អ៊ីរ៉ង់ព្រមានកម្ទេចមូលដ្ឋានទ័ពអាមេរិក នៅមជ្ឈិមបូព៌ា
តេហេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានព្រមានថា ប្រទេសរបស់ខ្លួន នឹងកម្ទេចមូលដ្ឋានទ័ពអាមេរិក នៅតំបន់មជ្ឈិមបូព៌ា ប្រសិនបើអាមេរិក ហ៊ានវាយប្រហារ មកលើប្រទេសរបស់ខ្លួន។
ថ្លែងទៅកាន់សារព័ត៌មាន Al Jazeera កាលពីថ្ងៃសៅរ៍, លោក Araghchi បានស្វាគមន៍ការបន្តកិច្ចចរចា ដោយចាត់ទុកថា ជាចំណុចចាប់ផ្តើមដ៏ល្អ ប៉ុន្តែ បានកត់សម្គាល់ពីការមិនទុកចិត្ត បន្ទាប់ពីធ្លាប់មានការវាយប្រហារ របស់អាមេរិក កាលពីឆ្នាំមុន។ លោកបានព្រមានថា ក្រុងតេហេរ៉ង់នឹងឆ្លើយតបយ៉ាងសាកសម ចំពោះការវាយប្រហារ នាពេលអនាគត។
លោកបញ្ជាក់ថា «ប្រសិនបើ ទីក្រុងវ៉ាស៊ីនតោន វាយប្រហារពួកយើង នោះ យើងគ្មានលទ្ធភាពវាយប្រហារដីអាមេរិក នោះទេ ប៉ុន្តែ យើងនឹងវាយប្រហារមូលដ្ឋាន របស់ពួកគេ នៅក្នុងតំបន់»។
លោក Araghchi បានបញ្ជាក់ជាថ្មីថា អ៊ីរ៉ង់បានត្រៀមលក្ខណៈ សម្រាប់លទ្ធភាព ធ្វើសង្រ្គាម ជាមួយសហរដ្ឋអាមេរិក ប៉ុន្តែ បាននិយាយថា បញ្ហានុយក្លេអ៊ែរ អាចដោះស្រាយបាន តែតាមរយៈការសន្ទនាប៉ុណ្ណោះ ដែលគួរតែគ្មានការគំរាមកំហែង ឬ សម្ពាធ។ លោកបានទទូចថា ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ជាសិទ្ធិរបស់អ៊ីរ៉ង់ ហើយត្រូវតែបន្ត ដោយបន្ថែមថា អ៊ីរ៉ង់នឹងរក្សាសារធាតុអ៊ុយរ៉ាញ៉ូម ដែលចម្រាញ់ក្នុងស្រុក និងកំណត់កម្រិត ដោយផ្អែកលើតម្រូវការរបស់ប្រទេស។
បើតាម RT, លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានសាទរកិច្ចពិភាក្សា នៅប្រទេសអូម៉ង់ថា ល្អណាស់ ប៉ុន្តែ បានបន្តការគំរាមកំហែង ដោយបានព្រមាន កាលពីថ្ងៃសុក្រថា ការបរាជ័យ ក្នុងការឈានដល់កិច្ចព្រមព្រៀង នឹងនាំមកនូវ “ផលវិបាក” យ៉ាងខ្លាំង សម្រាប់អ៊ីរ៉ង់។
មុនពេលឈានដល់ការចរចា នៅពេលនេះ មានភាពតានតឹងខ្លាំង រវាងប្រទេសទាំងពីរ ពោលគឺចាប់តាំងពី នាវាខ្នាតយក្ស USS Abraham Lincoln អមដោយនាវាពិឃាតចំនួន ៣ គ្រឿង ប្រដាប់ដោយមីស៊ីល Tomahawk របស់អាមេរិក បានទៅដល់តំបន់មជ្ឈិមបូព៌ា កាលពីចុងខែមុន៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត