លោក ត្រាំ ថា សមាជិកក្រុមប្រឹក្សាសន្តិភាពប្តេជ្ញាជួយតំបន់ហ្គាហ្សា ៥ ពាន់លានដុល្លារ
វ៉ាស៊ីនតោន ៖ សមាជិកក្រុមប្រឹក្សាសន្តិភាពសន្យាផ្តល់ជំនួយ ៥ ពាន់លានដុល្លារ ដើម្បីកសាងតំបន់ហ្គាហ្សាឡើងវិញ នៅពេលសង្គ្រាមដ៏រ៉ាំរ៉ៃនេះត្រូវបានបិទបញ្ចប់ ។ នេះជាការបញ្ជាក់របស់លោកប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃអាទិត្យ ។
ការបញ្ជាក់របស់លោក ត្រាំ ធ្វើឡើងនៅមុនកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពដែលនឹងប្រព្រឹត្តទៅជាលើកដំបូងនៅថ្ងៃទី១៩ ខែកុម្ភៈលើទឹកដីនៃសហរដ្ឋអាមេរិក ។
លោក ត្រាំ និយាយថា ក្រុមប្រឹក្សាសន្តិភាពមិនត្រឹមតែសន្យាទម្លាក់ថវិការាប់ពាន់លានដុល្លារជួយស្តារតំបន់ហ្គាហ្សានោះទេ ប៉ុន្តែថែមទាំងប្តេជ្ញាចិត្តដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាពរាប់ពាន់នាក់ផងដែរ ដើម្បីជួយជ្រោមជ្រែងដល់កងកម្លាំងរក្សាស្ថិរភាពអន្តរជាតិ និងមន្រ្តីប៉ូលិសក្នុងតំបន់ ក្នុងគោលបំណងពង្រឹងការរក្សាសន្តិសុខ និងសន្តិភាពជូនដល់ប្រជាជនហ្គាហ្សា ។
ប្រធានាធិបតីវ័យ ៨០ ឆ្នាំរូបនេះសង្កត់ធ្ងន់ថា ក្រុមប្រឹក្សាសន្តិភាពនឹងចាប់ដៃធ្វើការរួមគ្នាជាមួយអង្គការសហប្រជាជាតិ ជាពិសេសក្រុមប្រឹក្សានេះ នឹងបង្ហាញឲ្យពិភពលោកឃើញថា វាជាស្ថាប័នអន្តរជាតិដ៏សំខាន់បំផុតក្នុងប្រវត្តិសាស្ត្រ ។
ក្រុមប្រឹក្សាសន្តិភាពដែលផ្តួចផ្តើមឡើងដោយសហរដ្ឋអាមេរិក បានចុះហត្ថលេខាផ្តើមដំណើរការដំបូងកាលពីថ្ងៃទី២២ ខែមករា ក្នុងអំឡុងវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងប្រទេសស្វីស ។ ក្រុមប្រឹក្សាសន្តិភាព គឺជាអង្គការអន្តរជាតិដែលបង្កើតឡើងក្នុងគោលបំណងបញ្ចប់សង្គ្រាម ឬជម្លោះ, រក្សាស្ថិរភាព និងសុខសន្តិភាពយូរអង្វែងនៅលើពិភពលោក ។
មកទល់ពេលនេះ សហរដ្ឋអាមេរិកបានអញ្ជើញប្រទេសប្រមាណ ៦០ ឲ្យចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព ក្នុងនោះរួមមានទាំងមហាអំណាចពិភពលោក មានដូចជា ចិន រុស្ស៊ី បារាំង អាល្លឺម៉ង់ និងឥណ្ឌាជាដើម ។ ដំបូងឡើយ ក្រុមប្រឹក្សាមួយនេះមានប្រទេសប្រមាណ ២០ ប៉ុណ្ណោះដែលបានអញ្ជើញចូលរួម ប៉ុន្តែក្រោយមក មានប្រទេសមួយចំនួនទៀតក៏បានប្រកាសចូលរួមជាមួយស្ថាប័នមួយនេះផងដែរ ៕
ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា
