លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីបើកដំណើរការគម្រោងវះកាត់បេះដូង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកដំណើរការគម្រោងវះកាត់បេះដូងកុមារ នៅមន្ទីរពេទ្យកុមារជាតិ ដែលគម្រោងនេះ គឺជាកិច្ចសហប្រតិបត្តិការរវាងមន្ទីរពេទ្យកុមារជាតិ និងសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA) ក្នុងគោលបំណងជួយព្យាបាលដល់កុមារទាំងឡាយដែលមានជំងឺបេះដូងពីកំណើត តាមរយៈព្យាបាលវះកាត់ដោយមិនគិតថ្លៃ ដើម្បីផ្តល់មកវិញនូវសុខុមាលភាព និងជិវិតដ៏ត្រចះត្រចង់។ គម្រោងនេះ ក៏ជួយបណ្តុះបណ្តាលបន្ថែមតាមរយៈការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមករវាងវេជ្ជបណ្ឌិតកម្ពុជា និងវេជ្ជបណ្ឌិតអាមេរិក ការជួយទ្រទ្រង់ផ្នែកឧបករណ៍បច្ចេកទេសវះកាត់ និងការជួយគាំទ្រផ្នែកស្មារតីគ្នាជាដើម។

ថ្លែងក្នុងឱកាសនេះដែរ លោកជំទាវបណ្ឌិត បានមានប្រសាសន៍អបអរសាទរប្រកបដោយមោទកភាពចំពោះគម្រោងថ្មីដែលមន្ទីរពេទ្យទទួលបាន និងសូមលើកទឹកចិត្តដល់វេជ្ជបណ្ឌិត គិលានុបដ្ឋាក និងបុគ្គលិកទាំងអស់ឱ្យខិតខំព្យាយាមពង្រឹងសមត្ថភាព ក្រមសីលធម៌វិជ្ជាជីវៈក្នុងការបម្រើកិច្ចការជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជា។ លោកជំទាវបណ្ឌិត ថែមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្រាប់ការលះបង់កម្លាំងកាយចិត្តរបស់វេជ្ជបណ្ឌិត គិលានុបដ្ឋាក និងបុគ្គលិកមន្ទីរពេទ្យទាំងអស់ដែលបានផ្តល់នូវអនាគត និងសុខុមាលភាពដល់កុមារកម្ពុជាគ្រប់ៗរូប ដែលជាទំពាំងស្នងឬស្សីរបស់ជាតិ។ លោកជំទាវបណ្ឌិត សូមជូនពរឱ្យគម្រោងវះកាត់បេះដូងនេះ ដំណើរការដោយរលូន និងទទួលបានជោគជ័យជាលំដាប់។

ផ្អែកតាមសេចក្តីរាយការណ៍របស់ឯកឧត្តម ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានឱ្យដឹងថា មន្ទីរពេទ្យកុមារជាតិត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៧៤ និងបើកដំណើរការឡើងវិញក្រោយរបបខ្មែរក្រហមនៅឆ្នាំ១៩៨០ និងបន្តរីកលូតលាស់ អភិវឌ្ឍជាលំដាប់រហូតដល់ក្លាយជាមន្ទីរពេទ្យស្តង់ដារដូចសព្វថ្ងៃនេះ ក្រោមការដឹកនាំ ជ្រោមជ្រោមដ៏ឈ្លាសវៃបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយរដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ សព្វថ្ងៃនេះ មន្ទីរពេទ្យមាន ២១ផ្នែក មានគ្រែចំនួន ៤០០គ្រែ ដោយទទួលពិគ្រោះជំងឺក្រៅបានចំនួន ២៤៤ ៧៥២ករណី និងសម្រាកព្យាបាលចំនួន ៣៥ ៣៨៧ករណី (សម្រាប់ឆ្នាំ២០២៥) ។

ស្ថិតក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា វិស័យសុខាភិបាលជាតិកំពុងត្រូវបានពង្រឹង និងអភិវឌ្ឍបន្ថែមជាលំដាប់ ហើយមន្ទីរពេទ្យកុមារជាតិនេះដែរ ក៏ត្រូវបានលើកកម្ពស់គុណភាពសេវារបស់ខ្លួនជាបន្តបន្ទាប់ដើម្បីធានាថា មនុស្សគ្រប់រូប គ្រប់វ័យ នឹងទទួលបានការពិនិត្យ ព្យាបាលប្រកបទៅដោយគុណភាព ស្តង់ដារ និងការយកចិត្តទុកដាក់ខ្ពស់៕

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner