លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញពិនិត្យវឌ្ឍនភាពគម្រោងវះកាត់បេះដូងកុមារ នៅមន្ទីរពេទ្យកុមារជាតិ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញមកមន្ទីរពេទ្យកុមារជាតិដើម្បីពិនិត្យវឌ្ឍនភាពគម្រោងវះកាត់បេះដូងកុមារ ដែលជាកិច្ចសហប្រតិបត្តិការរវាងមន្ទីរពេទ្យកុមារជាតិ និងសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA) ។ គម្រោងដ៏វិសេសវិសាលនេះ ត្រូវបានបង្កើតឡើង និងអនុវត្តក្នុងគោលបំណងជួយព្យាបាលដល់កុមារទាំងឡាយដែលមានជំងឺបេះដូងពីកំណើត រួមទាំងជំងឺបេះដូងផ្សេងៗ តាមរយៈព្យាបាលវះកាត់ដោយមិនគិតថ្លៃ ដើម្បីផ្តល់មកវិញនូវសុខុមាលភាព និងជិវិតដ៏ត្រចះត្រចង់ ដល់កុមារកម្ពុជា។ គម្រោងនេះ ក៏ជួយបណ្តុះបណ្តាលបន្ថែមតាមរយៈការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមករវាងវេជ្ជបណ្ឌិតកម្ពុជា និងវេជ្ជបណ្ឌិតអាមេរិក ការជួយទ្រទ្រង់ផ្នែកឧបករណ៍បច្ចេកទេសវះកាត់ និងការជួយគាំទ្រផ្នែកស្មារតីគ្នាជាដើម។

ឆ្លៀតក្នុងវេលានេះ លោកជំទាវបណ្ឌិត បានអញ្ជើញសួរសុខទុក្ខកុមារដែលកំពុងសម្រាកព្យាបាលជំងឺ ដោយ លោកជំទាវបណ្ឌិត បានភ្ជាប់មកជាមួយប្រសាសន៍សួរសុខទុក្ខ និងជូនពរដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផងដែរ។ លោកជំទាវបណ្ឌិត ថែមទាំងបានជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ គិលានុបដ្ឋាក បុគ្គលិកមន្ទីរពេទ្យ រួមទាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA) ដែលកំពុងបម្រើការក្នុងគម្រោងនេះ។

ជាក្តីថ្លែងអំណរគុណ លោកជំទាវបណ្ឌិត សូមអរគុណចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយគុណភាព និងក្តីស្រឡាញ់ដល់កុមារកម្ពុជា និងសូមជូនពរឱ្យ គម្រោងវះកាត់បេះដូងកុមារ ដំណើរការដោយរលូន និងជោគជ័យ៕

រាជធានីភ្នំពេញ ព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner