នាយករដ្ឋមន្ត្រីថៃ ប្តេជ្ញាចិត្តជំរុញគម្រោងកសាងផ្លូវដែកល្បឿនលឿនជាមួយចិន

នាយករដ្ឋមន្ត្រីថៃបានថ្លែងថា ប្រទេសរបស់លោកបានប្តេជ្ញាចិត្តចំពោះដំណើរការនៃគម្រោងកសាងផ្លូវដែកល្បឿនលឿនរវាងប្រទេសថៃ និងប្រទេសចិន ហើយលោកក៏ចង់ឲ្យគម្រោងនេះ បញ្ចប់ទៅឲ្យបានលឿនបំផុត តាមដែលអាចទៅរួចផងដែរ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានហ្ស៊ីនហួរ នាថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០១៩។

ការថ្លែងរបស់លោក ប្រាយុទ្ធ ចាន់អូចា ខាងលើនេះ ត្រូវបានធ្វើឡើងនៅចំពោះមុខអ្នកសារព័ត៌មាននានា កាលពីថ្ងៃព្រហស្បតិ៍តម្សិលមិញ មុននឹងលោកត្រូវឡើងយន្តហោះធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងប្រទេសចិន ដើម្បីចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី២ ជាមួយមេដឹកនាំប្រទេសចំនួន៣៧ រួមទាំងភ្ញៀវកិត្តិយសមកពីបណ្តាប្រទេសចំនួន១៥០ និងអង្គការអន្តរជាតិ៩០ សរុបប្រមាណ៥០០០នាក់។

លោក ប្រាយុទ្ធ បានលើកឡើងពីសុភាសិតចិនមួយថា សាមគ្គីភាពនាំឲ្យអ្វីៗទាំងអស់សម្រេចជោគជ័យ។ លោកសង្ឃឹមថា គម្រោងនេះគឺក្លាយជាដំណើរដ៏ល្អប្រសើរ ដើម្បីជាឱកាសធ្វើការសិក្សាបន្ថែមទៀតអំពីផ្លូវដែកល្បឿនលឿន និងបច្ចេកវិទ្យាដែលពាក់ព័ន្ធ។ ជាមួយគ្នានេះដែរ លោក ប្រាយុទ្ធ បានបង្ហើបឲ្យដឹងថា វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី២ ក៏នឹងក្លាយជាពេលវេលានៃការចុះអនុស្សរណនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសថៃ ឡាវ និងចិន ទៅលើការអភិវឌ្ឍផ្លូវដែករួមគ្នារវាងតំបន់Nongkhai ប្រទេសថៃ និងទីក្រុងវៀងចន្ទន៍នៃប្រទេសឡាវផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner