កម្ពុជាតវ៉ាជំទាស់នឹងសកម្មភាពខុសច្បាប់របស់កងកម្លាំងប្រដាប់អាវុធថៃ
នៅក្នុងសេចក្តីថ្លែងការណ៍ថ្មីមួយ ចុះថ្ងៃទី១១កុម្ភៈ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃប្រទេសកម្ពុជា បានធ្វើការតវ៉ាយ៉ាងខ្លាំងប្រឆាំងនឹងសកម្មភាពខុសច្បាប់ជាបន្តបន្ទាប់របស់កងកម្លាំងប្រដាប់អាវុធថៃ នៅតំបន់មួយចំនួន ក្នុងខេត្តបន្ទាយមានជ័យ ដែលថៃបានកាន់កាប់។
ការតវ៉ានេះធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ពីអាជ្ញាធរមូលដ្ឋានថា ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងអគាររដ្ឋបាលរបស់កម្ពុជាបន្ថែមទៀត ត្រូវបានយោធាថៃវាយកម្ទេចបំផ្លិចបំផ្លាញនៅតំបន់បឹងត្រកួន ស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ ៣៣ និង ៣៦ ក្នុងស្រុកថ្មពួក។ រីឯនៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដែលស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ៤៦ និង៤៧ មានការជីកប្រឡាយ និងសាងសង់ផ្លូវមួយខ្សែ ព្រមទាំង ការចាក់ដីលុបស្រះទឹក។
ក្រសួងការបរទេសកម្ពុជាចាត់ទុកថា សកម្មភាពទាំងនេះ ដែលបានកែប្រែភូមិសាស្ត្រនៃតំបន់នោះ គឺជាការប៉ុនប៉ងយ៉ាងជាក់ច្បាស់ក្នុងការបង្កើតភាពស្របច្បាប់ចំពោះការកាន់កាប់ដោយខុសច្បាប់នៃទឹកដីកម្ពុជា។ ទង្វើទាំងនេះបំពានលើធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងចំណុចទី១ នៃសេចក្តីប្រកាសរួម នៃ កិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ស្តីពី វិធានការបន្ធូរបន្ថយភាពតានតឹង ក៏ដូចជាកំណត់ហេតុនៃកិច្ចប្រជុំពិសេសរបស់គណៈកម្មការព្រំដែន ចម្រុះកម្ពុជា-ថៃ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។
រាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន និងឥតងាករេចំពោះ ការដោះស្រាយជម្លោះព្រំដែនទាំងអស់ដោយសន្តិវិធី និងមិត្តភាពជាមួយប្រទេសថៃ ក៏ដូចជាជាមួយ ប្រទេសជិតខាងទាំងអស់របស់ខ្លួន ស្របតាមច្បាប់អន្តរជាតិ ទន្ទឹមនេះ ប្រកាន់ភ្ជាប់នូវគោលជំហរជាគោលការណ៍ថា ព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយកម្លាំងឡើយ៕