុទីន ដោយសារតែការយឺតយ៉ាវក្នុងការជួយសង្គ្រោះ ជាពិសេសពួកគេត្រូវរង់ចាំអំណោយទាំងអស់សង្ឃឹមជារៀងរាល់ថ្ងៃ ។

ជាមួយគ្នានេះ លោក អនុទីន បានត្រឹមតែអង្គុយមើលជនរងគ្រោះលើឡានប៉ុណ្ណោះ ទើបបណ្ដាលមនុស្សស្លាប់ពីគ្រោះទឹកជំនន់មួយនេះមានរហូតដល់ ១៤៥ នាក់ និងទុកសាកសពអ្នកស្លាប់ទាំងនោះ ស្អុយរលួយអណ្ដែតផ្ទៃពេញទឹក ។

បញ្ហាបែកធ្លាយរូបថតជាមួយមេឆបោកតាមអនឡាញក៏នាំឲ្យលោក អនុទីន បាត់ប្រជាប្រិយភាពផងដែរ ។ លោក អនុទីន ដែលតែងតែដើរចោទប្រទេសជិតខាងថាជាសម្បុកឆបោកតាមអនឡាញនោះ បែរជាត្រូវគេមើលឃើញថតរូបជាមួយលោក Ben Smith ដែលជាមេឆបោកតាមអនឡាញដ៏ល្បីល្បាញរបស់អាមេរិកទៅវិញ ។

ជាក់ស្ដែង បើតាមការស្រង់មតិពីសំណាក់វិទ្យាស្ថានជាតិនៃរដ្ឋបាលអភិវឌ្ឍន៍ថៃ ហៅកាត់ NIDA, លោក អនុទីន បានបង់ចាញ់គូបដិបក្ខមកពីគណបក្សប្រជាជនថៃគឺលោក Natthaphong Ruengpanyawut ក្នុងសំឡេងគាំទ្រ ២៩ ទល់នឹង ២២ ភាគរយ ៕

ប្រភព ៖ The Nation – Bangkok Post – Khaosod ប្រែសម្រួល ៖ សុខ ជីវ័ន្ត

ads banner