សម្តេចធិបតី៖ កម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកកម្ពុជា បានបញ្ជាក់ថា គោលការណ៍របស់រាជរដ្ឋាភិបាល គឺ ទី១. ទឹកដី និងប្រជាជន នៅតែជាអាទិភាពរបស់រាជរដ្ឋាភិបាល ទាំងពេលកន្លងមក បច្ចុប្បន្ន និងទៅអនាគត និងទី២. ជំហរពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ គឺជាព្រំដែនអន្តរជាតិ រវាងរដ្ឋ និងរដ្ឋ និងត្រូវបានការពារដោយច្បាប់អន្តរជាតិ ហើយកម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង។ ការបញ្ជាក់នេះ ក្នុងពិធីសំណេះសំណាលជាមួយសិស្សជាប់និទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និង ការប្រឡងសញ្ញាបត្របច្ចេកទេស និង វិជ្ជាជីវៈ កម្រិត៣ នៅព្រឹកថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០២៦។
សម្តេចធិបតីបានបន្តថា គោលការណ៍របស់រាជរដ្ឋាភិបាល គឺ ទី១. ទឹកដី និងប្រជាជន នៅតែជាអាទិភាពរបស់រាជរដ្ឋាភិបាល ទាំងពេលកន្លងមក បច្ចុប្បន្ន និងទៅអនាគត និង ទី២. ជំហរពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ គឺជាព្រំដែនអន្តរជាតិ រវាងរដ្ឋ និងរដ្ឋ និងត្រូវបានការពារដោយច្បាប់អន្តរជាតិ ជាពិសេសធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។ ហេតុដូចនេះ, កម្ពុជាប្រកាន់ជំហរដាច់ខាត ក្នុងការការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ទាំងបច្ចុប្បន្ន ទាំងទៅអនាគត ដោយប្រើប្រាស់គ្រប់មធ្យោបាយដែលកម្ពុជាមាន ស្របតាមច្បាប់អន្តរជាតិ ហើយកម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬ តាមរយៈការប្រើប្រាស់កម្លាំង។ បន្ថែមពីនេះ, កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ព្រមទាំងកិច្ចព្រមព្រៀងដែលមានស្រាប់ដែលកម្ពុជា និងថៃ បានចុះហត្ថលេខាជាមួយគ្នា ជាពិសេសការចុះវាស់វែងតាមយន្ដការគណៈកម្មការចម្រុះ ខណ្ឌសីមាព្រំដែនគោក (JBC) ដើម្បីកំណត់ភាពត្រឹមត្រូវ និងយុត្តិធម៌របស់ប្រទេសទាំងពីរក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរៀងៗខ្លួន។
ជាមួយគ្នានេះ, សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការពង្រឹងគុណភាពវិស័យអប់រំកម្ពុជា គឺជាគោលដៅឤទិភាពរបស់រាជរដ្ឋាភិបាល ដែលបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ សម្រាប់អនុវត្តនៅគ្រប់ដំណាក់កាល, គឺការអប់រំឱ្យមានចំណេះដឹងទូលាយ ជំនាញពិតប្រាកដ ព្រមទាំង សីលធម៌ គុណភាព និង មនសិការស្នេហាជាតិ, ជាពិសេស ការបណ្តុះបណ្តាលជំនាញបច្ចេកទេស វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា, ការតម្រង់ទិសសម្រាប់ទីផ្សារការងារ និងការពង្រឹងជំនាញបច្ចេកទេសដល់យុវជន សំដៅធានាថា «យុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត» ដើម្បីលើកស្ទួយជីវភាពគ្រួសារឱ្យកាន់តែល្អប្រសើរ និងរួមចំណែកក្នុងកាអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ។ ជាមួយនេះ, ការងារអភិវឌ្ឍធនធានមនុស្សកម្ពុជា ពិតជាមានមោទនភាពខ្ពស់ នៅពេលដែលវិស័យអប់រំរបស់ខ្លួន ទទួលបាននូវការរីកចម្រើន ទាំងបរិមាណ និង គុណភាព ព្រោះអនាគតរបស់ប្រទេសជាតិ គឺភ្ជាប់ជាមួយអនាគតរបស់យុវជន។
ដើម្បីចូលរួមជំរុញការអនុវត្តគោលការណ៍ «អ្នកចេះគឺជាប់» និង ការបង្កើនបរិមាណសិស្សជាប់និទ្ទេស A, សូមផ្តល់អនុសាសន៍មួយចំនួនដល់ថ្នាក់ដឹកនាំ និង មន្ត្រីគ្រប់លំដាប់ថ្នាក់ នៃក្រសួងអប់រំ យុវជន និង កីឡា ដើម្បីចូលរួមអនុវត្តបន្ត រួមមាន៖ ទី១. ត្រូវបង្កើនលទ្ធភាព តាមគ្រប់រូបភាព ដើម្បីបណ្តុះបណ្តាលសិស្សពូកែ រាប់ចាប់តាំងពីកម្រិតមត្តេយ្យសិក្សា រហូតដល់មធ្យមសិក្សាទុតិយភូមិ និងរៀបចំឱ្យមានការគាំទ្រចំពោះមុខដល់សិស្សរៀនពូកែដែលកំពុងជួបបញ្ហា ទាំងក្នុងការរស់នៅ និង ការរៀនសូត្រ, ទី២. ត្រូវផ្តល់នូវការតម្រង់ទិសសិក្សា ដើម្បីឱ្យសិស្សពូកែរបស់យើង ឈានចូលនិងបន្តការសិក្សានៅកម្រិតបន្តបន្ទាប់ នៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សា ឈានមុខនៅលើសកលលោក ដែលនឹងក្លាយជាធនធានដ៏សំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ ជាពិសេស មុខជំនាញវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា, ទី៣.ត្រូវរៀបចំចងក្រងនូវបទពិសោធរបស់ក្មួយៗដែលជាសិស្សពូកែ អំពីវិធីសាស្រ្តក្នុងការរៀនសូត្រឱ្យក្លាយជាសិស្សពូកែ ដើម្បីចែករំលែកដល់ក្មួយៗ សិស្សានុសិស្សដទៃទៀត, ទី៤. ត្រូវបន្តផ្តល់អាហារូបករណ៍ដល់សិស្សពូកែ សិស្សជួបការលំបាក ជាពិសេស សិស្សនារី និង សិស្សក្នុងគ្រួសារក្រីក្រ និង ធានាប្រសិទ្ធភាព និង ទី៥. ត្រូវបន្តអនុវត្តឱ្យកាន់តែសកម្មនូវគោលនយោបាយអភិវឌ្ឍវិស័យអប់រំ ដើម្បីធានាថា ការអប់រំមានគុណភាព ប្រកបដោយបរិយាប័ន្ន និង លើកកម្ពស់ឱកាស ក្នុងការសិក្សាពេញមួយជីវិត សម្រាប់ទាំងអស់គ្នា៕
ដោយ៖ពលជ័យ





